និយ័តករទូរគមនាគមន៍កម្ពុជាអំពាវនាវឱ្យអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទទាំងអស់ រាយការណ៍ជាបន្ទាន់ក្នុងករណីក្រុមហ៊ុនទូរស័ព្ទកាត់ផ្ដាច់ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលនៅមានសុពលភាពប្រើប្រាស់ និងកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីគម្រោងតម្លៃ និងលក្ខណ្ឌបានផ្សាយពាណិជ្ជកម្ម។
ក្នុងសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ចេញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងពេលថ្មីៗនេះ ន.ទ.ក រកឃើញភាពមិនប្រក្រតី និងបានផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹងការកាត់ផ្ដាច់ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខទូរស័ព្ទទាំងនោះជាថ្មី និងការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីគម្រោងតម្លៃ និងលក្ខណ្ឌនៃសេវារ៉ូមីងដែលបានផ្សាយពាណិជ្ជកម្ម។
និយ័តករទូរគមនាគមន៍កម្ពុជាអំពាវនាវដល់អ្នកប្រើប្រាស់ឱ្យរាយការណ៍ទៅខ្លួនក្នុងករណី លេខទូរស័ព្ទចល័តត្រូវបានកាត់ផ្តាច់ដំណើរការ ឬដាក់លក់ជាថ្មី។ ទឹកប្រាក់ក្នុងគណនីលេខទូរស័ព្ទចល័តត្រូវបានកាត់ ខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវា។ ការកាត់ទឹកប្រើពេលភ្ជាប់គម្រោង ឬសេវាណាមួយដោយមិនមានការយល់ព្រមពីអ្នកប្រើប្រាស់ និងការមិនទទួលបានដំណោះស្រាយណាមួយសមស្របពីប្រតិបត្តិករទូរស័ព្ទចល័តលើបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់។
និយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះ តាមន័យដើមថា៖ «ដើម្បីជំរុញការប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ន.ទ.ក សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់រាយការណ៍មក ន.ទ.ក តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីមែល [email protected]»។
Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីនិយ័តករទូរគមនាគមន៍កម្ពុជា តែមិនមានការឆ្លើយតប។
គូរបញ្ជាក់ថា និយ័តករទូរគមនាគមន៍កម្ពុជាបានចេញសេចក្ដីណែនាំស្រដៀងគ្នានេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ស្ដីពីទឹកប្រាក់ក្នុងគណនីនៃលេខទូរស័ព្ទត្រូវបានកាត់ ខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវាដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម រួមជាមួយនឹងការភ្ជាប់គម្រោង ឬកញ្ចប់សេវាទូរស័ព្ទចល័ត ឬសេវាតម្លៃណាមួយ ដែលធ្វើឱ្យមានការកាត់ទឹកប្រាក់ដោយមិនមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងការមិនទទួលបានដំណោះស្រាយសមស្របណាមួយ ពីប្រតិបត្តិករទូរស័ព្ទចល័តលើបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់៕