អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ហ)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) អំពាវនាវឱ្យកម្ពុជាអនុវត្តច្បាប់ជាតិឱ្យត្រឹមត្រូវ និងអនុលោមតាមច្បាប់អន្តរជាតិ ខណៈលោកសង្កេតឃើញមានការបំភិតបំភ័យ និងរំលោភសិទ្ធិពលរដ្ឋ និងអ្នកនយោបាយនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារសាន់វេ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) បានលើកឡើងថា កម្ពុជានៅមិនទាន់មានលំហស៊ីវិល និងនយោបាយនៅឡើយទេ ដោយសារមានការចោទប្រកាន់ផ្នែកច្បាប់លើសកម្មជនបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយជាដើម បើទោះបីជាពួកគេអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេក៏ដោយ។
លោកមានប្រសាសន៍ថា៖ «អ្នកជាប់ឃុំនយោបាយនៅតែបន្តត្រូវឃុំខ្លួន ហើយអ្នកតស៊ូមតិសិទ្ធិមនុស្ស និងអ្នកបរិស្ថាន បន្តត្រូវបានកាត់ទោសពីបទញុះញង់ និងបទល្មើសដែលជាប់ទាក់ទងក្នុងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការស្វែងរកយុត្តិធម៌របស់ពួកគេទៅវិញ។ សូម្បីតែក្នុងអំឡុងពេលមានវត្តមានអ្នករាយការណ៍ពិសេសនៅក្នុងប្រទេសនេះក៏ដោយ ក៏មានការរាយការណ៍ថា ក្រុមមួយចំនួន ទទួលរងការបំភិតបំភ័យ ដែលជាការរំលោភសិទ្ធិរបស់ពួកគេទៅវិញដែរ»។
លោក វីធិត ស្នើឱ្យកម្ពុជាដែលក្រោមការដឹកនាំដោយមន្ត្រីដែលជាអ្នកជំនាន់ថ្មី អនុវត្តច្បាប់ជាតិឱ្យបានត្រឹមត្រូវដោយអនុលោមតាមច្បាប់អន្តរជាតិ។
លោកថា៖ «នៅពេលដែលមានការអំពាវនាវឱ្យបញ្ឈប់ភាពឥតត្រាប្រណីនៃច្បាប់នោះ ការឆ្លើយតបតាមរូបមន្តពីក្រុមមន្ត្រីមួយចំនួនទំនងឆ្លើយថា អ្វីៗគ្រប់យ៉ាងធ្វើឡើងស្របតាមច្បាប់ជាតិទាំងអស់។ ដូច្នេះហើយ យើងសង្ឃឹមថា ជនជំនាន់ថ្មីអាចចាកចេញពីការប្រើប្រាស់ពាក្យពេចន៍បែបនេះ ហើយជ្រើសរើសភាសាដែលកាន់តែជំរុញទឹកចិត្តបន្ថែមទៀត ពោលគឺ អ្វីៗគ្រប់យ៉ាងត្រូវតែធ្វើឡើងស្របតាមច្បាប់ជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងផងដែរថា ការបោះឆ្នោតសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំឡើងក្នុងស្ថានភាពរឹតត្បិតធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអវិជ្ជមានទៅលើសិទ្ធិនានារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមឱ្យបានពេញលេញ និងដោយស្មើភាពគ្នា ខណៈច្បាប់ និងគោលនយោបាយដែលមានលក្ខណៈរឹតបន្តឹង បានប៉ពាល់ដល់ការចុះឈ្មោះ និងការចូលរួមរបស់គណបក្សនយោបាយ និងបេក្ខជនគណបក្សប្រឆាំង ព្រមទាំងមានការរឹតត្បិត និងការគំរាមកំហែងមួយចំនួនទៀត។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនេះដែរ លោក វីធីត ក៏បានទៅជួបជាមួយក្រុមជនជាតិដើមភាគតិចមួយចំនួននៅកម្ពុជា និងបានរកឃើញថា ឧបសគ្គជាច្រើននៅបន្តកើតមានចំពោះជនជាតិដើមភាគតិច ពាក់ព័ន្ធនឹងការទទួលស្គាល់សញ្ញាណជំនឿ និងភាពយឺតយ៉ាវក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់ពួកគេ និងរងការទន្ទ្រានយកដីធ្លីរបស់ពួកគេពីសំណាក់ក្រុមហ៊ុនមួយចំនួនជាដើម។ លោកក៏បានលើកឡើងពីបញ្ហាចង្អៀតណែននៃពន្ធនាគារនៅកម្ពុជា ការមិនទទួលបានជំនួយផ្នែកច្បាប់ បញ្ហាយេនឌ័រក្នុងពន្ធនាគារ និងការមិនបែងចែកការឃុំឃាំងកុមារនិងនីតិជនជាដើម។
លោកបន្ថែមថា៖ «សម្រាប់ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមក្នុងការសំយោគចូលគ្នារវាងសន្តិភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ពីព្រោះទាំងនេះ គឺជាសរសរស្តម្ភពិតប្រាកដនៃការផ្លាស់ប្តូរពិតប្រាកដ»។
អ្នកស្រី ថាច់ សុខបូរ៉ានី អាយុ៤៩ឆ្នាំ ជាភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលរងបទចោទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» និងកំពុងជាប់ពន្ធនាគារ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែងស្វាមីរបស់អ្នកស្រីឱ្យមានសេរីភាពជួបជុំគ្រួសារវិញ។
អ្នកស្រីថា៖ «ខ្ញុំសព្វថ្ងៃនេះពិបាកណាស់ដោយសារអី គាត់រាងចាស់ដែរហើយ ហើយជំងឺគាត់ជំងឺបេះដូងដែលនៅឃុំនៅពន្ធនាគារពិបាកមែនទែន ហើយការដែលថាគ្រប់គ្រងគ្រួសារខ្ញុំម្នាក់ឯង ហើយនិងមើលការខុសត្រូវកូនចៅនៅផ្ទះហ្នឹងពិបាកមែនទែន មិនថាគ្រួសារគេ មិនថាគ្រួសារខ្ញុំទេពិបាកៗមែនទែន[…] ខ្ញុំសំណូមពរថា សុំឱ្យចិត្តធម៌មេត្តាដែលឃើញថា ពួកគាត់សព្វថ្ងៃនេះ ធ្វើដើម្បីប្រទេសជាតិទាំងអស់គ្នា មិនមែនធ្វើដើម្បីខ្លួនឯងទេ ពួកគាត់អត់មានខុសអីទាំងអស់ សូមឱ្យដោះលែងពួកគាត់ឱ្យមានសេរីភាពហើយនិងជួបជុំគ្រួសារ»។
ជុំវិញករណីនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ Newsroom Cambodia នៅថ្ងៃទី២៧ ខែកក្កដានេះថា ច្បាប់កំពូលរបស់ប្រទេសកម្ពុជា គឺស្របនឹងច្បាប់ស្ដីពីសិទ្ធិមនុស្សនានារបស់អន្តរជាតិ។
លោកថា៖ «រដ្ឋធម្មនុញ្ញកម្ពុជា គឺស្របនឹងកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សដែលគេអនុវត្តនៅទូទាំងពិភពលោក។ បើលោកអ្នករាយការពិសេសយល់ លោកច្បាស់ជាមិននិយាយបែបនេះទេ»។
លោកបង្ហាញការសោកស្ដាយដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មិនបានពិនិត្យមើលច្បាប់អន្តរជាតិផ្សេងៗ ហើយលោកស្នើឱ្យអ្នករាយការណ៍ពិសេសរូបនេះ អានមាត្រាមួយចំនួននៃកតិកាសញ្ញាអន្តរជាតិ។
លោកថា៖ «ខ្ញុំសូមឱ្យលោកអានមាត្រាមួយចំនួនដូចខាងក្រោម មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បីគោរពសិទ្ធិ និងកិត្តិសព្ទអ្នកដទៃ ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ»។
លោកបន្តថា៖ «មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះ និងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ(LICADHO) យល់ឃើញថា កម្ពុជាគប្បីកែនូវចំណុចខ្វះខាតដែលលើកឡើងដោយអង្គការសហប្រជាជាតិ ដើម្បីទទួលបានប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដោយមិនគួរឆ្លើយតបលឿនពេក និងការច្រានចោលការលើកឡើងទាំងនោះទេ។
លោកថា៖ «កម្ពុជាគួរតែពិនិត្យមើលលើរបាយការណ៍ សេចក្តីថ្លែងការណ៍ ការព្រួយបារម្ភ និងអនុសាសន៍របស់អ្នកជំនាញក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នូវចំណុចខ្វះខាត រួចកែលំអចំណុចទាំងនោះ គឺកម្ពុជាទទួលបានផលចំណេញ ជាជាងការច្រានចោល និងប្រតិកម្មលឿនពេក»។
គួរជម្រាបជូនថា លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាចំនួន២ដង ដែលកាលពីលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយលោកបានជួបរដ្ឋាភិបាលថ្មី និងភាគីពាក់ព័ន្ធនៅរាជធានីភ្នំពេញ ហើយសម្រាប់ទស្សនៈកិច្ចលើកទី២ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបានទៅខេត្តរតនគិរី និងខេត្តមួយចំនួនទៀតនៅក្បែរនោះ ដោយផ្ដោតលើស្ថានភាពរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៕