តុលាការកំពូល បានសម្រេច​តម្កល់សេចក្ដីសម្រេចរបស់​សាលាដំបូងរាជធានីភ្នំពេញ​ និង​សាលាឧទ្ធណ៍​ភ្នំពេញ​ទុក​​ជាបាន​​ការ ដោយ​ផ្តន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​​ ឱ្យ​ជាប់ពន្ធនា​គារ​​រយៈ​ពេល​ ​៣​​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៤​​លាន​រៀល ក្រោម​ការចោទពីបទ ញុះញង់។

លោក អែម ចន្ថា មេធាវីការពាក្តីឱ្យលោក ថាច់ សេដ្ឋា បាន​​ប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២៤នេះ តុលាការកំពូល បាន​​សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញ​ ទុក​ជា​បាន​​ការ ហើយលោកមានការខកចិត្តចំពោះការសម្រេចនេះ។

លោកលើកឡើងថា៖ «ចំពោះការសម្តែងមតិជាទស្សនៈយល់ឃើញ ហើយជាការសម្តែងនូវឆន្ទៈផ្ទាល់ខ្លួន ដែលមានជាប្រវត្តិសាស្រ្ត ហើយក៏គ្មានការប្រឌិតដែរ និយាយរឿងពិតនៃប្រវត្តិសាស្រ្ត ជូនពលរដ្ឋ ជូនជនរួមជាតិឱ្យស្គាល់ប្រវត្តិសាស្រ្តរបស់ខ្លួន បែរទទួលរងនូវបណ្តឹងរហូតមានទោសទណ្ឌ​ ខ្ញុំក្នុងនាមមេធាវីមានការខកចិត្ត»។

ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី អាយុ៤៩ឆ្នាំ លើកឡើងថា លោកថាច់ សេដ្ឋា មិន​បានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ខណៈគាត់គ្រាន់តែលើកឡើងពីការពិតនៃ​ប្រវត្តិសាស្ត្រ ជម្រាបជូនដល់ពលរដ្ឋបានដឹងប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការសម្រេច​របស់តុលាការ​កំពូលនេះ បាន​ធ្វើ​ឱ្យ​លោក ​ថាច់ សេដ្ឋា កាន់​តែ​ជួបការ​លំបាក ព្រោះលោកមាន​ជំងឺ​ប្រចាំកាយ​ ដូច​ជា ជំងឺ​លើស​ឈាម ជំងឺបេះដូង និង​ធ្លាប់វះកាត់ផងដែរ ដែលត្រូវការការព្យាបាល​ជាប្រចាំ ខណៈអ្នកស្រីត្រូវរ៉ាប់រង​ចិញ្ចឹមកូន​ៗតែម្នាក់ឯង​។

អ្នកស្រី​លើកឡើងទៀតថា៖«សេចក្តីសម្រេចនៃតុលាការមិនយុត្តិធម៌ទេ ត្រូវតែដោះលែងគាត់ [លោក ថាច់ សេដ្ឋា] ដោយសារគាត់អត់មានកំហុសអីទាំងអស់ គាត់និយាយតែប្រវត្តិសាស្រ្ត តែតុលាការថា គាត់លើក​ឡើង​ញុះញង់ ឱ្យសង្គមរើសអើង សួរថាមានអ្នកឈ្លោះគ្នាដោយសារគាត់នៅ? ញុះញង់! គាត់ញុះញង់រឿងអី? គាត់និយាយតាមប្រវត្តិសាស្រ្ត ម៉េច​ក៏ចោទគាត់? ដាក់ទោសគាត់ទាំងគាត់មានជំងឺជាប់ខ្លួន?»។

ជាមួយគ្នានេះ អ្នកស្រីបានស្នើដល់​តុលាការ ផ្តល់ការ​អនុញ្ញាតឱ្យលោក ថាច់ សេដ្ឋា អាច​ចេញ​មកពិនិត្យសុខ​ភាព​នៅ​ខាង​ក្រៅ និងដោះលែងលោកឱ្យមានសេរីភាព មកជួបជុំគ្រួសារវិញ ដើម្បីអាចធ្វើការងារសង្គមបន្តទៀត។

ចំណែកឯ អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន លោក ​លី សុធារ៉ាយុត្តិ យល់ឃើញស្រដៀងគ្នា​នេះ​ដែរ​​ថា ការ​សម្រេច​របស់​តុលាការកំពូល ដោយផ្តន្ទាទោសលោក ថាច់ សេដ្ឋា ជារឿងអយុត្តិធម៌ ដោយសារតែគាត់​គ្រាន់តែបញ្ចេញទស្សនៈប៉ុណ្ណោះ​។ លោកថា តុលាការ​គួរមានការយោគយល់ដោយបន្ធូរបន្ថយទោស ឬទម្លាក់​ចោល​​បទចោទចំពោះរូបគាត់​​។

លោកមានប្រសាសន៍ថា៖ «គួរតែមានការយោគយល់ និងបន្ធូរបន្ថយទោស ឬទម្លាក់ចោលការចោទប្រកាន់​តាមរយៈស្មារតីផ្សះផ្សា ក្នុងគោលបំណងសាមគ្គីភាព និងឯកភាពជាតិ ក្នុងទម្រង់នៃវប្បធម៌សន្ទនាគ្នាក្នុងចំណោមអ្នកនយោបាយខ្មែរ។ ការផ្តន្ទាទោសដាក់ពន្ធនាគារលើការបញ្ចេញមតិ គឺវាប៉ះពាល់ដល់សិទ្ធិ​សេរីភាពនៃការបញ្ចេញមតិ ដែលជាសរសរស្តម្ភនៃលទ្ធិប្រជាធិបតេយ្យ»។

ជុំវិញករណីនេះ Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក​ស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលបានទេ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត យល់ថា សាលដីការបស់តុលាការកំពូលលើករណីលោកថាច់ សេដ្ឋា ដោយពិន័យជាប្រាក់ចំនួន ៤លានរៀល និងជាប់​ពន្ធនាគារចំនួន​ ៣ឆ្នាំនេះ​ គឺ​ជា​អតិបរមានៃទោស ចំពោះបទញុះញ៉ង់។

លោកបន្តថា៖ «យើង​ឃើញ​ថា អង្គការជាតិ អង្គការអន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សចាត់ទុកថា ការ​ចោទ​ប្រកាន់ ការឃុំខ្លួន និងការកាត់ទោស ទៅលោកថាច់ សេដ្ឋា នេះគឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ហើយ​ការផ្តន្ទាទោសនេះ គឺថាអាចប៉ះពាល់ទៅដល់លំហសេរីភាព​នយោបាយ […] ជនជាប់​ឃុំទាំងអស់​មិន​ត្រូវទទួលការរើសអើងទេ គឺមានសិទ្ធិស្មើគ្នា ទោះជនជាប់ឃុំនោះធ្លាប់ជាអ្នកមានអំណាច ជាអ្នកមានទ្រព្យធន ឬជនជាប់ឃុំជាជនក្រីក្រក៏ដោយ គឺមានសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវាសុខភាព »។

លោកបន្ថែមថា បញ្ហាទាំងអស់នេះ អ្នកនយោបាយ គួរតែដោះស្រាយគ្នាតាមវប្បធម៌សន្ទនា និង​តម្កល់ឧត្ដម​ប្រយោជន៍​ជាតិ​ជាធំ ហើយគោរពទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីជាភាពចាំបាច់សម្រាប់កម្ពុជា។

គួរជម្រាបថា លោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាល​ពី​​ល្ងាច​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តាមដីការបស់តុលាការ ក្រោមបទ​ចោទ​ប្រកាន់ «មិន​បំពេញកាតព្វ​កិច្ច​ចំពោះ​ឧបករណ៍អាចជួញដូរបាន» ឬសែក​ស្អុយ។ ក្រោយ​មកតុលាការបានចោទប្រកាន់អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ចំនួន ២បទចោទផ្សេងទៀត ដែលរួមមានបទ «ញុះញង់ឱ្យមានភាព​វឹកវរធ្ងន់​ធ្ងរ​​ដល់​សន្តិសុខ​​សង្គម» និង«ញុះញង់​ឱ្យមាន​ការ​រើសអើង»។ បទចោទទាំងពីរនេះ គឺជាប់ទងនឹងការថ្លែងសា​​រន​​យោ​​​​​បាយរបស់លោក អំពីស្តូបកម្ពុជា-វៀតណាម ប្រវត្តិគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា នៅ​ក្រៅប្រទេ​​ស​​ជា​​មួយអ្នកគាំទ្ររបស់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣។

លោកថាច់ សេដ្ឋា ត្រូវបានតុលាការ​នៃ​សាលាដំបូងរាជធានីភ្នំពេញ កាត់​​ទោសពី​បទ ញុះញង់ តាម​មាត្រា​ ​៤​៩​៤​ ​៤​៩​៥​ ​និង​ ​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយដាក់ពន្ធនាគារ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ​៤​​លាន​​រៀល​ ឬ​ប្រមាណ​ ​១​,០​០​០​ ​ដុល្លារ​អាមេរិក ខណៈសាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ កាល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៕