តុលាការកំពូល បានតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ(KSILA) ខណៈសង្គលស៊ីវិលយល់ថា ករណីនេះមិនមានភាពចាំបាច់ឃុំខ្លួនលោកទេ។
កញ្ញា នឿន ស្រីណែត ជាគូដណ្តឹងរបស់លោក កើត សារ៉ាយ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ តុលាការកំពូល បានប្រកាសសាលក្រម ដោយសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក កើត សារ៉ាយ បន្ទាប់ពីតុលាការកំពូលបានបើកសវនាការ លើបណ្តឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ កញ្ញាបន្តថា កាលពីអំឡុងពេលសវនាការសុំនៅក្រៅឃុំនោះ ក៏បានធ្វើឡើងដោយគ្មានវត្តមានរបស់មេធាវីការពារក្ដីរបស់លោក កើត សារ៉ាយ ផងដែរ។
ករណីនេះ កញ្ញាចាត់ទុកការសម្រេចរបស់តុលាការកំពូល ដែលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក កើត សារ៉ាយ នេះថាជារឿងអយុត្តិធម៌។
កញ្ញាថា៖ «ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងមែនទែនដោយគ្រាន់តែបង កើត សារ៉ាយ គាត់អនុវត្តនូវសិទ្ធិ ជាប់ឃុំ ពោលគឺគាត់ស្នើសុំនៅក្រៅឃុំ តែបែរជាតុលាការលោកសម្រេចបដិសេធនូវសំណើស្នើសុំនៅក្រៅឃុំរបស់គាត់ ហើយខ្ញុំយល់ឃើញថា វាជារឿងអយុត្តិធម៌ខ្លាំងណាស់ ដោយសារតែគ្រាន់តែគាត់អនុវត្តសិទ្ធិជនជាប់ឃុំ ប៉ុន្តែបែរជាត្រូវបានតុលាការលោកបដិសេធនៅរៀងរាល់ដំណាក់កាលដែលបង សារ៉ាយគាត់បានស្នើសុំទៅ»។
កញ្ញា នឿន ស្រីណែត បន្ដថា ការដែលតុលាការបន្តឃុំខ្លួនលោក កើត សារ៉ាយ បានធ្វើឱ្យគ្រួសាររបស់លោកប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ខណៈម្ដាយលោក កើត សារ៉ាយ ក៏រងការប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដោយសារគាត់មានវ័យចាស់ជរា។
កញ្ញាស្នើថា៖ «ខ្ញុំនៅតែសំណូមពរ និងទទូចឱ្យតុលាការ ពិចារណានៅក្នុងការទម្លាក់បទចោទនិងដោះលែងបង កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ»។
អ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា បានប្រាប់ Newsroom Cambodia ថា ចំពោះការលើកឡើងពីភាពចាំបាច់ ឬមិនចាំបាច់នៃការឃុំខ្លួនលោក កើត សារ៉ាយ នោះជាឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាតុលាការកំពូល។
លោកស្រីថា៖ «រឿងហ្នឹងសម្រេចទៅលើក្រុមប្រឹក្សា ដែលគេប្រកាសជាសាធារណៈហ្នឹង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បើតាមគោលការណ៍សិទ្ធិមនុស្ស ករណីលោក កើត សារ៉ាយ ជាបទល្មើសមជ្ឈិមដែលមិនមានភាពចាំបាច់ក្នុងការឃុំខ្លួនបណ្ដោះអាសន្ននោះទេ។
លោកថា៖ «ករណីនេះយើងមើលទៅ ទី១ យើងឃើញថាករណីលោក កើត សារ៉ាយ ជាបទល្មើសមជ្ឈិម ហើយអញ្ចឹងបើយើងនិយាយតាមគោលការណ៍សិទ្ធិមនុស្សគឺថា ជម្រើសសេរីភាពជនជាប់ចោទជាចម្បងហ្នឹង ហើយនៅក្រោមនីតិវិធីព្រហ្មទណ្ឌមាត្រា២០៣ គេនិយាយអំពីសេរីភាពនៃជនជាប់ចោទ ហើយការឃុំខ្លួនបណ្ដោះអាសន្ន វាលុះត្រាតែករណីចាំបាច់ ហើយនិងបន្ទាន់ដែលត្រូវតែឃុំខ្លួ។ តែចំពោះករណីលោក កើត សារ៉ាយ នេះយើងឃើញថា វាមិនគួរនិងចាំបាច់ទេ ហើយមួយទៀតករណីលោក កើត សារ៉ាយ នៅសាលាដំបូង គឺចៅក្រមស៊ើបសួរបានបិទការស៊ើបសួរទៅហើយ អញ្ចឹងដូចជាមិនចាំបាច់អីក្នុងការឃុំខ្លួនបណ្ដោះអាសន្នតទៅទៀតទេ»។
ទោះយ៉ាងណា លោក អំ សំអាត រំពឹងថា សាលាដំបូងរាជធានីភ្នំពេញ នឹងផ្ដល់យុត្តិធម៌ដល់លោក កើត សារ៉ាយ ខណៈលោកយល់ថា សកម្មភាពរបស់ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែររូបនេះ ជាការអនុវត្តសិទ្ធិរបស់គាត់។
លោកថា៖ «យើងមានការសោកស្ដាយដែរទាក់ទងជាមួយនឹងការមិនឱ្យនៅក្រៅឃុំ ចំពោះលោក កើត សារ៉ាយ របស់តុលាការកំពូល ហើយយើងសង្ឃឹមថាសាលាដំបូងរាជធានីភ្នំពេញនឹងផ្ដល់យុត្តិធម៍សម្រាប់លោក កើត សារ៉ាយ ដែលជាអ្នកការពារសិទ្ធិមនុស្សយ៉ាងសកម្ម ហើយសកម្មភាពដែលលោកធ្វើកន្លងមកហ្នឹង គឺគ្រាន់តែជាសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយក្នុងគោលចង់ជួយទៅលើប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីដើម្បីស្វែងរកដំណោះស្រាយតែប៉ុណ្ណោះ មិនគួរត្រូវបានចោទប្រកាន់និងធ្វើការឃុំខ្លួននោះទេ»។
គួរជម្រាបជូនថា សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ(KSILA) នៅការិយាល័យរបស់លោក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្រោយលោកចុះទៅជួបពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ។ នៅថ្ងៃទី៧ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ពីបទ«មិនរាងចាល និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបានសម្រេចឃុំខ្លួនលោកជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស៕