សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសកម្មជនសង្គមបួននាក់ដោយចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយពីតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV)។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីចំណាត់ការលើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា តុលាការសម្រេចឃុំខ្លួនមនុស្ស ៤នាក់ គឺ លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ ប៊ាមុន្នី លោក សាន សិទ្ធ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្ដុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទទាំង ៤នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់»។
យុវជនទាំងបួនរូបដែលត្រូវបានចាប់ខ្លួណ គឺជាសកម្មជនកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស។ ពួកគេតែងចែករំលែក និងបង្រៀនប្រជាពលរដ្ឋមូលដ្ឋានអំពីសិទ្ធិ និងច្បាប់ផ្សេងៗ។
ការចាប់ខ្លួនពួកគេធ្វើឡើង កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប បន្ទាប់ពីពួកគេអត្ថាធិប្បាយអំពីគុណសម្បត្តិ គុណវិបត្តិ និងដំណោះស្រាយពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកថា មិនគួរមានការចាប់ខ្លួនសកម្មជនទាំងនោះទេ ព្រោះការថ្លែងរបស់ពួកគេគឺជាសេរីភាពនៃការបញ្ចេញមតិ ហើយប្រទេសកម្ពុជាក៏ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។
លោកលើកឡើងថា៖ «ខ្ញុំគ្រាន់តែយល់ថាប្រទេសកម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អញ្ចឹងសេរីភាពនៅក្នុងការបញ្ចេញមតិ វាជាមូលដ្ឋានគ្រិះនៃលទ្ធិប្រជាធិបតេយ្យ ចឹងការចូលរួមសម្តែងមតិប្រជាពលរដ្ឋពីកង្វល់ អាហ្នឹងគឺជាសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋមិនគួរចាត់ទុកជាបទល្មើសទេ»។
លោកបន្ថែមទៀតថា រដ្ឋគួរតែមានការពន្យល់ព័ត៌មានឱ្យបានច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋ ដើម្បីជៀសវាងការយល់ច្រឡំ។
លោកបានបញ្ជាក់ថា៖ «ទាក់ទងនឹង ព័ត៌មានមួយចំនួនដែលពលរដ្ឋមិនដឹង មិនបានយល់ អាហ្នឹងរដ្ឋគួរតែពន្យល់ ឬក៏ប្រាប់អំពីព័ត៌មានជាក់លាក់សម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យគាត់មានការយល់ដឹង ក្នុងការបញ្ជេញមតិទៅវាមានការត្រឹមត្រូវ»។
ស្រដៀងគ្នានេះលោក សេង វ៉ាន់លី អ្នកតាមភូមិសាស្ដ្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិក លើកឡើងថា ការបញ្ចេញមតិរបស់លោក ស៊្រុន ស៊្រន គឺគិតពីប្រយោជន៍ជាតិជាធំ មិនចង់ឃើញប្រទេសស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ហើយរដ្ឋាភិបាលគួរពន្យល់បកស្រាយ បំភ្លឺឱ្យពលរដ្ឋយល់មិនគួរប្រើអំណាចក្នុងការទប់ស្កាត់ និងបំបិទមាត់ការរិះគន់របស់ប្រជាពលរដ្ឋទេ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលមិនគួរប្រើប្រាស់អំណាច ឬក៏ប្រព័ន្ធយុត្តិធម៌ជាចំណាត់ការសំដៅទប់ស្កាត់ការរិះគន់ និងបំបិទមាត់ពលរដ្ឋជុំវិញបញ្ហាអភិវឌ្ឍន៍ត្រីកោណនោះទេ»។
លោកបន្ថែមថា រដ្ឋាភិបាលគួររឹតបន្តឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ស្ដារទំនុកចិត្ដប្រជាពលរដ្ឋដោយបើកចំហរសេរីភាពនយោបាយ គោរពសិទ្ធិមនុស្ស និងប្រកាន់ខ្ជាប់ស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលនាំសន្តិភាពមកកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរតែរឹតបន្តឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ទី២ ធ្វើយ៉ាងណាស្ដារទំនុកចិត្តប្រជាពលរដ្ឋលើការគ្រប់គ្រងរបស់ខ្លួនតាមរយៈការបើកចំហរសេរីភាពនយោបាយវិញ ទី២ ប្រកាន់ភ្ជាប់នៅកាតព្វកិច្ចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្ដីអំពីការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងទី៣ នោះខ្ញុំគិតថារដ្ឋាភិបាលគួរតែប្រកាន់ខ្ជាប់នៅស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលនាំសន្តិភាពមកកម្ពុជា និងនាំការឯកភាពជាតិការបង្រួបបង្រួមជាតិស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដែលធ្វើឱ្យកម្ពុជាអាចធានាបាននូវអធិបតេយ្យភាព»។
តំបន់អភិវឌ្ឍន៍ត្រីកោណ ហៅកាត់ថា(CLV) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមានការចូលរួមសហប្រតិបត្តិការពីភាគីកម្ពុជា វៀតណាម និងឡាវ។ ក្នុងនោះមានចំនួន១៣ខេត្តដែលដាក់បញ្ចូលគ្នារួមមាន កម្ពុជាចំនួន ៤ខេត្តមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានប្រជាជនប្រមាណជា៥សែននាក់។ ប្រទេសវៀតណាម ៥ខេត្ត មានប្រជាជនប្រមាណជា ៧លាននាក់។ ប្រទេសឡាវ ៤ខេត្ត មានប្រជាជនប្រមាណជា៥សែននាក់។ នេះបើតាមប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន៕