ភ្នំពេញ៖ អាជ្ញាធរខេត្តមួយចំនួន លើកឡើងថាខ្លួនបាន និងកំពុងបន្តអនុត្តគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួន។ ការលើកឡើងនេះ កើតមានឡើងក្រោយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ណែនាំឲ្យអាជ្ញាធរក្រោមសមត្ថកិច្ច ប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ សម្អាតបឹង និងតាមទីកន្លែងកំសាន្តនានាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាកាលពីចុងខែកក្កដា។
ថ្លែងនៅក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគឿងញៀន លោក ស សុខា បង្ហាញក្តីបារម្ភចំពោះការកើនឡើងនៃបរិមាណ និងកម្រិតគ្រឿងញៀន ដែលសមត្ថកិច្ចបង្រ្កាបជារៀងរាល់ឆ្នាំ ដែលកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។ នេះបើយោងតាមទំព័រផ្លូវការហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤។
លោកស សុខា ថ្លែងថា៖ «បរិមាណគ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ ការកែច្នៃ ផលិតក្នុងរូបភាពទ្រង់ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ប្រភេទគ្រឿងញៀន ដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន ដែលកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់អ្នកប្រើប្រាស់»។
ក្រៅពីការអនុវត្តស្របតាមពាក្យស្លោក ៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍ និងជំរុញឲ្យបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព លោកស សុខា ក៏បានណែនាំឲ្យ រដ្ឋបាលរាជធានីខេត្តបណ្តុះបណ្តាលជនបង្គោលនៅតាមមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយដល់យុវជននៅតាមកន្លែងកម្សាន្តនានាផងដែរ។ ក្នុងនោះមានដូចជា ផ្សារទំនើប ក្លឹបកម្សាន្ត KTV និងរោងភាពយន្តជាប្រចាំ ដើម្បីបញ្ជ្រាបនូវផលអវិជ្ជមាននៃគ្រឿងញៀន។
អាជ្ញាធរខេត្តដែល Newsroom Cambodia បានសម្ភាសលើកឡើងថាអាជ្ញាធរមូលដ្ឋាន បាន និងកំពុងអនុវត្តវិធានការនានាគិតទាំងគោលនយោបាយភូមិ-ឃុំ ស គ្មានគ្រឿងញៀន ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ និងដោះស្រាយបញ្ហាគ្រឿងញឿន រួមមានការជួញដូរ ការផលិត ព្រមទាំងការកែច្នៃគ្រឿងញៀនផងដែរ។ គោលនយោបាយភូមិ-ឃុំ ស គ្មានគ្រឿងញៀននេះ គឺផ្ដោតសំខាន់លើតំបន់ក្បែរព្រំដែន។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប ថ្លែងថាគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនេះ ត្រូវបានអនុវត្តយូររួចមកហើយ។ ហើយលោកថាបញ្ហាគ្រឿងញៀននៅខេត្តសៀមរាបមិនមែនជាបញ្ហាប្រឈមខ្លាំងនោះទេក៏ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទើបជាក្តីបារម្ភសម្រាប់ខេត្តនេះដោយសារមានការកើនឡើងជាងឆ្នាំទៅ។
លោក លី វណ្ណៈ ថ្លែងថា៖ « យើងកំពុងតែរឹតតែជំរុញបន្ថែមទៀត ដើម្បីឲ្យលុបបំបាត់នូវគ្រឿងញៀននៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរ។ ការងារទាំងអស់ហ្នឹងមិនមែនជាការងារដែលថ្មីនោះទេដូចជាថ្នាក់រដ្ឋបាលឬថ្នាក់ក្រោមជាតិគ្រប់ខេត្តក្រុងទាំងអស់យើងបានអនុវត្តរួចហើយគេហៅថាគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលក្នុងនោះមានទាំងក្មេងទំនើងពាក់ព័ន្ធគ្រឿងញៀន ល្បែងស៊ីសង ការងារទាំងអស់នេះបានអនុវត្តមកយូរហើយ»។
លោក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងប្រាប់ថា ខេត្តនេះបានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងកន្លែងម៉ាស្សា ខារ៉ាអូខេ ឬក្លឹបកំសាន្តទាំងអស់ ដោយហាមមិនឲ្យចែកចាយ ឬប្រើប្រាស់គ្រឿងញៀន។ លោកថាក្នុងករណីសមត្ថកិច្ចរកឃើញថាម្ចាស់ហាងមានលួចលាក់គ្រឿងញៀន សមត្ថកិច្ចនឹងបិទទីតាំងទាំងនោះ និងកសាងសំណុំរឿងឡើងទៅតុលាការ។
អភិបាលរងខេត្តបាត់ដំបងថា៖ «បើសិនជាម្ចាស់ទីតាំងមានលួចលាក់គឺយើងមានវិធានការច្បាប់ ទី១ នោះគឺបិទទីតាំង ទី២ នោះម្ចាស់ត្រូវកសាងសំណុំរឿងឡើងតុលាការ។ នេះជាវិធានការដែលយើងបានរៀបចំធ្វើរួចហើយនិងមានកិច្ចសន្យារួចអស់ហើយ»។
ចំពោះលោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុងវិញថ្លែងថា៖ «រដ្ឋបាលខេត្តបានចាត់ចែងរួចហើយ បន្ទាប់ពីទទួលបានសារណែនាំគឺសាលាខេត្តបានប្រជុំ មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក និងឃុំសង្កាត់ទាំងអស់បានចាត់ចែងការងារទាំងអស់ហ្នឹងរួចហើយ ជាមួយនឹងយុវជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធចាត់ចែងអស់ហើយ ហើយក៏កំពុងតែធ្វើជាបន្តបន្ទាប់និងសកម្ម។
លោក អំ សំអាត ជានាយកប្រតិបត្តិអង្គការលីកាដូ ប្រាប់ថាបញ្ហាគ្រឿងញៀនមានការបង្រ្កាបជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែនៅតែស្ថិតនៅក្នុងស្ថានភាពគួរឲ្យបារម្ភនៅឡើយដែលទាមទារឲ្យមានវិធានការតឹងរឹងដើម្បីប្រយុទ្ធប្រឆាំងទៅលើបញ្ហានេះ។
លោក អំ សំអាតថ្លែងថា៖ «យើងសង្កេតឃើញគ្រឿងញៀនបំផ្លាញមនុស្ស និងសង្គមជាតិ ជាពិសេសទៅលើការអភិវឌ្ឍន៍ប្រទេសយើងនៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះគ្រឿងញៀនក៏បង្កឲ្យមានអំពើពុករលួយផងដែរ ដូច្នេះយើងត្រូវតែមានវិធានការឲ្យបានតឹងរឹងដើម្បីប្រយុទ្ធប្រឆាំងទៅលើបញ្ហានេះ»។
លោកបានបន្តថា៖ «ការដាក់គោលការណ៍អនុវត្តគឺជារឿងមួយ ប៉ុន្តែអ្វីដែលជាប្រសិទ្ធភាពហើយសំខាន់គឺការអនុវត្តផ្ទាល់ ភូមិឃុំមានសុវត្ថិភាព និងគ្មានគ្រឿងញៀននេះទាល់តែអាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព នឹងត្រូវចៀសឲ្យផុតពីគ្រឿងញៀន បើតាមយើងមើលឃើញមានការកើនឡើងជាពិសេសគឺការកើនគីឡូនៃគ្រឿងញៀន ហើយភាគច្រើនទាក់ទងជាមួយនឹងជនបរទេសច្រើន»។
យោងតាមគេហទំព័រអាស៊ីសេរីផ្សាយថា រយៈពេល ៦៣ថ្ងៃ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាដើមឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបការជួញដូរគ្រឿងញៀន ៦៥៩ករណី ហើយឃាត់ខ្លួនមនុស្សចំនួន ៣.៨៩៩នាក់។ ចំណែកកន្លះឆ្នាំដំបូងនៃឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនចំនួន៥តោន នេះបើយោងតាមការផ្សាយរបស់វិទ្យុបារំាងអន្តរជាតិ។
កាលពីថ្មីៗនេះរដ្ឋាភិបាល បានបង្កើតកម្មវិធីទូរសព្ទថ្មីមួយឈ្មោះថា «NoDrug» ដែលជាមធ្យោបាយរាយការណ៍អំពីករណីប្រើប្រាស់ ជួញដូរ ការដឹកជញ្ជូន និងកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ទៅកាន់ក្រុមការងារ ដើម្បីឲ្យអាជ្ញាធរចុះបង្រ្កាបបានទាន់ពេលវេលា និងជយយលុបបំបាត់គ្រឿងញៀនក្នុងសហគមន៍៕