គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) កាលពីសប្ដាហ៍មុនដែលថាលំហប្រជាធិបតេយ្យនៅកម្ពុជាបាននឹងកំពុងរួមតូច ជាការលើកឡើងដែលខ្វះមូលដ្ឋាន និងខ្វះការផ្ទៀងផ្ទាត់ព័ត៌មាន។
ការលើកឡើងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកើតមានបន្ទាប់ពី លោក វីធិត ម៉ាន់តាផន ក្នុងដំណើរទស្សនកិច្ចលើកទី២នៅកម្ពុជា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា លំហប្រជាធិបតេយ្យនៅកម្ពុជាបាននឹងកំពុងរួមតូចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការរឹតត្បិតសេរីភាពសារព័ត៌មាន ការរឹតបន្តឹងច្បាប់ គោលនយោបាយ និងគណបក្សនយោបាយ។
ក្នុងសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ វិធានការលើសកម្មជនបរិស្ថានថ្មីៗនេះ មិនមែនដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការការពារសិទ្ធិមនុស្ស និងបរិស្ថាននោះទេ ប៉ុន្តែគឺជាការប្រព្រឹត្តបទល្មើសតាមរយៈការផ្សព្វផ្សាយ ប្រតិដ្ឋព័ត៌មាន និងទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការប្រមាថធ្ងន់ធ្ងរ ចំពោះព្រះមហាក្សត្រ។
សេចក្ដីបំភ្លឺដដែលបន្ថែមថា ការការពារសិទ្ធិមនុស្សមិនអាចផ្ដាច់ចេញពីនីតិរដ្ឋបានឡើយ ដូច្នេះមានតែការចូលក្នុងដំណើរការនីតិវិធីជាធរមានប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវក្នុងការការពារសិទ្ធិមនុស្ស មិនមែនការធ្វើបុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយ ដោយមិនបានផ្ទៀងផ្ទាត់អង្គហេតុ អង្គច្បាប់ ភស្តុតាង និងសាក្សីនោះទេ។ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្ដីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិច និងបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសង្គមវប្បធម៌ ប្រពៃណី និងភាសាកំណើតមានការរីកចម្រើនជាបន្តបន្ទាប់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែមក្នុងសេចក្ដីបំភ្លឺនោះតាមន័យដើមថា៖ «អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្បុជា (គ.ស.ម.ក.) បានធ្វើការកត់សម្កាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់លោកសាស្រ្តាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសសេសទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្ណាំ២០២៤»។
យោងតាមសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វីធិត ម៉ាន់តាផន ចេញកាលពីថ្ងៃទី២៦ ខែកក្កដា ក្នុងន័យដើមជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា លំហប្រជាធិបតេយ្យនៅកម្ពុជាបាននឹងកំពុងរួមតូចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានដូចជា ការរឹតត្បិតសេរីភាពសារព័ត៌មាន ការរឹតបន្តឹងច្បាប់ និងគោលនយោបាយដែលរារាំងដល់ការចុះឈ្មោះ និងការចូលរួមរបស់គណបក្សនយោបាយ។ គណបក្សប្រឆាំង សហជីព អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានប្រើដំណើរការព្រហ្មទណ្ឌ និងច្បាប់ផ្សេងទៀតដើម្បីធ្វើការគំរាមកំហែង។
សេចក្ដីថ្លែងការណ៍បន្ថែមថា គួរឲ្យសោកស្ដាយដែលអ្នកជាប់ឃុំនយោបាយនៅតែបន្តត្រូវឃុំខ្លួន ហើយអ្នកតស៊ូមតិសិទ្ធិមនុស្ស និងអ្នកការពារបរិស្ថាន បន្តត្រូវបានកាត់ទោសពីបទញុះញង់ និងបទលើ្មសពាក់ព័ន្ធក្នុងការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី ។
សេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងថា ជនជាតិដើមភាគតិចត្រូវប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃសម្បទានដីសេដ្ឋកិច្ច និងការទន្រ្ទានយកដីរបស់ពួកគេពីសំណាក់ក្រុមហ៊ុន និងជនបរទេស ជួនកាលមានការឃុបឃិតជាមួយមន្ត្រីរាជការ។ សហគមន៍ជនជាតិដើមភាគតិចជាច្រើនរងទុក្ខដោយសារបំណុលដែលមួយផ្នែកបណ្ដាលមកពីការខ្ចីប្រាក់ និងការបោកប្រាស់ទៅលើពួកគេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ប្រាប់ Newsroom Cambodia ថាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរួចហើយមុននឹងចេញសេចក្ដីថ្លែងការណ៍។
លោកថ្លែងថា៖ «មុននឹងចេញសេចក្ដីថ្លែងការណ៍ ឬរាល់របាយការណ៍ទាំងឡើយ ខ្ញុំយល់ឃើញថាអ្នករាយការណ៍ពិសេសបានលើកឡើងគឺមានការប្រមូលព័ត៌មានរួចទៅហើយ ព័ត៌មានគ្រប់ជ្រុងជ្រោយទៅហើយទាក់ទងទៅនឹងបញ្ហាដីធ្លី បញ្ហាការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គមជាដើម។ ហើយមួយទៀតទាក់ទងនឹងរឿងជនជាតិដើមភាគតិច អាចពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សជាច្រើនទៀតដែលបានលើកឡើង»។
លោកបន្តថា៖ «ជារឿងធម្មតាទេ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល អ៊ីចឹងត្រូវការពារផលប្រយោជន៍របស់រាជរដ្ឋាភិបាល។ វាជារឿងធម្មតាដូចដែលខ្ញុំបានលើកឡើងគ្មានអ្វីចម្លែកទេ ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ចុងក្រោយនោះគឺ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គួរតែពិនិត្យលើរបាយការណ៍ ឬសេចក្ដីថ្លែងការណ៍ដែលបានលើកឡើង ដោយអ្នកជំនាញសិទ្ធិមនុស្ស ឬក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអនុសាសន៍របស់គេ ប្រសិនជាយើងនៅមានការខ្វះចន្លោះប្រហោង យើងធ្វើការកែលម្អ យើងនឹងទទួលបានផលចំណេញច្រើន ជាជាងការច្រានចោល ការបដិសេធរបាយការណ៍ទាំងអស់នោះ»។
លោក កន សាវង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែលយល់ឃើញថាការ លើកឡើងត្រូវមើលលើមូលដ្ឋានណាមួយហើយត្រូវពឹងផ្អែកលើការពិនិត្យលើតថភាពជាក់ស្ដែង។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំនៅក្នុងការវិនិច្ឆ័យ យើងត្រូវមើលទៅលើមូលដ្ឋានជាគោលណាមួយដែលអាចយកមកពិនិត្យនៅក្នុងខ្លឹមសារគ្នា ថាតើខ្លឹមសារនៃការវិនិច្ឆ័យនឹងវាស៊ីសង្វាក់គ្នាដែរអត់ ហើយបើអត់តែតើគួរកែប្រែ ឬក៏ពិនិត្យយ៉ាងម៉េច […] សំខាន់មួយៗមានអ្វីជាការយោងជាគោលការណ៍ នេះជាគោលការណ៍សំខាន់នៅក្នុងការវិនិច្ឆ័យ»។
លោកបន្ថែមថា៖ «ខាងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សមានអ្វីនៅក្នុងការវិនិច្ឆ័យ ដោយសំអាងទៅលើអ្វី រដ្ឋធម្មនុញ្ញ ច្បាប់ ឬមួយក៏គោលការណ៍ជាសកលឬក៏ជាអ្វីផ្សេង ហើយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស មានអ្វីជាសំអាងនៅក្នុងការឆ្លើយតប ព្រោះអ្វីដែលសំខាន់នៅក្នុងគោលការណ៍នៃរបាយការណ៍ វាពឹងផ្អែកទៅលើសំអាង ថាតើសំអាងលើអ្វី។ហើយសំអាងហ្នឹង វាជាគោលការណ៍រួម ឬស្ថាប័នមួយយកសំអាងមួយផ្សេងគ្នា ហើយយកទៅនិយាយថាខុស ក៏អត់ត្រូវដែរ។
របាយការណ៍អង្គការ Freedom House ដែលជាស្ថានប័នឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅទូទាំងសាកលលោកក្នុងឆ្នាំ២០២៤បានវាយតម្លៃថា ប្រទេសកម្ពុជាមិនសេរី ដោយសារក្រុមនយោបាយជំទាស់ និងសេរីភាពសារព័ត៌មានប្រទេសកម្ពុជាទទួលបានតែ ៤ពិន្ទុនៃពិន្ទុខ្ពស់បំផុត៤០ សម្រាប់ការចាត់ថ្នាក់លើកម្រិតសិទ្ធិនយោបាយ ហើយទទួលបានតែ១៩ពិន្ទុនៃពិន្ទុខ្ពស់បំផុត៦០ សម្រាប់ការចាត់ថ្នាក់លើសេរីភាពសិទ្ធិស៊ីវិល និងទទួលបានពិន្ទុសរុប២៣នៃពិន្ទុខ្ពស់បំផុត១០០៕