សង្គមស៊ីវិលមួយចំនួន ផ្ដល់អនុសាសន៍ដល់យុវជនឱ្យបង្កើនចំណេះដឹងផ្នែកច្បាប់ និងយល់ដឹងពីសិទ្ធិនានាបន្ថែមទៀត ដើម្បីឱ្យពួកគេអាចចូលរួមលើកកម្ពស់សិទ្ធិមូលដ្ឋាន និងយុត្តិធម៌សង្គមនៅកម្ពុជា ខណៈដែលពួកគេសង្កេតឃើញថា ស្ថានភាពនៃសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ នៅមិនទាន់មានភាពប្រសើរនៅឡើយ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាយុវជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដែលរៀបចំដោយអង្គការសង្គមស៊ីវិលចំនួន១២ ដើម្បីអបអរសាទរទិវាយុវជនកម្ពុជា ក្រោមមូលបទ «ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជនឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ»។
ក្នុងវេទិកានោះ កញ្ញា រៀម ស្រីពេជ្ររតនា អគ្គលេខាធិការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA) បានលើកឡើងថា យុវជនកម្ពុជាភាគច្រើន មិនបានយល់ដឹងពីច្បាប់ និងសិទ្ធិជាមូលដ្ឋាននោះទេ ដែលនេះជាកម្សោយមួយរបស់យុវជន និងធ្វើឱ្យពួកគេមិនសូវខ្វល់ខ្វាយនឹងរឿងសង្គម។ ករណីនេះ កញ្ញាយល់ថា យុវជនគួរឆ្លៀតពេលក្រៅម៉ោងសិក្សា រៀនពីច្បាប់ ឬយ៉ាងហោចណាស់យុវជនគប្បីរៀនពីសិទ្ធិនិងករណីយកិច្ចពលរដ្ឋ។
កញ្ញាថា៖ «ច្បាប់រដ្ឋធម្មនុញ្ញ ត្រូវតែអាន បើថាមិនមានពេលសោះ ឬក៏មិនចូលចិត្តអានសៀវភៅសោះ អានជំពូក៣ថា ខ្លួនឯងជាពលរដ្ឋហ្នឹងមានសិទ្ធិអីខ្លះ? ករណីយកិច្ចអីខ្លះ? បន្ទាប់មកទៀត ទៅអានអំពីច្បាប់នៃសិទ្ធិមនុស្សថាច្បាប់នៃសិទ្ធិមនុស្សហ្នឹងគឺមានអីគេខ្លះ ហើយទៅមើលអំពីលទ្ធិប្រជាធិប្បតេយ្យថាមានគោលការណ៍អ្វីខ្លះ? ហើយមានប៉ុន្មាន? អាហ្នឹងជាជំហ៊ានដំបូងនៃការស្វែងរកចំណេះដឹង»។
មួយវិញទៀត កញ្ញា ស្រីពេជ្ររតនា ក៏បានជំរុញឱ្យយុវជនគួរស្ដាប់ព័ត៌មានប្រចាំថ្ងៃ ដើម្បីតាមដានពីបញ្ហាសង្គម និងចូលរួមលើកពីបញ្ហានានា ដែលកើតឡើងក្នុងមូលដ្ឋានរស់នៅរបស់ខ្លួនជាដើម ដើម្បីរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ។
កញ្ញាថា៖ «ក្នុងនាមជាយុវជន យើងចូលរួមយ៉ាងម៉េច? នៅសហគមន៍របស់ខ្លួនឯង មានបញ្ហាអីផ្ដល់ទៅមេឃុំ យើងមានមេឃុំក្នុងការដឹកនាំ។ យើងត្រូវដឹងអំពីថវិការរបស់ឃុំ មួយឆ្នាំប្រជុំឃុំម្ដងយើងត្រូវតែចូលរួមដើម្បីលើកឡើងប្រាប់មេឃុំថាភូមិខ្ញុំត្រូវការអី មានបញ្ហាអី[…]ហើយយើងជាយុវជនជាបញ្ញាវន្ត នៅពេលដែលយើងមើលឃើញអំពីបញ្ហាអសន្តិសុខ ឬក៏បញ្ហាអយុត្តិធម៌ទៅលើអ្នកដទៃ យើងត្រូវតែចូលរួមបញ្ចេញមតិដោយក្រមសីលធម៌»។
អ្នកស្រី ប្រាក់ ចាន់ម្លី អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) មានប្រសាសន៍ថា យុវជនកម្ពុជាបច្ចុប្បន្ន ភាគច្រើនមិនសូវតាមដានពីបញ្ហាសង្គមនោះទេ ដោយពួកគេចាប់អារម្មណ៍លើការកំសាន្តផ្សេងៗ។
អ្នកស្រីថា៖«យើងឃើញថា យុវជនមួយចំនួន យើងមិនអាចថាតូចឬក៏ធំទេ គាត់ហាក់ដូចជាចាប់អារម្មណ៍ទៅនឹងការកំសាន្តសប្បាយច្រើនជាងការងាកមកចាប់អារម្មណ៍ទៅលើការវិវត្តនៅក្នុងសង្គម ព្រោះអីផលជះពួកគេអាចនឹងជួបនៅពេលណាមួយ[…] បើសិនជាពួកគាត់មិនបានចាប់អារម្មណ៍ទាល់តែសោះទៅលើព័ត៌មានទាក់ទងទៅនឹងសេរីភាពមូលដ្ឋាន ឬក៏សិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន អញ្ចឹងទៅថ្ងៃមុខ គឺគាត់មិនអាចបែងចែក និងវិនិច្ឆ័យបានដឹងច្បាស់ទេថា តើអំពើដែលគេប្រព្រឹត្តមកលើគាត់ ឧទាហរណ៍ថាជាបុគ្គលណាមួយ ជាតួអង្គនិយោជក ឬក៏ជាមន្ត្រីរដ្ឋាភិបាលណាមួយ រំលោភបំពានសិទ្ធិរបស់ពួកគាត់ អ៊ីចឹងមិនអាចវិនិច្ឆ័យជាក់លាក់ថា តើសកម្មភាពនោះជាការរំលោភបំពានសិទ្ធិមនុស្សដែរឬទេ»។
ករណីនេះ អ្នកស្រីបានផ្ដល់អនុសាសន៍ឱ្យយុវជន រៀនអង្កេតពីបញ្ហាផ្សេងៗ រួមទាំង សិទ្ធិ ពាណិជ្ជកម្ម និងការសម្រេចនានារបស់រដ្ឋាភិបាល។ អ្នកស្រីក៏សំណូមពរឱ្យរដ្ឋាភិបាលបញ្ចូលមេរៀនពីសិទ្ធិមូលដ្ឋានចូលក្នុងកម្មវិធីសិក្សាគ្រប់កម្រិតសិក្សា ទាំងសាលារដ្ឋនិងឯកជន ព្រមទាំងការពារពលរដ្ឋកុំឱ្យរងភាពអយុត្តិធម៌នានា។
ចំណែក លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) សង្កេតឃើញដែរថា ក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ មានយុវជន និងសកម្មជនមួយចំនួន ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ទាំងសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថាន ខណៈដែលពួកគេអនុវត្តសិទ្ធិរបស់ខ្លួន។
លោកបន្តថា៖ «ខ្ញុំពិតជាមានការព្រួយបារម្ភណាស់ ដែលចំនួននៃការឃាត់ខ្លួនមានការកើនឡើង យើងក៏បារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា[…] ទោះបីជាស្ថានភាពលំហសង្គម មានការរិតត្បិតពីសង្គមយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងនាម យើងជាពលរដ្ឋ ក្នុងនាមយើងជាម្ចាស់ប្រទេស យើងនៅតែប្រកាន់ខ្ជាប់នៅការសិក្សា ស្វែងយល់អំពីសិទ្ធរបស់យើង ហើយយើងនៅតែអនុវត្តសិទ្ធរបស់យើង ព្រោះការអនុវត្តសិទ្ធិរបស់យើងមិនមែនជាកំហុសទេ»។
កញ្ញា ទីង នៀ ជានិស្សិតឆ្នាំទី៣ផ្នែកគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដា គាំទ្រចំពោះការជំរុញឱ្យយុវជន អានពីច្បាប់ និងសិទ្ធិ ព្រោះវាអាចផ្ដល់ឱ្យយុវជននូវចំណេះដឹងបន្ថែមពីសិទ្ធិរបស់ខ្លួន ចូលរួមក្នុងការអភិវឌ្ឍសង្គម និងទប់ស្កាត់នូវភាពអយុត្តិធម៌សង្គម។
កញ្ញាមានប្រសាសន៍ថា៖ «ខ្ញុំគិតថាល្អ ព្រោះដើម្បីឱ្យយុវជនយល់ដឹងពីច្បាប់ឱ្យបានច្រើន និងសិទ្ធរបស់ខ្លួននៅក្នុងសង្គម[…] ពួកគេអាចមានសិទ្ធការពារខ្លួន ហ៊ានតវ៉ាកាលណាយល់ដឹងពីសិទ្ធនិងច្បាប់ច្រើន»។
ព្រះតេជគុណ ធូរ វ៉ាឃឹម ជាយុវសង្ឃមួយអង្គ គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ មានសង្ឃដីកាក្នុងវេទិកាយុវជនកម្ពុជាដែរថា នៅពេលព្រះអង្គចូលរួមកិច្ចការសង្គម ទៅតាមសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ព្រះអង្គតែងទទួលរងការរើសអើងពីសំណាក់អ្នកនៅជុំវិញខ្លួនមួយចំនួន និងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរជាដើម។
ព្រះតេជគុណមានសង្ឃដីកាថា៖«នៅពេលដែលអាត្មាចូលរួមកិច្ចការសង្គមកន្លងមក មានមិត្តភត្ដិជាច្រើនដែលរើសអើងអាត្មាថា អាត្មាចូលរួមសកម្មភាពនយោបាយ អាចបាត់ទំនាក់ទំនងច្រើន។ ទី២ សាលារៀន តែងតែគម្រាមគំហែង គាត់ថាបើនៅតែចូលរួមតាមបណ្តាញសង្គម ឬចូលរួមផ្ទាល់ អាចនឹងលុបឈ្មោះ ឱ្យធ្លាក់ ឬកាត់ពិន្ទុជាដើម នោះជាបញ្ហាអាត្មាដែលគ្រាន់តែចូលរួមគោរពសិទ្ធិមនុស្ស ឬសិទ្ធខ្លួនឯងក្នុងប្រទេសប្រជាធិបតេយ្យ ធំជាងនេះ ថ្មីៗនេះអាត្មាចូលរួមគម្រប់ខួបលោកបណ្ឌិត កែម ឡី នៅស្តុបបូកគោ មន្រ្តីខណ្ឌតាមគំរាមគំហែងខ្លាំងមែនទែន»។
ព្រះតេជគុណបន្ថែមថា យុវជនអាចចូលរួមកិច្ចការងារសង្គមទៅតាមលិទ្ធភាពរៀងៗខ្លួន ប្រកបដោយក្រមសីលធម៌ និងចូលរួមបញ្ចេញមតិក្នុងឃុំសង្កាត់របស់ខ្លួនដែលកំពុងមានបញ្ហា ដើម្បីស្វែងរកដំណោះស្រាយ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍នៅថ្ងៃទី១២ ខែសីហា ថា រដ្ឋាភិបាលបានបើកចំហគ្រប់យ៉ាងទាំងសិទ្ធិតាមប្រព័ន្ធបណ្ដាញសង្គម សេរីភាពសារព័ត៌មាន និងសេរីភាពជួបជុំយ៉ាងទូលំទូលាយ។ លោកថា រដ្ឋាភិបាលធានានូវសិទ្ធិជូនពលរដ្ឋ កាលណាការប្រើប្រាស់សិទ្ធិនោះមិនរំលោភដល់សិទ្ធិអ្នកដទៃ។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលបានធ្វើគ្រប់យ៉ាង ហើយរដ្ឋធម្មនុញ្ញមាត្រា៤១ហ្នឹងគឺបានចែងច្បាស់ហើយជាច្បាប់កំពូល ប្រជាពលរដ្ឋខ្មែរទាំងពីរភេទហ្នឹងមានសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពបោះពុម្ភផ្សាយ សិទ្ធិសេរីភាពក្នុងការជួបជុំ ប៉ុន្តែជនណាក៏ដោយមិនអាចប្រើសិទ្ធិនេះរំលោភទៅលើកិត្តិយសសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ រំលោភទៅលើសណ្ដាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ល្អរបស់សង្គម ហើយនិងសន្តិសុខជាតិ។ នេះគឺជាខ្លឹមសារធំបំផុតដែលបងប្អូនយើងត្រូវរៀនសូត្រហើយឱ្យចាំហើយយើងធ្វើតាមហ្នឹងទៅយើងបានសុខហើយ»។
គួរជម្រាបជូនថា ទិវាយុវជនអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្នុងគោលបំណងជាចម្បងដោះស្រាយបញ្ហាដែលយុវជន និងស្ត្រីសម័យទំនើប កំពុងប្រឈម។ ទិវានេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែសីហា ជារៀងរាល់ឆ្នាំ ដោយបានធ្វើឡើងជាលើកដំបូងចាប់ពីឆ្នាំ២០០០៕