ទីភ្នាក់ងារអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសបារាំងហៅកាត់ថា CFI បានសម្ពោធគម្រោង «ប្រព័ន្ធផ្សព្វផ្សាយសុខភាពតែមួយ» ជំរុញឱ្យប្រព័ន្ធផ្សាយយល់ដឹងពីជំងឺដែលមនុស្សឆ្លងពីសត្វ និងសត្វឆ្លងពីមនុស្ស ដើម្បីផ្សព្វផ្សាយបន្តដើម្បីឱ្យពលរដ្ឋយល់ដឹងពីបញ្ហានេះ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ CFI សហការជាមួយអង្គការ CIRAD បានរៀបចំកម្មវិធីសម្ពោធគម្រោង «ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ» ដែលមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
នេះបើតាមលោក ជា ប៊ុនណា ជាគ្រូបង្រៀនជំនាញវេជ្ជសាស្រ្ដសត្វ និងសមាជិកនៃបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា(CAMBOHUN) «សុខភាពតែមួយ» សំដៅលើការផ្សារភ្ជាប់សុខភាពមនុស្ស សត្វ និងបរិស្ថាន។
លោក ជា ប៊ុនណា បន្ថែមថា៖ «ជានិយមន័យសាកលដែលគេប្រើប្រាស់ទូទាំងសាកលលោកមានន័យថាសុខភាពតែមួយ គឺជាការសហការរួមគ្នាមកពីគ្រប់វិស័យ មកពីគ្រប់ជំនាញ តាំងពីថ្នាក់ជាតិ ថ្នាក់តំបន់ ឬថ្នាក់អន្តរជាតិធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យសុខភាពមនុស្សសត្វហើយនឹងបរិស្ថានទទួលបាននូវកម្រិតមួយសមស្រប ហើយគ្រប់គ្នាគឺទទួលបាននូវសុខភាពល្អ»។
លោក ប៊ុនណា បន្ថែមថា សុខភាពតែមួយសំខាន់ ព្រោះប្រជានជនរស់នៅជិតស្និទ្ធគ្នា ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូពីកន្លែងមួយទៅកន្លែងមួយ និងការចិញ្ចឹមសត្វដែលមានភាពស្និទ្ធស្នាល និងដើម្បីបង្ការការឆ្លងជំងឺផ្សេងៗដែលអាចកើតមានឡើង។
លោក Fabrice TURRI អ្នកសម្របសម្រួលថ្នាក់តំបន់លើគម្រោង «ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ» នៃទីភ្នាក់ងារអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសបារាំង (CFi) លើកឡើងថា គម្រោងនេះជាការសហការគ្នារវាង CFI និងអង្គការ CIRAD ដើម្បីផ្សព្វផ្សាយពីបញ្ហាសុខភាពតែមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហើយផ្សព្វផ្សាយបន្តដល់ពលរដ្ឋឱ្យយល់ដឹងពីបញ្ហាសុខភាពតែមួយ។
លោក Fabrice TURRI ថ្លែងថា៖ «យុទ្ធសាស្ត្រនៃគម្រោងគឺការរួមចំណែកពីអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយស្ដីពីសុខភាពតែមួយ តាមរយៈការបង្កើនការយល់ដឹងពីសុខភាពតែមួយ និងការផលិតខ្លឹមសារផ្សាយតាមកាសែត វិទ្យុ ទូរទស្សន៍ អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម»។
កញ្ញា ទុយ អេងលី ជាអ្នកសារព័ត៌មានកម្ពុជាដែលបានចូលរួមកម្មវិធីនេះលើកឡើងថា កម្មវិធីនេះផ្ដល់ចំណេះដឹងសម្រាប់អ្នកសារព័ត៌មានយល់ដឹងបន្ថែមពីជំងឺដែលអាចឆ្លងពីសត្វទៅមនុស្ស និងពីមនុស្សទៅសត្វ។ កញ្ញាបន្តថា វាអាចធ្វើឱ្យអ្នកចូលរួមយល់អត្ថន័យ និងការប្រើប្រាស់ពាក្យបច្ចេកទេសមួយចំនួន។
កញ្ញា ទុយ អេងលី ថ្លែងថា៖ «មួយវិញទៀតអ្នកសារព័ត៌មានដែលជាប់ក្នុង Program [កម្មវិធី]ហ្នឹង គាត់នឹងរៀនបន្ថែមកម្មវិធី Media for One Health [ប្រព័ន្ធផ្សព្វផ្សាយសុខភាពតែមួយ] បន្ទប់មកអ្នកសារព័ត៌មានគឺជាគោលដៅផ្នែកមួយធំក្នុងការផ្សព្វផ្សាយទាក់ទងនឹងជំងឺឆ្លង»។
កញ្ញា មាស ម៉ូលីកា ជាអ្នកសារព័ត៌មានខ្មែរមួយរូបទៀតដែលចូលរួមក្នុងវគ្គសិក្សាកម្មវិធីនោះលើកឡើងថា កម្មវិធីមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានបន្ថែមទៀតទៅលើការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងសុខភាព និងការយល់ដឹងពីប្រធានបទសុខភាពតែមួយ ខណៈការយល់ដឹងពីបញ្ហានេះនៅកម្ពុជាមិនទាន់មានភាពទូលំទូលាយ។
កញ្ញា មាស ម៉ូលីកា ថ្លែងថា៖ «បើតាមបងដឹង គេនិយាយជាសាកល [បញ្ហាសុខភាពតែមួយ] និយាយទៅប្រទេសនៅប៉ែកអ៊ឺរ៉ុបគេនិយាយយ៉ាងទូលំទូលាយ ប៉ុន្ដែនៅក្នុងប្រទេសកម្ពុជាយើង One Health អត់ទាន់យកមកបកស្រាយឱ្យច្បាស់ស៊ីជម្រៅនៅឡើយទេ»។
កម្មវិធីគម្រោងប្រព័ន្ធផ្សព្វផ្សាយសុខភាពតែមួយរៀបចំឡើងដោយទទួលបានថវិកាគាំទ្រពី ក្រសួងការបរទេសនៃសហភាពអ៊ឺរ៉ុប (The Ministry for Europe and Foreign Affairs) ដែលគម្រោងនេះបានជ្រើសរើសអ្នកសារព័ត៌មានប្រមាណ ៥០នាក់ ពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម និងភីលីពីន សរុប១២ស្ថាប័ន។ គម្រោងនេះមានរយៈពេល២ឆ្នាំ គិតចាប់ពីខែមិនា ឆ្នាំ២០២៣ ដល់ខែកុម្ភៈឆ្នាំ២០២៥៕