ក្រសួងសុខាភិបាលដាក់ចេញវិធានការផ្សព្វផ្សាយសារណែនាំអំពីរបបអាហារប្រចាំថ្ងៃ «តិចអំបិល តិចខ្លាញ់ តិចស្ករ សុខភាពបេះដូង អាយុយឺនយូរ» ដើម្បីកាត់បន្ថយជំងឺបេះដូង និងឡើងសម្ពាធឈាម។
វិធានការរបស់ក្រសួងសុខាភិបាលដាក់ចេញនាពេលថ្មីៗនេះជាបន្តបន្ទាប់ តាមរយៈទូរស័ព្ទនៅពេលខលចេញ (call tune) ការផ្សាយលើផ្ទាំងបដាតាមដងផ្លូវ និងតាមបណ្តាញអ៊ីនធឺណិតជាដើម ដោយណែនាំឱ្យកាត់បន្ថយការទទួលទានសារជាតិប្រៃ ដូចជាអំបិល ទឹកស៊ីអ៊ីវ ទឹកត្រី ប៊ីចេង និងម្សៅស៊ុប។ កាត់បន្ថយការទទួលទានខ្លាញ់សត្វ ខ្លាញ់កៃច្នៃ អាហារបំពង ចៀន និងកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម អាហារដែលមានជាតិស្ករ។
បើតាមសារលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ការបរិភោគអំបិលតិច ស្ករតិច និងខ្លាញ់តិច គឺដើម្បីចូលរួមបង្ការជំងឺមិនឆ្លង រួមមាន ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង សសៃឈាម។
ក្រសួងសុខាភិបាលបានណែនាំពីរបបអាហារមនុស្សពេញវ័យដូចជា៖ «កាត់បន្ថយការប្រើប្រាស់អំបិលឱ្យតិចជាង៥ក្រាម ឬ ១ស្លាបព្រាកាហេ្វ។ កាត់បន្ថយការបន្ថែមទឹកជ្រលក់ពេលទទួលទានអាហារ។ កាត់បន្ថយការប្រើប្រាស់ស្ករឱ្យតិចជាង ៥០ក្រាម ឬ១២ ស្លាបព្រាកាហ្វេ ហើយកាន់តែល្អ ប្រសិនជាកាត់បន្ថយតិចជាង២៥ក្រាមនៃបរិមាណថាមពលដែលត្រូវការ។ កាត់បន្ថយការប្រើប្រាស់ខ្លាញ់សត្វ ខ្លាញ់កែច្នៃ និងប្រេង។ មនុស្សពេញវ័យម្នាក់ត្រុវការថាមពលប្រចាំថ្ងៃពីខ្លាញ់ ប្រេង តិចជាង៣០% នៃថាមពលសរុប គឺតិចជា៥ស្លាបព្រាបាយក្នុងមួយថ្ងៃ»។
ក្រសួងសុខាភិបាលបន្ថែមថា ការហាត់ប្រាណទៀងទាត់ ឬធ្វើសកម្មភាពអាចឱ្យរាងកាយបញ្ចេញញើស ការយកចិត្តទុកដាក់សុខភាពដោយមិនបណ្តោយឱ្យប្រែប្រួលទម្ងន់លឿនពេក និងអនុវត្តតាមក្បួនរបស់ក្រសួងសុខាភិបាលដើម្បីបង្ការជំងឺមិនឆ្លង។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន និងលោកកស្រី យក់ សម្បត្តិបានទេ។
ការប្រើប្រាស់បរិមាណអំបិលច្រើន បង្កឱ្យលើសសម្ពាធឈាម និងហានិភ័យជំងឺសសៃឈាមបេះដូង។ មនុស្ស ១.៨៩លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការទទួលទានអំបិលលើសតម្រូវការសារពាង្គកាយ។ នេះបើ តាមតួលេខដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣៕