ក្រសួងសុខាភិបាលក្រើនរំឭកជាថ្មីដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ក្រោយរកឃើញវិជ្ជមានវីរុសផ្ដាសាយបក្សីលើក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ទៀត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
យោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បង្ហាញថា ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានសុខាភិបាលសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែង ខេត្ដស្វាយរៀង។
សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា ស្ថានភាពក្មេងប្រុសបច្ចុប្បន្នបានធូរស្រាល និងកំពុងទទួលបានការថែទាំពីក្រុមគ្រូពេទ្យយ៉ាងយកចិត្ដទុកដាក់។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «តាមការសាកសួរបង្ហាញថា ប្រហែល១២ថ្ងៃមុនចាប់ផ្ដើមឈឺ នៅក្នុងផ្ទះអ្នកជំងឺ មានមាន់ទាងាប់ចំនួនច្រើនក្បាល និងជាហូរហែ ហើយបានយកមកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាល់ និងកាន់មាន់ងាប់ ព្រមទាំងចូលចិត្ដលេងជាមួយមាន់ទា»។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលកំពុងសហការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកប្រភពចម្លង និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅក្នុងសហគមន៍ និងផ្ដល់ឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានករណីឆ្លងជំងឺផ្តាសាយបក្សីជាបន្តបន្ទាប់ ដែលភាគច្រើនកើតលើកុមារ។
ក្រសួងបានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីប្រភេទនេះ ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងសុខភាពប្រជាពលរដ្ឋ ។ ក្រសួងណែនាំឱ្យទៅពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅមូលដ្ឋានសុខភាពនៅជិតបំផុត បើមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម ក្រោយមានប្រវត្ដិប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុងពេល១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា។
សេចក្ដីប្រកាសព័ត៌មាននេះបន្ថែមថា៖ «វិធានការបង្ការ៖ សូមលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ»។
គួរបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី H5N1 ជាធម្មតាចម្លងពីបក្សីទៅបក្សី ប៉ុន្តែវាក៏អាចចម្លងពីបក្សីទៅមនុស្សបានដែរ តាមរយៈការប៉ះពាល់ជិតស្និតជាមួយបក្សីឈឺ ឬងាប់។ ជំងឺនេះកើតលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា៕