ក្រសួងសុខាភិបាលប្រកាសពីការរកឃើញជំងឺផ្ដាសាយបក្សីប្រភេទហាស់៥អ៊ិន១(H5N1) មួយករណីទៀត លើក្មេងស្រីអាយុ១៦ឆ្នាំ រស់នៅខេត្តស្វាយរៀងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចេញថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្មេងស្រីអាយុ១៦ឆ្នាំត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ស្ថានភាពក្មេងស្រីបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «តាមការសាកសួរបង្ហាញថា ប្រហែល ០៤ថ្ងៃមុនចាប់ផ្ដើមឈឺនៅផ្ទះអ្នកជិតខាង និងនៅផ្ទះក្មេងស្រីមានមាន់ទាងាប់ចំនួន ០៩ក្បាល ហើយបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រីបានប៉ះពាល់និងកាន់មាន់ងាប់ »។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលកំពុងសហការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកជំងឺផ្ដាសាយបក្សី ស្វែងរកប្រភពចម្លង ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង ព្រមទាំងចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ និងយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិផងដែរ។
ក្រសួងក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺផ្ដាសាយបក្សីនេះ ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងសុខភាពប្រជាពលរដ្ឋ។ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន ស្វែងរកការពិគ្រោះយោបល់ ពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុត។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា៖ « វិធានការបង្ការ៖ សូមលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើបរិភោគត្រូវចំអិនឱ្យបានឆ្អិនល្អ»៕