លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យមន្រ្ដីរាជការ បុគ្គលិក កម្មករ និងសិស្សនិស្សិត ឈប់សម្រាកនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។ នេះបើតាមសារាចរដែលបង្ហោះនៅលើទំព័រហ្វេសបុករបស់លោកហ៊ុន ម៉ាណែត។
បើតាមសារាចរ ការអនុញ្ញាតឱ្យឈប់សម្រាកចំនួន១ថ្ងៃនេះគឺ ដើម្បីឱ្យពលរដ្ឋចូលរួមអបអរសាទរនាឱកាសនោះ។ ខ្លឹមសារក្នុងសារាចរនោះបញ្ជាក់ថា «ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួលបានប្រាក់ឈ្នួល»។
សារាចរនោះឱ្យដឹងថា ក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈត្រូវណែនាំទៅដល់រោងចក្រ សហគ្រាស អំពីការឈប់សម្រាប់ដោយមានប្រាក់ឈ្មួល ជាមួយគ្នានេះក្រសួងអប់រំក៏ត្រូវផ្សព្វផ្សាយទៅតាមគ្រឹះស្ថានអប់រំផងដែរ។
លោក អាត់ ធន់ អតីតប្រធានសហភាពការងារកម្ពុជា និងបច្ចុប្បន្នជាអនុប្រធានសម្ព័ន្ធសហជីពC-CAWDU លើកឡើងថានេះជាការសម្រេចរបស់រដ្ឋាភិបាលក្នុងការបន្ថែមឬបន្ថយថ្ងៃឈប់សម្រាក។
លោក អាត់ ធន់ ថ្លែងថា៖ «ខ្ញុំគិតថាមានថ្ងៃច្រើនដែលរដ្ឋាភិបាលបានកាត់កន្លងមក[…] ដូចជាថ្ងៃសិទ្ធិកុមារ ថ្ងៃ២៣ តុលា និងថ្ងៃផ្សេងៗទៀតដែលយើងធ្លាប់ធ្វើការទាមទារអត់បានទេគឺថា កាត់ចោលអត់ឱ្យមានការឈប់សម្រាក ប៉ុន្ដែឥឡូវថ្ងៃជីកព្រែករដ្ឋាភិបាលឱ្យសម្រាក»។
យ៉ាងណាមិញលោកថា ការឈប់សម្រាកដោយមានប្រាក់ឈ្មួលសម្រាប់កម្មករ និយោជិតគឺជារឿងល្អប្រសើរ។
គម្រោងព្រែកជីកហ្វ៊ូណន ត្រូវបានប៉ាន់ប្រមាណថានឹងចំណាយទឹកប្រាក់សរុបប្រមាណ១៧០០លានដុល្លារអាមេរិក មានប្រវែងប្រមាណជា ១៨០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីប្រព័ន្ធដៃទន្លេមេគង្គរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះជាការវិនិយោគក្នុងទម្រង់ BOT (Build Operate Transfer ឬសាងសង់ ប្រតិបត្តិការ និងផ្ទេរ) ក្នុងរយៈ៥០ឆ្នាំ ដូចផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ។ ក្រុមហ៊ុនដែលវិនិយោគនឹងប្រមូលកម្រៃសេវាពីការប្រើប្រាស់ព្រែកជីកនេះ ដូចកិច្ចព្រមព្រៀងដែលបានកំណត់ រួចត្រូវផ្ទេរឱ្យរដ្ឋាភិបាលគ្រប់គ្រងបន្ត៕