ក្រសួងសុខាភិបាលណែនាំឱ្យប្រុងប្រយ័ត្នពីការបរិភោគផ្សិត ក្រោយមានពលរដ្ឋចំនួន១៧នាក់បានពុលផ្សិតនៅខេត្តរតនគិរី កាលពីថ្ងៃទី២១ ខែកក្កដានេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តរតនគិរីចំនួន១៧នាក់បានពុលផ្សិត ក្នុងនោះមានស្រី៤នាក់ កំពុងទទួលការព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ បន្ទាប់ពីមានរោគសញ្ញារាក ចុកពោះ ក្អួត នៅភូមិឡុំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្រសួងសុខាភិបាលបន្ថែមថា ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល១០០ប្រភេទដែលភាគច្រើនបណ្ដាលឱ្យពុលនៅពេលបរិភោគ។
ដើម្បីចៀសវាងពីការពុលផ្សិត ឬបង្កគ្រោះថ្នាក់ផ្សេងៗ ក្រសួងសុខាភិបាលបានណែនាំឱ្យសួរចាស់ៗ ឬអ្នកដែលស្គាល់ច្បាស់ថាផ្សិតនោះមិនធ្លាប់ពុលពីមុនមក។ ចំពោះផ្សិតដែលពុលនោះត្រូវប្រាកដថាចំអិនបានត្រឹមត្រូវ នឹងឆ្អិនល្អមុននឹងបរិភោគ ហើយប្រកាន់ខ្ជាប់នូវអនាម័យ លាងដៃនឹងសាប៊ូមុននឹងចាប់កាន់អាហារ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «រោគសញ្ញានៃការពុលផ្សិតអាចកើតឡើងក្រោយពេលបរិភោគរយៈពេល ២ម៉ោង ទៅ៦ម៉ោង ឬច្រើនថ្ងៃ ដែលមានដូចជាចុកពោះ រាក បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ ឬពិបាកដកដង្ហើម ឡេះឡះ រហូតដល់អាចស្លាប់ក្នុងរយៈពេលណាមួយ ទៅតាមប្រភេទផ្សិតពុលដែលមានកម្រិតជាតិពុលខុសៗគ្នា។ ជាតិពុលខ្លះប៉ះពាល់ដល់ប្រព័ន្ធប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្ដាហ៍បន្ទាប់ពីបរិភោគ»។
ក្រសួងបានណែនាំដល់អ្នកពុលត្រូវប្រញាប់ស្វែងរកការជួយសង្រ្គោះបន្ទាន់ដែលនៅជិតផ្ទះបំផុត ហើយស្ថានភាពអ្នកពុលត្រូវនៅក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យជាចាំបាច់៕