កម្ពុជា និងវៀតណាម នឹងមានការហោះហើរត្រង់ថ្មីពីទីក្រុងហាណូយមកកាន់រាជធានីភ្នំពេញ ចាប់ពីចុងខែតុលាទៅ ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែប្រសើររវាងប្រទេសកម្ពុជា និងវៀតណាម។
បើតាមសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា កម្ពុជា និងវៀតណាម នឹងភ្ជាប់ជើងហោះហើរត្រង់ថ្មីពីទីក្រុងហាណូយ មកកាន់រាជធានីភ្នំពេញ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ អង្គរអ៊ែរ និងក្រុមហ៊ុនវៀតណាម Airlines។ ការហោះហើរជាផ្លូវការនឹងចាប់ផ្ដើមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ។
ក្នុងសារលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដដែលបន្ថែមថា ការបើកជើងហោះហើរត្រង់ថ្មី រវាងក្រុងហាណូយ និងរាជធានីភ្នំពេញ នឹងផ្ដល់នូវទំនាក់ទំនងកាន់តែប្រសើររវាងប្រទេសកម្ពុជា និងវៀតណាម។
បើតាមវីដេអូដែលភ្ជាប់ជាមួយនឹងសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការលោក ហ៊ុន សែន រៀបរាប់ថា ការបើកការហោះហើរត្រង់ថ្មីរវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញនេះ ធ្វើឡើងក្រោយពីលោក តូ ឡឹម (To Lam) ប្រធានរដ្ឋនៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម បានធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។
នៅក្នុងវីដេអូនោះបន្ថែមថា ជើងហោះហើរត្រង់ថ្មីនេះ មានការហោះហើរចំនួនបួនជើងក្នុងមួយសប្ដាហ៍រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ប្រើយន្តហោះប្រភេទ Airbus a321 ខណៈក្នុងពេលបច្ចុប្បន្នអ្នកដំណើរពីទីក្រុងហាណូយមកកាន់រាជធានីភ្នំពេញ ត្រូវប្ដូរជើងយន្តហោះពីទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ តាមរយៈសេវាកម្មអាកាសចរណ៍ឥណ្ឌូចិន។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូសំខាន់ៗកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ទន្ទឹមនឹងដំណើរទស្សនកិច្ចថ្ងៃទី២របស់លោក តូ ឡឹម (To Lam) ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដែលត្រូវនឹងថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះផងដែរ៕