ក្រោយបញ្ចប់ការសិក្សា មធ្យមសិក្សាទុតិយភូមិ យុវជនតែងស្វែងរកសាកលវិទ្យាល័យ និងមុខជំនាញនៅថ្នាក់ឧត្តមសិក្សាសម្រាប់អាជីពនាពេលអនាគត។ ហើយការជ្រើសរើសជំនាញទាមទារឲ្យមានចំណេះដឹងមូលដ្ឋាន ក្នុងការជ្រើសរើសជំនាញសម្រាប់ការសម្រេចចិត្តច្បាស់លាស់។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាង កញ្ញា លីម ហ៊ូង អគ្គនាយិកាក្រុមហ៊ុនហ្វឺស សឹលូសិន ខេមបូឌា ជាមួយកញ្ញា ហេង ស៊ីម៉ី សិក្ខាកាមញូវសន៍រូមខេមបូឌា៖
Q: ជម្រាបសួរ កញ្ញា លីម ហ៊ូង!
A: ចាសជម្រាបសួរ!
Q: តើកញ្ញាយល់ឃើញថាការសិក្សាថ្នាក់ឧត្តមសិក្សាមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ?
A: ទីមួយខ្ញុំសុំឆ្លើយឲ្យខ្លីថា ការសិក្សាមានសារៈសំខាន់ មិនគិតថាជាថ្នាក់មធ្យមសិក្សាឧត្តមសិក្សា ឬលើឧត្តមនោះទេ។ ទី២ ការសិក្សាឧត្តមសិក្សាក៏មានសារៈសំខាន់ដែរដោយសារតែបន្ទាប់ពីថ្នាក់មធ្យមសិក្សាដែលជាការសិក្សាចំណេះដឹងទូទៅ នេះគ្រាន់តែជាគ្រឹះមួយដែលអាចឱ្យយើងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ប្រសិនបើយើងមានសញ្ជាតិខ្មែរមិនមានសញ្ញាបត្រ ថ្នាក់ទុតិយភូមិយើងមិនអាចនបន្តការសិក្សាទៅលើជំនាញមួយចំនួនមិនបាននោះទេ។
ឧទាហរណ៍ ជំនាញមួយចំនួនដូចជា ជំនាញនីតិសាស្រ្តប្រសិនយើងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជាដោយពុំមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សាកលវិទ្យាល័យមិនអនុញ្ញាតឲ្យបន្តការសិក្សាលើជំនាញនេះនោះទេ។ ថ្នាក់វិទ្យាសាស្រ្ត ក៏ដូចគ្នាដែរ។ប៉ុន្តែប្រសិនបើគាត់បញ្ចប់មធ្យមសិក្សានៅក្រៅប្រទេស ជំនាញមួយចំនួននឹងអនុញ្ញាតឲ្យគាត់បន្តការសិក្សាលើជំនាញមួយចំនួនបានដោយសារគាត់បញ្ចប់ការសិក្សាពី សាលាលំដាប់អន្តរជាតិ។ ឧត្តមសិក្សាមានសារៈសំខាន់ក្រៅពីមធ្យមសិក្សា ព្រោះការសិក្សាពីឧត្តមសិក្សាសិក្សាពីជំនាញ ដោយសារជំនាញចាប់ពីឧត្តមសិក្សាទៅដូចតម្រង់ទិសជីវិត និងជំនាញគាត់ចាប់ពីឥឡូវទៅ ព្រោះការសិក្សាថា្នក់ឧត្តមសិក្សានេះជាលើកទីមួយនៅក្នុងជីវិតដែលសម្រេចចិត្តក្នុងការជ្រើសរើសជំនាញរបស់គាត់។
ការសិក្សាពីទី១ ដល់១២ដែលយើងហៅថាមធ្យមសិក្សា គាត់មិនធ្លាប់បានសម្រេចចិត្តខ្លួនឯងទេ លើការសម្រេចចិត្តថា គាត់រៀនអ្វី ឬធ្វើអ្វី។ គាត់បានត្រឹមតែធ្វើការអង្កេតថាតើ ការប្រកបមុខរបរមួយគេរៀនអ្វី ឬធ្វើអ្វី ដូច្នេះគាត់បានត្រឹមតាមដានរហូតមក។
ដូច្នេះលើកទីមួយក្នុងជីវិតរបស់គាត់គឺការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាក្នុងថ្នាក់ឧត្តមសិក្សា។ ដូច្នេះហើយ សិក្សាថ្នាក់ឧត្តមសិក្សានេះទាមទារឲ្យគាត់ជ្រើសរើសជំនាញឲ្យត្រូវ និងដុងពីកំណើតទើបអនាគតរបស់គាត់ធ្វើការទៅតាមជំនាញ។
Q: តើយុវជនគួរតែរើសមុខជំនាញដែលខ្លួនស្រលាញ់ ឬស្របនឹងទីផ្សារដែលកំពុងមានតម្រូវការ?
A: ចំពោះខ្ញុំផ្ទាល់ការសិក្សាលើជំនាញដែលខ្លួនឯងស្រលាញ់ និងតម្រូវការទីផ្សារសំខាន់ដូចគ្នា ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកកាន់ជំនាញផ្នែកធនធានមនុស្សម្នាក់ បុគ្គលម្នាក់ៗមានទេពកោសល្យ គាត់មាននូវថ្វីប្រសព្វរៀងៗខ្លួន។ ដូច្នេះពីកំណើតមកពូកែខាងអ្វីយើងគួរបណ្តុះទៅតាមទេពកោសល្យគាត់ពីកំណើត អ៊ីចឹងជំនាញគឺជ្រើសរើសតាមគាត់ខ្លួនឯង ជាជាងបត់បែនភ្លាមៗទៅតាមសង្គមភ្លាមៗ។ ខ្ញុំយល់ថាការបត់បែនតាមសង្គមហ្នឹង គឺអាចបត់បែននៅឆ្នាំបន្ទាប់មកទៀត ព្រោះអាជីពអាចបត់បែនបាននៅពេលក្រោយ ប៉ុន្តែចំណេះ និងជំនាញពីកំណើតមិនអាចបត់បែនបានទេ។
ហេតុអ្វីបានខ្ញុំនៅតែគាំទ្រឲ្យគាត់ជ្រើសរើសជំនាញដែលខ្លួនឯងចង់រៀន និងចង់ធ្វើពីធម្មជាតិ និងពីសមត្ថភាពមកពេលដែលគាត់រៀនតាមអ្វីដែលគាត់ចង់គាត់ចេះ ពេលដែលគាត់រៀនអ្វីដែលគាត់ចង់គាត់មិនខ្វះការងារនោះ។ ជាការលើកទឹកចិត្តដល់ប្អួនចង់រៀននូវអ្វីដែលប្អួនៗចង់ធ្វើ។ ទី២គាត់មិនចាំបាច់ត្រូវបត់បែនតាមសង្គមពេកព្រោះជំនាញនីមួយៗមានតម្រូវការទាំងអស់ អាស្រ័យលើពេលដែលគាត់ដាក់ពាក្យធ្វើការគាត់អាចបត់បែនប៉ុណ្ណា។
ឧទាហរណ៍ អ្នកធ្វើការផ្នែកព័ត៌មានវិទ្យា (IT) ប៉ុន្តែបច្ចុប្បន្នឃើញមានតម្រូវការទីផ្សារការងារពេញនិយមផ្នែកធនាគារ ជំនាញដែលត្រូវនឹងធនាគារមានដូចជាគណនេយ្យ ហិរញ្ញវត្ថុជាដើម ដូច្នេះនៅពេលវិស័យធនាគារមានកំណើន ស្ថាប័នដែលពាក់ព័ន្ធនឹងគណនេយ្យច្រើន ដូច្នេះគេច្បាស់ជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដូចនេះប្រព័ន្ធទាំងអស់នឹងត្រូវការ អ្នកជំនាញបច្ចេកវិទ្យាទៅជួសជុល។
សរុបមកបច្ចេកវិទ្យាក៏ដើរទន្ទឹមគ្នា វិស័យច្បាប់ក៏មានតម្រូវការដែរ ដូច្នេះអ្នកសិក្សាជំនាញទាំងអស់នឹងអាចធ្វើការក្នុងស្ថាប័នធនាគារបាន។
មួយវិញទៀតវិស័យបដិសណ្ឋារកិច្ច ក៏មានកំនើនតាមហ្នឹងដែរ ប៉ុន្តែវិស័យដែលអមមេកានិចខល និងវិស័យជួសជុល ខ្ញុំលើកទឹកចិត្តឲ្យជ្រើសរើសជំនាញដែលខ្លួនឯងស្រលាញ់ មិនចាំបាច់ទៅរៀនជំនាញដែលគេពេញនិយមទាំងអស់គ្នា ព្រោះវិស័យដែលអមនឹងតម្រូវការទីផ្សារ និងខ្វះអ្នកជំនាញ មិនតែប៉ុណ្ណោះអាចបណ្តាលឲ្យទីផ្សារការងារធ្លាក់ចុះមកវិញកាលណាបោះបង់ដែលត្រូវនឹងជំនាញនោះស្រាប់ ហើយការបំពេញការងារមិនបាន ដល់ចំណុចមួយដែលខ្ពស់។
Q: បច្ចុប្បន្នប្រទេសកម្ពុជាមាននិស្សិតបញ្ចប់ការសិក្សាមួយចំនួនគាត់បំពេញការងារខុសពី ជំនាញដែលគាត់សិក្សាក្នុងសាកលវិទ្យាល័យ តើកញ្ញាមានទស្សនៈបែបណាចំពោះបញ្ហាមួយនេះ?
A: ត្រង់ចំណុចនេះនាងខ្ញុំអាចនិយាយបានថា ទី១ នៅពេលគាត់រៀនចប់គាត់ឃើញការងារខុសជំនាញអាចផ្តល់អត្ថប្រយោជន៍ខ្ពស់ជាងការងារដែលត្រូវជំនាញដូចជាប្រាក់ខែ។ ទី២បរិយាកាសការងារ ស្ថានភាពការងារមានទីតាំងជិតជាងល្អជាងនូវជំនាញរបស់គាត់ ហើយមួយវិញទៀតគាត់អាចធ្វើការងារនោះបានដែរ។ ចំណុចទាំងអស់នេះ នាងខ្ញុំផ្ទាល់ ពុំលើកទឹកចិត្តនោះទេ មិនមែនមានន័យថាការធ្វើការខុសជំនាញអត់ល្អទាំងអស់នោះទេ ល្អប្រសិនធ្វើការឲ្យត្រូវនឹងជំនាញរៀនល្អជាង។
ការលើកទឹកចិត្តឲ្យធ្វើការត្រូវនឹងជំនាញនេះ មូលហេតុទី១ គឺរកព័ត៌មានពីសិស្សច្បងដែលគាត់មានបទពិសោធន៍ច្រើន ឃើញពីសមិទ្ធផលគាត់បែបណាខ្លះដោយមធ្យោបាយបែបណាខ្លះ ដូច្នេះគាត់អាចត្រៀមខ្លួនដើរលើវិថីខ្លួនឯង និងរកឃើញភាពជោគជ័យរបស់របស់ខ្លួន ឬអាចល្អប្រសើរជាងសិស្សច្បងក៏ថាបាន។ ប្រសិនបើយើងមិនបានមើលសិស្សច្បងជាគំរូការសិក្សាជំនាញរបស់ខ្លួនគឺមិនអាចសម្រេចបាននូវក្តីស្រមៃ ស្មើនឹងការបោះបង់ចោលក្តីស្រមៃ។
មូលហេតុដែលទាញគាត់ឲ្យធ្វើការខុសជំនាញ អាចមកពីកត្តាសេដ្ចកិច្ចផ្ទាល់ខ្លួនគាត់ អាចធ្វើបណ្តោះអាសន្នបានដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្នបាន ប៉ុន្តែកុំភ្លេចស្រាវជ្រាវនូវជំនាញរបស់ខ្លួន ហើយត្រឡប់មកបំពេញការងារដែលត្រូវនឹងជំនាញរបស់ខ្លួន បើទោះបីទទួលបានប្រាក់បៀរវត្សតិចជាងមុនក៏ដោយ ព្រោះថាការធ្វើតាមជំនាញរបស់ខ្លួនអាចក្លាយជាអាជីពផ្ទាល់ខ្លួនរបស់យើង អាចក្លាយខ្លួនជាអ្នកជំនាញលើជំនាញដែលយើងបានសិក្សា។
យើងអាចក្លាយជាអ្នកជំនាញលើអ្វីដែលយើងបានសិក្សា ប៉ុន្តែយើងមិនអាចក្លាយជាអ្នកជំនាញលើជំនាញដែលយើងមិនមានមូលដ្ឋានគ្រឹះបានទេ។
Q: ក្នុងករណីដែលសិស្សបញ្ចប់ការមធ្យមសិក្សាទុតិយភូមិប៉ុន្តែមិនមានលទ្ធភាពបង់ថ្លៃសិក្សា និងស្វែងរកអាហារូបករណ៍មិនបាន តើពួកគាត់គួរធ្វើបែបណា?
A : ករណីសិស្សដែលគាត់មិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា មាន២។ ជម្រើសទី១ តើគាត់ចង់រៀនជំនាញសម្រាប់រកការងារធ្វើ? ឬចង់រៀនថ្នាក់ឧត្តមសិក្សា? ប្រសិនគាត់ចង់បន្តនៅថ្នាក់ឧត្តមសិក្សាគាត់អាចរៀនបណ្តើរ ធ្វើការបណ្តើរបាន។ ការរៀនបណ្តើរធ្វើការបណ្តើរគាត់អាចលទ្ធភាពផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯងបាន ឬការសិក្សាដោយអាហារូបករណ៍ក្នុងស្រុក។ ម្យ៉ាងទៀត ប្រសិនបើគាត់មានសមត្ថភាពអាចដាក់សម្រាប់ការសិក្សាទៅក្រៅប្រទេសបាន។ មួយវិញទៀត ប្រសិនបើគាត់មកពីគ្រួសារងាយរងហានិភ័យ មានប័ណ្ណបញ្ជាក់ពីគ្រួសារងាយរងហានិភ័យ គាត់អាចសិក្សាវគ្គខ្លី រយៈពេល៤ខែនៅក្រសួងការងារ ព្រមទាំងទទួលបានប្រាក់ឧត្តម្ភប្រចាំខែ ២សែន ៨ ម៉ឺនរៀល និងធានាថាគាត់អាចមានការងារបាន។
Q : តើក្នុងនាមកញ្ញាជាអ្នកផ្នែកធនធានមនុស្ស ថាតើកញ្ញានឹងសម្រេចចិត្តជ្រើសរើសបុគ្គលិកដោយផ្អែកលើបុគ្គលិកលក្ខណៈបែបណាខ្លះ?
A : ក្នុងនាមនាងខ្ញុំផ្នែកធនធានមនុស្សក្នុងការជ្រើសរើសបុគ្គលិក គឺផ្អែកលើជំនាញទន់ សំដៅលើអត្តចរិត លក្ខណៈ របៀបរបបនៃការរស់នៅ របៀបគិតរបស់គាត់ ការគោរពពេលវេលា ពាក្យសម្តី អាកប្បកិរិយាជាអាទិ៍។ ចំណុចទី២ ពិនិត្យលើជំនាញសិក្សារបស់គាត់ ប្រសិនការសិក្សាលើជំនាញណា គួរផ្តោតលើជំនាញដែលខ្លួនឯងរៀនតាមដែលអាចធ្វើទៅបាន ព្រោះនៅពេលចេញធ្វើការគួរតែមានចំណេះដឹងច្បាស់លើជំនាញនោះ បើទោះបីមិនធ្លាប់មានបទពិសោធន៍ការងារក៏ដោយ។
Q : តើកញ្ញាមានដំបូន្មានបែបណាចំពោះយុវជនដែលត្រៀមខ្លូនក្នុងសិក្សាថ្នាក់ឧត្តមសិក្សាឬ បិរញ្ញាប័ត្រ?
A : ចំពោះនាងខ្ញុំវិញ យុវជនដែលត្រៀមខ្លួនបន្តសិក្សាថ្នាក់ឧត្តមសិក្សាជាការផ្តាំផ្ញើ មុននឹងចូលរៀនឧត្តមសិក្សាគាត់ត្រូវត្រៀមខ្លួនជាច្រើនជុំវិញខ្លួន។ ទី១ ព័ត៌មានការសិក្សាថាតើជំនាញដែលគាត់ត្រូវសិក្សាគួរត្រៀមខ្លួនបែបណាខ្លះ ទី២ សម្រេចចិត្តជ្រើសរើសជំនាញដែលគាត់ចង់សិក្សា។ មុនពេលចូលរៀនគាត់ត្រូវស្វែងរកព័ត៌មាន ប្រសិនគាត់មិនមានព័ត៌មានទេ គាត់មិនមានទិសដៅរៀបចំផែនការអនាគតជីវិតគាត់ទេ គាត់រើសមុខជំនាញនោះមិនទាន់បានទេ។ នេះការផ្តាំផ្ញើ ដល់អ្នកចង់បន្តការសិក្សាលើជំនាញក្នុងថ្នាក់ឧត្តមសិក្សា។
Q : តើអ្នកនាងមានអ្វីចែករំលែកទៅកាន់យុវជនជំនាន់ក្រោយក្នុងការជ្រើសរើសជំនាញដែលមានតម្រូវការសម្រាប់ ៥ឆ្នាំខាងមុខ?
A : ក្នុងនាមខ្ញុំដែលជាទីភ្នាក់ងារជ្រើសរើសបុគ្គលិក និងទីភ្នាក់ងារការងារផងចក្ខុវិស័យដែលនាងខ្ញុំមើលឃើញថាវិស័យសេដ្ឋកិច្ចនាពេលប្រាំឆ្នាំខាងមុខរួមមាន៖
វិស័យទី១ បដិសណ្ឋារកិច្ច៖ អ្នកទាំងអស់គ្នាប្រហែលជាឃើញបញ្ហាប្រឈមរាល់ថ្ងៃ ឃើញភ្ញៀវទេសចរណ៍ឃើញមានការថយចុះភ្ញៀវទេសចរណ៍ ដូចនេះសិស្សនិស្សិតបោះបង់ចោលវិស័យបដិសណ្ឋារកិច្ច។ វិស័យបដិសណ្ឋារកិច្ចគឺរៀនអំពីការធ្វើម្ហូប រៀបចំបន្ទប់បែបទទួលភ្ញៀវសេវាកម្ម ការគ្រប់គ្រង Hotel [សណ្ឋាគារ]។
វិស័យបដិសណ្ឋារកិច្ចជារឿងសំខាន់មួយដែលនៅតែទាមទារចង់ឲ្យគិតថា៤ ទៅ៥ឆ្នាំខាងមុខទៀត នៅពេលប្អូនៗគាត់ត្រៀមខ្លួនហើយរៀនចប់ គាត់អាចមានការងារធ្វើល្អ។ វិស័យទេសចរណ៍មិនអាចបាត់បង់នោះទេ ព្រោះថាមុននឹងវិនិយោគគិនមកវិនិយោគ គេត្រូវមកសិក្សាស្វែងយល់ពីប្រទេសកម្ពុជា។ ដូច្នេះដើម្បីជួយសេដ្ឋកិច្ចកម្ពុជាទាំងមូល គឺពឹងផ្អែកលើវិស័យបដិសណ្ឋារកិច្ច។
វិស័យទី២ គឺហិរញ្ញវត្ថុ គណនេយ្យ៖ វិស័យនេះមានភាពពាក់ព័ន្ធនឹងវិស័យជាច្រើន ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន នៅពេលសេដ្ឋកិច្ចទាំងមូលងើបឡើងមកវិញ មានពាណិជ្ជកម្មគេចូលមកច្រើន មានការវិនិយោគចូលមកច្រើន វិស័យធនាគារ គណនេយ្យនឹងមានតម្រូវការ ទោះបីក្នុងពាណិជ្ជកម្មបែបណា ឬក៏ការងារបែបណា អាជីពអ្វីក៏ត្រូវការ យ៉ាងហោចណាស់យើងចង់ធ្វើជាសហគ្រិនខ្លួនឯង ក៏ត្រូវការចេះគណនេយ្យ ហរិញ្ញវត្ថុហ្នឹងដែរ។
វិស័យទី៣ ស្ថាបត្យកម្ម៖ នៅតែជាវិស័យអាទិភាព មិនបើទោះបីជាបច្ចុប្បន្នមានអគារប្រើប្រាស់មិនទាន់អស់ ប៉ុន្តែព្រោះនៅពេលមានកំណើនសសេដ្ឋកិច្ចច្រើន អគារក៏ត្រូវការជួសជុល អគារថ្មីនឹងក្លាយជាអគារចាស់ កន្លែងមួយចំនួនក៏ត្រូវសាងសង់ឡើងវិញ កំណែទម្រង់នូវប្រព័ន្ធរដ្ឋបាលគ្រប់គ្រងប្រទេសទាំងមូលនឹងមានកំណែទម្រង់អគារដើម្បីតម្រូវការទៅតាមប្រព័ន្ធរដ្ឋបាលរបស់រដ្ឋ។
ទី៤ វិស័យច្បាប់៖ បើទោះបីមានកំណើនខាងអ្វី ឬមានបញ្ហាក្តី ចាំបាច់ខ្លាំង ទោះបីជាកាលៈទេសៈបែបណាក៏ត្រូវការដែរ។ នៅពេលសង្គមមានបញ្ហាក៏ត្រូវការ ពេលសេដ្ឋកិច្ចមានកំណើនកាន់តែត្រូវការថែមទៀត ដោយសារសេដ្ឋកិច្ចកើន គេត្រូវការការច្បាប់សម្រាប់គ្រប់គ្រងច្រើន។ ដូច្នេះ វិស័យច្បាប់គឺយើងអាចធ្វើការទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។
ទី៥ ជំនាញទំនាក់ទំនងអន្តរជាតិ៖ ការប្រើប្រាស់ភាសាសម្រាប់ទំនាក់ទំនងជាចម្បង យ៉ាងហោចណាស់២ភាសាឡើងទៅ។ បច្ចុប្បន្ននៅទីណាក៏ដោយ យើងអាចដើរចូលគ្នាបានដោយប្រើភាសាអង់គ្លេសជាភាសាទី២។ បន្ទាប់ពីការធ្វើសមាហរណកម្មទីផ្សារអាស៊ានប្រទេសទាំងអស់ចេះភាសាអង់គ្លេសជាភាសាទី២ ស្រាប់ទៅហើយ។ ដូច្នេះបើមានភាពងាយស្រួលក្នុងការរកការងារ គឺយើងត្រូវចេះភាសានៅក្នុងអាស៊ានខ្លួនឯង អាស៊ានបូកមួយជាដើម។ ជំនាញទំនាក់ទំនងអន្តរជាតិអាចប្រើក្នុងស្ថាប័នរដ្ឋ និងឯកជន និងអាចប្រើនៅពេលអនាគតសម្រាប់អាជីពមុខរបររបស់ខ្លួនឯងដែរ។ មួយវិញទៀត ជំនាញទំនាក់ទំនងអន្តរជាតិ អាចធ្វើការជាអ្នកបកប្រែ ជាអ្នកសម្របសម្រួលក្នុងកម្មវិធី ហើយអាចសិក្សាបន្ថែមចូលទៀត សម្រាប់បន្ថែមជំនាញថែមទៀត ឬ អាចបណ្តុះបណ្តាលបន្ថែមនៅក្រៅប្រទេសដោយងាយស្រួល។
Q : សូមអគុណ! កញ្ញា លីម ហ៊ូង សម្រាប់ការផ្តល់បទសម្ភាស។
A: ចាស អរគុណ!៕