អាជ្ញាធរកំចាត់មីនកម្ពុជាណែនាំឱ្យអ្នកពាក់ព័ន្ធប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលអាចហូរមកជាមួយទឹកជំនន់ដោយសារការច្រោះដីពីតំបន់មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលខេត្តមួយចំនួនកំពុងរងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួនអាចត្រូវបានប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ។
ប្រធានអាជ្ញាធរមីនណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមផ្សព្វផ្សាយដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះដែលអាចហូរមកជាមួយទឹកជំនន់។ ណែនាំឱ្យពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើប្រទះឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
អាជ្ញាធរមីនក៏បានណែនាំឱ្យរៀបចំខ្លឹមសារផ្សព្វផ្សាយ និងអប់រំពីគ្រោះថ្នាក់បង្កដោយមីន និងសំណល់ជាតិផ្ទុះក្នុងពេល និងក្រោយទឹកជំនន់។ ឆ្លើយតបឱ្យបានទាន់ពេលក្នុងការប្រមូលយកទៅកម្ទេចចោល ពេលពលរដ្ឋរាយការណ៍។ ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់តាមតំបន់សង្ខ័យមានមីន និងសំណល់ជាតិផ្ទុះដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ។
តាមរបាយការណ៍ស្ដីពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះឆ្នាំ២០២៤ ចេញដោយអាជ្ញាធរមីន គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ មានជនរងគ្រោះ៣០នាក់ កើនឡើង៥៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានជនរងគ្រោះ១៦នាក់៕