ភ្នំពេញ៖ ភាពយន្ត «ការណាត់ជួបជាមួយ ប៉ុល ពត» ដែលលោក ប៉ាន់ រិទ្ធី ជាអ្នកដឹកនាំរឿង កំពុងត្រូវបានដាក់បញ្ចាំងនៅតាមរោងភាពយន្ត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុចាប់តាំងពីថ្ងៃទី៩ ខែសីហាកន្លងមក។
«ការណាត់ជួបជាមួយ ប៉ុល ពត» ឬ «RENDEZ-VOUS AVEC POL POT» បានរៀបរាប់ពីការស្នាក់នៅរបស់អ្នកកាសែតបរទេស៣រូប ដែលត្រូវបានអញ្ជើញឲ្យមកកម្ពុជាដើម្បីជួបសម្ភាសផ្ទាល់ជាមួយលោក ប៉ុល ពត និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត ដោយស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ ភាពយន្តនេះក៏បានឆ្លុះបញ្ចាំងពីការព្យាយាមរបស់អ្នកកាសែតបរទេសក្នុងការផ្តិតយករូបភាព និងកត់ត្រាស្ថានភាពដែលកំពុងកើតឡើងកំឡុងពេលស្នាក់នៅរបស់ពួកគេ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ភាពយន្តជាទម្រង់បែបច្នៃប្រឌិត (Fiction) រយៈពេលជិត២ម៉ោងនេះ ត្រូវបានដកស្រង់ និងប្រែសម្រួលពីសៀវភៅប្រវត្តិសាស្ត្រ‹‹នៅពេលដែលសង្រ្គាមរលត់ទៅ›› របស់លោកស្រី Elizabeth Becker (អេលីហ្សាប៊ែត ប៊េកខ័រ) ដែលចេញផ្សាយដំបូងជាភាសាអង់គ្លេសកាលពីឆ្នាំ១៩៩៨។ លោកស្រី Elizabeth Becker ជាអ្នកនិពន្ធសៀវភៅអាមេរិក និងជាអ្នកកាសែតស្ត្រីមួយរូបក្នុងចំណោមអ្នកកាសែតដ៏តិចតួចដែលបានយកព័ត៌មានពីសង្គ្រាមនៅកម្ពុជា និងវៀតណាម កាលពីដើមទសវត្សរ៍ឆ្នាំ១៩៧០ និងបានជួបសម្ភាសផ្ទាល់ជាមួយអតីតមេដឹកនាំខ្មែរក្រហម លោកប៉ុល ពត។ លោកស្រី បានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដ៏គួរឱ្យឈឺចាប់មួយចំនួនពីក្រោយការលាក់បាំងរបស់របបខ្មែរក្រហម។
លោកស្រី Elizabeth Becker បានប្រាប់ Newsroom Cambodia ពីចំណាប់អារម្មណ៍របស់ខ្លួននៅពេលលោកស្រីបានទៅជួបជាមួយ ប៉ុល ពត ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យថា លោកស្រីមានការភិតភ័យ តែក៏មានការចាប់អារម្មណ៍ពីសម្លៀកបំពាក់ និងស្នាមញញឹមរបស់លោក ប៉ុល ពតដោយមិនបាននឹកស្មានដល់ថានេះជារបបមួយសម្លាប់មនុស្សយ៉ាងឃោឃៅ និងបានលាក់បាំងការពិតយ៉ាងជិតនោះទេ។
លោកស្រីថ្លែងថា៖ ‹‹ខ្ញុំពិតជាមានកិត្តិយស និងអរគុណដែលលោក ប៉ាន់ រិទ្ធី បានផលិតភាពយន្ដដែលបំផុសគំនិតពីជីវិត និងការងាររបស់ខ្ញុំនៅក្នុង RENDEZ-VOUS AVEC POL POT។ គាត់បានបង្ហាញពីការពិតនៃដំណើរទស្សនកិច្ចរបស់ខ្ញុំពីជីវិតខាងក្រៅជាឯកសារ ជារឿងដែលសញ្ជប់សញ្ជឹងគួរឱ្យភ័យខ្លាច និងជាទីបំផុតរបស់មនុស្សដែលឆ្លុះបញ្ចាំងអ្វីដែលខ្ញុំបានឆ្លងកាត់ ដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកនៅពេលមើលការចាក់បញ្ចាំងលើកដំបូងនៅ Cannes››។
បើតាមកិច្ចសម្ភាសន៍របស់ផលិតករភាពយន្តលោក ប៉ាន់ រិទ្ធី ជាមួយសារព័ត៌មានបរទេស CAMBODGEMAG ឈុតឆាកនៅក្នុងខ្សែភាពយន្ដនេះដែលដកស្រង់ពីសៀវភៅរបស់លោកស្រី Elizabeth Becker មានជាអាទ៍របៀបដែលលោកស្រីសម្ភាស របៀបដែលខ្មែរក្រហមរារាំងលោកស្រីពីការជួបជាមួយប្រជាជន និងរបៀបដែលពួកគេបានរាយការណ៍ត្រឡប់ទៅមេដឹកនាំរបស់ពួកគេ។
បន្ទាប់ពីការចាក់បញ្ជាំងភាពយន្តឈានដល់ទីបញ្ចប់ អ្នកទស្សនាខ្លះមានទឹកមុខស្រពាប់ស្រពោន អ្នកខ្លះទឹកមុខធម្មតាដោយគ្មានញញឹម និងអ្នកខ្លះទៀតក៏បាននិយាយគ្នាបន្ថែមពីសាច់រឿងដែលខ្លួនបានមើលរួច។ អ្នកទស្សនាទាំងនោះមានវ័យ និងជាតិសាសន៍ចម្រុះ មានទាំងយុវជន ក្មេង ចាស់ ប្រុស ស្រី និងជនបរទេសផងដែរ។
លោក សេង ជលអុី ជាគ្រូបង្រៀនភាសាខ្មែរ និងគ្រូយោធា ថ្លែងមកកាន់ Newsroom Cambodia បន្ទាប់ពីលោកទស្សនាខ្សែភាពយន្តចប់ថាសាច់រឿងនេះអ្នកនិពន្ធបានឆ្លុះបញ្ចាំងពីជីវិតនៅរបបខ្មែរក្រហម ហើយលោកលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយចូលរួមទស្សនាខ្សែភាពយន្ដបែបប្រវត្តិសាស្រ្ដឱ្យបានច្រើន ដើម្បីបង្កើនការយល់ដឹងពីប្រវត្តិរបស់ប្រទេសខ្លួនឱ្យកាន់តែច្រើន។
លោកបន្ថែមទៀតថា៖ ‹‹ខ្ញុំចាប់អារម្មណ៍ជាងគេគឺជនជាតិបរទេសដែលគេសម្លាប់ចោល មុនដំបូងគឺលោក Paul បន្ទាប់មកគឺ Alain។ ហើយចុងក្រោយម្នាក់ស្រីដែលជាមិត្តភក្ដិរបស់ Paul និង Alain ខ្លាចគាត់ក៏បិទមាត់មិននិយាយអ្វីទៀតទេ សូម្បីជនជាតិខ្មែរក៏គេសម្លាប់ដែរឱ្យតែប្រឆាំងជាមួយនឹងរបបប៉ុលពត››។
កញ្ញា ផេង ទិព្វពិសី ជាបុគ្គលិកផ្នែកទីផ្សារ បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួនថា បន្ទាប់ពីទស្សនាខ្សែភាពយន្ដការណាត់ជួបជាមួយ ប៉ុល ពត រួចមកគឺបានបង្ហាញពីទិដ្ឋភាពជាក់ស្ដែងលម្អិតដែលបានកើតឡើងនៅជំនាន់នោះ ដូចជាតួអង្គ Paul ពេលដើរចូលព្រៃបានឃើញសភាពសាកសពដែលស្អុយរលួយពិបាកព៌ណនា។
កញ្ញាបានបន្តទៀតថា៖ ‹‹អ្វីដែលចាប់អារម្មណ៍ជាងគេគឺ ហេតុអ្វីបានជា ប៉ុល ពត មិនសម្លាប់តួស្រីទាំងដែលតួស្រីពេលដែលវគ្គចុងក្រោយគឺសួរដេញដោល ប៉ុល ពត ខ្លាំងមែនទែន សួររឿង Paul សួរថាហេតុអ្វីបានជាប្រទេសនេះអត់មានយុត្តិធម៌ច្បាស់លាស់ ហេតុអ្វីគាត់ឃើញទិដ្ឋភាពទាំងអស់នេះពី Paul ហើយ ប៉ុន្ដែចុងក្រោយបែរជាសម្លាប់មិត្តភកិ្តរបស់គាត់ទៅវិញដែរឈ្មោះ Alain››។
រឿងការណាត់ជួបជាមួយប៉ុលពតនេះ ត្រូវបានចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តកាន (Cannes Première) កាលពីខែឧសភា និងត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនបារាំងកាលពីដើមខែមិថុនាកន្លងទៅ៕