ក្រសួងសុខាភិបាលប្រកាសហាមឃាត់ការចែកចាយ ឬលក់ឧបករណ៍បរិក្ខាពេទ្យឈ្មោះ Neoplast-S គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសហាមឃាត់ការចែកចាយ ឬលក់ឧបករណ៍បរិក្ខារពេទ្យឈ្មោះ Neoplast-S គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀងនឹងឧបករណ៍បរិក្ខារពេទ្យដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSA (Cambodia) Ltd. ដែលស្របតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ។
សេចក្តីជូនដំណឹងបន្ថែមថា ក្នុងប្រទេសកម្ពុជារាល់ការចរាចរណ៍ឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល»។
ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យលេខបញ្ជិកាមុននឹងទិញផលិតផលបង្ការ និងព្យាបាលជំងឺ។
សេចក្តីជូនដំណឹងបន្ថែមថា៖ «សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទត្រូវពិនិត្យមើលលបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១.ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២.ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់មកជាមួយ។»
ក្រសួងសុខាភិបាលក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ផលិផលផ្នែកសុខាភិបាលដែលគ្មានលេខបញ្ជិកា ព្រោះផលិតផលមិនមានស្តង់ដាធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ដែលអាចប៉ះពាល់ដល់សុខភាព និងអាចគ្រោះថ្នាក់ដល់ជីវិតផង។
ក្រសួងសុខាភិបាលក៏បានបង្ហាញភាពខុសគ្នារវាងផលិតដែលមានលេខបញ្ជិកា និងផលិផលដែលមិនស្គាល់អត្តសញ្ញាណ ដែលភាពខុសគ្នាលើទំហំប្រអប់ លតាបត្រ ពណ៌ប្រអប់ លេខបាកូដ ការដាក់របៀបប្រើប្រាស់ ការរចនាផ្នែកខាងក្រោម/ភាសា ចំណុះនៅក្នុងប្រអប់ និងផ្ទៃប្រអប់ខាងក្នុង។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលក៏ជូនដំណឹងស្រដៀងគ្នា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលដែលមានលក្ខណៈស្រដៀងគ្នានឹងផលិតផលជំនួយសុខភាពដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd.៕