យុវជនមួយចំនួនចាត់ទុកថា ការចូលរួមសកម្មភាពសង្គម និងនយោបាយរបស់ពួកគេនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ ប៉ុន្តែមានការរឹតត្បិត។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ យុវជនប្រហែល១០០នាក់បានចូលរួមសិក្ខាសាលាដែលមានកិច្ចពិភាក្សាទៅលើប្រធានបទ ការលើកកម្ពស់ការចូលរួមរបស់យុវជន និងភាគីពាក់ព័ន្ធនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយក្រុមយុវជនបៃតង។
យុវជនចូលរួមនៅក្នុងសិក្ខាសាលានេះ កញ្ញា ឈន់ សិលា មើលឃើញថាលំហនៃការចូលរួមរបស់យុវជននៅក្នុងសង្គមពេលបច្ចុប្បន្នមានការរឹតត្បិត មិនទូលំទូលាយ ហើយមិនត្រូវបានគាំទ្រពីគ្រួសារនោះទេ។
កញ្ញាថ្លែងថា៖ «បច្ចុប្បន្នគឺមានការរឹតត្បិត វាពុំបានទូលំទូលាយ ឬទទួលបានការគាំទ្រឡើយ លើកលែងខ្លួនឯងត្រដរគាំទ្រខ្លួនឯង និងអ្នកដែលចូលរួមដូចគ្នាគាំទ្រគ្នាឯង ក្រៅពីនេះគឺវាចង្អៀតខ្លាំងណាស់ នេះជាការមើលឃើញរបស់ខ្ញុំ មិនថាមិត្តភក្តិនៅសាលា រឹតតែធ្ងន់គឺគ្រួសារ គាត់មិនគាំទ្រឡើយ ងំទៅទៀតគឺបង្អាក់តែម្ដង។ យ៉ាងណា គិតថាគ្រួសារគាត់ក្លាយជាបែបនេះក៏ដោយសារកត្តាឫសគល់ធំពីក្រោយ ក៏មិនមែនជាឆន្ទៈដោយផ្ទាល់របស់គាត់ដែរ ពោលគឺកត្តារដ្ឋាភិបាលមិនលើកទឹកចិត្តឡើយ ថែមទាំងគំរាមកំហែង បង្វែរ បត់ បំបិទ និងតាមគ្រប់រូបភាព»។
យុវជនអ្នកចូលរួមក្នុងសិក្ខាសាលាម្នាក់ទៀត លោក ផា វីរៈ យល់ឃើញថា ការចូលរួមរបស់យុវជន មិនមានច្រើននោះទេ ព្រោះមិនមានការគាំទ្រ មានការរឹតត្បិតក្នុងការលើកឡើងពីបញ្ហាសង្គមរបស់យុវជន។
លោកថ្លែងថា៖ «ការចូលរួមរបស់យុវជននៅមានកម្រិតនៅឡើងទេ ដោយសារតែមានការរឹតត្បិតសិទ្ធិសេរីភាពពីសំណាក់អាជ្ញាធរនៃការបញ្ចេញមតិរបស់ពួកគាត់ ដោយគ្មានការគាំទ្រឲ្យពួកគាត់លើកយកនូវបញ្ហាមកនិយាយ ទាក់ទងនឹងបញ្ហាសង្គម។
លោកបន្តថា ការចូលរួមរបស់យុវជនពិតជាមានសារៈសំខាន់ណាស់ ដោយសារតែយុវជនគឺជាទំពាំងស្នងឫស្សី ដូច្នេះប្រទេសជាតិមួយមានការរីកចម្រើន អភិវឌ្ឍន៍ និងមិនអភិវឌ្ឍន៍អាស្រ័យលើការចូលរួមរបស់យុវជន។
ចំណែកអ្នកចូលរួមម្នាក់ទៀត កញ្ញា រ៉ាយ ឡាង យល់ឃើញមិនខុសពីលោក វីរៈ នោះទេ កញ្ញាលើកឡើងថានៅក្នុងសង្គមប្រជាធិបតេយ្យ ការចូលរួមរបស់យុវជនគឺពិតជាមានសារៈសំខាន់ខ្លាំង។
កញ្ញាថា៖ «ខ្ញុំយល់ឃើញថាកាចូលរួមរបស់យុវជន គឺពិតជាមានសារៈសំខាន់ […] ខ្ញុំគិតថាយុវជនគឺសំខាន់មែនទែននៅក្នុងការចូលរួមកិច្ចការងារសង្គម ព្រោះយើងកាន់លទ្ធិប្រជាធិបតេយ្យ បើសិនជាថ្នាក់ដឹកនាំ ពួកគាត់ដឹកនាំប្រទេសមិនបានល្អ ក្នុងនាមយើងជាយុវជន ក៏ដូចជាពលរដ្ឋគឺមានសិទ្ធិនៅក្នុងការបញ្ចេញមតិដើម្បីតិទៀនស្ថាបនាឲ្យរដ្ឋាភិបាល កែតម្រូវនូវចំណុចខ្វះខាត»។
អ្នករៀបចំសិក្ខាសាលានេះ កញ្ញា ជិង រដ្ឋា លើកឡើងថា មូលហេតុនៅពីក្រោយការជ្រើសរើសប្រធានបទ ព្រោះចង់ឲ្យយុវជនមានភាពសកម្មនៅក្នុងកិច្ចការងារសង្គម និងមានការយល់ដឹងអំពីមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។
កញ្ញាថ្លែងថា៖ «ទាក់ទងនឹងប្រធានបទនេះ គឺយើងមើលឃើញពីកម្សោយនៃការចូលរួមរបស់យុវជន ការចូលរួមសកម្មនៅក្នុងកិច្ចការងារសង្គម ហើយមួយទៀតទាក់ទងជាមួយ នឹងចំណេះដឹងមូលដ្ឋានរបស់ពួកគាត់[យុវជន] យើងមើលឃើញពីបញ្ហាទាំងអស់ហ្នឹងមួយចំនួនបានយើងលើកប្រធានបទហ្នឹងមក។ បើនិយាយពីសារៈសំខាន់គឺមាន ដោយសារយើងចង់ឃើញយុវជន គាត់ចូលរួមក្នុងកិច្ចការងារសង្គម ព្រោះការចូលរួមរបស់គាត់ គឺជាការលើកកម្ពស់ប្រជាធិបតេយ្យ ហើយធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលនៅក្នុងប្រទេសយើងមានលក្ខណៈពេញលេញ»។
កញ្ញាបន្តថា ប្រសិនបើមិនមានការចូលរួមពីយុវជននៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ នោះនឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យមានការរប៉ាក់រប៉ើក អាចនៅឈានទៅកាន់របបផ្ដាច់ការ ឬក៏កុម្មុយនីស្ត ដោយសារពាក្យថាសង្គមលទ្ធិប្រជាធិបតេយ្យ គឺមានភាគីពាក់ព័ន្ធ ដូចជារាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ អ៊ីចឹងយើងអត់អាចបើកដៃឲ្យរាជរដ្ឋាភិបាល ធ្វើការសម្រេចចិត្ត ឬក៏ការដឹកនាំប្រទេសតែម្នាក់ឯងទេ។ យើងត្រូវការការចូលរួម ត្រូវការមតិកែលម្អ ត្រូវការមតិរិះគន់ស្ថាបនានូវចំណុចណាដែលខ្វះខាត ដែលរាជរដ្ឋាភិបាលមិនបានបំពេញ ហើយប្រជាពលរដ្ឋចូលរួមក្នុងការលើកជាមតិស្នើឲ្យធ្វើការដោះស្រាយ។
គួរបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍យុវជនត្រង់ចំនុចការបង្កើនការចូលរួមរបស់យុវជនបញ្ជាក់ថារដ្ឋាភិបាលត្រូវបង្កលក្ខណៈងាយស្រួលឱ្យយុវជនចូលរួមបានពេញលេញក្នុងសហគមន៍ មូលដ្ឋាន និងស្ថាប័ននានា។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា យុវជនបច្ចុប្បន្នចូលរួមធ្វើការងារសង្គមគ្រប់គ្នា ដោយមិនមានការហាមឃាត់។
លោកសរសេរតាមបណ្តាញសង្គមតេឡេក្រាមក្នុងន័យដើមថា៖ «អ្នកដែលទទួលរងការរឹតត្បិតគឺអ្នកធ្វើសកម្មភាពបំពានច្បាប់ បំពានសិទ្ធិអ្នកដទៃ។ បើគ្រប់គ្នាគោរពច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក គ្មាននរណាជួបបញ្ហាអ្វីទាំងអស់»។
អង្គការតម្លាភាពកម្ពុជា(TI) កាលពីខែកុម្ភៈនេះ បានចេញរបាយការណ៍ស្រាវជ្រាវមួយទាក់ទងនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការចូលរួមផ្នែកនយោបាយបង្ហាញថា យុវជនខ្មែរ៨២ ភាគរយ មិនចាប់អារម្មណ៍ទាល់តែសោះលើកិច្ចការនយោបាយ ហើយយុវជនតែ ១៧ ភាគរយប៉ុណ្ណោះ ចាប់អារម្មណ៍លើកិច្ចការនយោបាយ។ របាយការណ៍នោះរកឃើញថា មូលហេតុដែលយុវជនជាង ៨២ ភាគរយមិនខ្វល់រឿងនយោបាយ និងសង្គម ដោយសារការភ័យខ្លាចមកពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ការបិទសិទ្ធិជជែករឿងសង្គម នយោបាយ នៅតាមសាលារៀន សាកលវិទ្យាល័យ បរិយាកាសសង្គមមិនបានបើកឱកាសដល់ពួកគេ៕