ក្រសួងព័ត៌មានតម្រូវឱ្យការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងសុំការអនុញ្ញាតពីក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងមុននឹងផ្សព្វផ្សាយ។
តាមរយៈប្រកាសស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានចេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងត្រូវគោរពទៅតាមគោលការណ៍ដែលកំណត់ដោយក្រសួងព័ត៌មាន។
គោលការណ៍ដែលត្រូវបានកំណត់ក្នុងប្រកាសទាំងនោះរួមមាន មិនអនុញ្ញាតផ្សាយពាណិជ្ជកម្ម ឃោសនា និងការផ្សព្វផ្សាយលក់គ្រឿងស្រវឹងដោយយកទស្សនិកជនឱ្យទទួលទានគ្រឿងស្រវឹង នៅលើឆាកកម្មវិធីនានា។ មិនអនុញ្ញាតឱ្យផ្សាយគ្រឿងស្រវឹងផ្ដោតលើគោលដៅអនីតិជន និង/ឬយកអនីតិជនមកផ្សាយ។ មិនអនុញ្ញាតឱ្យផ្សាយលក់គ្រឿងស្រវឹងនៅចន្លោះម៉ោង១៨ ដល់ម៉ោង២០ តាមស្ថានីយទូរទស្សន៍ ឬវិទ្យុគ្រប់ប្រភេទ លើកលែងតែការផ្សាយដោយបង្ហាញតែរូបសញ្ញា ឬឈ្មោះផលិតផលគ្រឿងស្រវឹង។
ប្រកាសដដែលបន្ថែមថា ពាណិជ្ជកម្មផ្សាយគ្រឿងស្រវឹងត្រូវមានចម្ងាយមិនតិចជាង២០០ម៉ែត្រ ជាពិសេសនៅជុំវិញបរិវេណទីតាំងមួយចំនួនដូចជា គ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងអាកាសយានដ្ឋានអន្តរជាតិ។ ការបង្ហាញពីការទទួលទានគ្រឿងស្រវឹង ជាលក្ខខណ្ឌតម្រូវឱ្យសង្គមទទួលស្គាល់ ឬសម្រាប់ជោគជ័យក្នុងសង្គម ឬមោទនភាពជាតិត្រូវបានហាមឃាត់ និងត្រូវគោរពអ្នកមានតំណម រួមមានអ្នកកាន់សាសនា វប្បធម៌ អ្នកមានជំងឺ និងស្រ្តីមានផ្ទៃពោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កម្ពុជាជាប្រទេសឈរលើលេខរៀងទី៣ ដែលមានប្រជាជនផឹកគ្រឿងស្រវឹងច្រើនជាងគេក្នុងតំបន់អាស៊ានបន្ទាប់ពីឡាវ និងវៀតណាម។ នេះបើតាមរបាយការណ៍របស់ Wisevoter៕