លោកស្រី អេលីហ្សាប៊ែត ប៊េកខ័រ (Elizabeth Becker) ជាអ្នកនិពន្ធសៀវភៅ«នៅពេលដែលសង្គ្រាមរលត់ទៅ»ដែលរៀបរាប់ពីកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកស្រី ជាអ្នកកាសែតស្ត្រីមួយរូបក្នុងចំណោមអ្នកកាសែតដ៏តិចតួចដែលបានយកព័ត៌មានពីសង្គ្រាមនៅកម្ពុជា និងវៀតណាម កាលពី ដើមទសវត្សរ៍ឆ្នាំ១៩៧០ និងបានជួបសម្ភាសផ្ទាល់ជាមួយអតីតមេដឹកនាំខ្មែរក្រហម លោកប៉ុល ពត។ លោកស្រី បានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដ៏គួរឱ្យឈឺចាប់មួយចំនួនពីក្រោយការលាក់បាំងរបស់របបខ្មែរក្រហម។ កាលពីសប្តាហ៍មុន ភាពយន្តទម្រង់បែបច្នៃប្រឌិត (Fiction) «ការណាត់ជួបជាមួយ ប៉ុល ពត» ដែលបានដកស្រង់ និងប្រែសម្រួលពីសៀវភៅប្រវត្តិសាស្ត្រ‹‹នៅពេលដែលសង្រ្គាមរលត់ទៅ»កំពុងត្រូវបានដាក់បញ្ចាំងនៅតាមរោងភាពយន្ត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងកញ្ញា ស្អាត បុទុំម៉ា សិក្ខាកាមមកពីញូវសន៍រូមខេមបូឌា (Newsroom Cambodia) ជាមួយលោកស្រី អេលីហ្សាប៊ែត ប៊េកខ័រ។
Q៖ ជម្រាបសួរលោកស្រី អេលីហ្សាប៊ែត ប៊េកខ័រ!
A៖ ចាស ជម្រាបសួរ!
Q៖ តើលោកស្រីមានអារម្មណ៍យ៉ាងណានៅពេលដែលលោកស្រីបានជួបជាមួយអតីតមេដឹកនាំខ្មែរក្រហមលោក ប៉ុល ពត?
A៖ ខ្ញុំមានការភិតភ័យ និងការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅឆ្នាំ១៩៧៨ ឧក្រិដ្ឋកម្ម សេចក្តីស្លាប់ និងភាពឃោរឃៅយ៉ងឃ្នងនៃរបបនោះនៅមានការលាក់បាំងយ៉ាងជិតនៅឡើយ។ ហេតុនេះ ខ្ញុំមិនអាចរំពឹងអ្វីជាក់លាក់នោះទេ។
ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមុខមាត់ញញឹមញញែម និងបុល្គិកលក្ខណៈខាងក្រៅរបស់គាត់។ គាត់ស្លៀកពាក់យ៉ាងស្អាតបាត រៀបរយ។ ប៉ុន្តែក្រោយមកបន្តិច គាត់ក៏ចាប់ផ្ដើមទូន្មានប្រៀនប្រដៅខ្ញុំ ហើយខ្ញុំបានចាប់ផ្តើមមើលឃើញថាគាត់ពោរពេញទៅដោយភាពមន្ទិលមិនទុកចិត្ត និងមានស្មារតីច្របូកច្របល់។
Q៖ តើលោកស្រីយល់យ៉ាងណាចំពោះប្រជាជនកម្ពុជាក្រោយរបបខ្មែរក្រហម ជាពិសេសយុវជន?
A៖ ខ្ញុំមានក្តីសោមនស្ស ដែលប្រជាជនកម្ពុជាបានរៀនពីប្រវត្តិសាស្ត្ររបស់ខ្លួន និងមានការខិតខំប្រឹងប្រែងជាច្រើនដែលបានធ្វើឡើងដើម្បីជួយពួកគេឲ្យធូរស្បើយ និងសះស្បើយពីអតីតកាល។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីអាចជាសះស្បើយបាន វាទាមទារឲ្យមានសេរីភាពក្នុងការចោទជាសំណួរ មានភាពស្មោះត្រង់ចេញពីអារម្មណ៍ខ្លួន និងការអនុញ្ញាតិឲ្យពួកគេអាចក្លាយជាបុគ្គលដែលអាចជំនះអតីតកាល និងគិតគូរពិចារណាដោយខ្លួនឯង។ អ្វីដែលខ្ញុំខ្លាចគឺថាសេរីភាពបែបនោះមិនទាន់លេចជារូបរាងនៅឡើយ។
Q៖ នៅពេលនេះភាពយន្តដែលនិយាយពីបទពិសោធន៍របស់លោកស្រីបានចាក់បញ្ចាំងជាសាធារណៈហើយ តើលោកស្រីមានអារម្មណ៍យ៉ាងណាដែរ?
A៖ ខ្ញុំមានកិត្តិយស និងក្តីសោមនស្ស។ ហើយខ្ញុំក៏សូមសម្ដែងគារវកិច្ចដល់លោក ប៉ាន់ រិទ្ធី ដែលបានផលិតភាពយន្ដដែលឆ្លុះបញ្ចាំងចេញពីជីវិត និងការងាររបស់ខ្ញុំ។ នៅក្នុងសាច់រឿងគាត់បានបង្ហាញពីការពិតនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ ថ្វីបើនេះមិនមែនជាភាពយន្តបែបឯកសារក៏ដោយ។ ជំនួសមកវិញ នេះជារឿងដែលពោរពេញទៅដោយភាពយកចិត្តទុកដាក់ សិល្បៈច្នៃប្រឌិត ភាពរន្ធត់ដែលបានរំលេចនូវអ្វីដែលខ្ញុំបានឆ្លងកាត់នាសម័យនោះដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកនៅពេលមើល ការចាក់បញ្ចាំងជាលើកដំបូងនៅមហាស្រពកាន។
Q៖ តើលោកស្រីរំពឹងយ៉ាងណាចំពោះខ្សែភាពយន្ដនេះ?
A៖ ខ្ញុំរំពឹងថាប្រជាជនកម្ពុជានឹងពេញចិត្តភាពយន្ដនេះ។ ភាពយន្តនេះត្រូវបានគេសាទរយ៉ាងខ្លាំងនៅពេលចាក់បញ្ចាំងនៅប្រទេសបារាំងមានទស្សនិកជនចូលរួមមើលយ៉ាងច្រើនកុះករនិងទទួលបានការវាយតម្លៃយ៉ាងខ្ពស់បំផុត។ ខ្ញុំយល់ថា សម្រាប់កម្ពុជាសាច់រឿងនេះនឹងត្រូវបានគេចាត់ទុកថាជាស្នាដៃមួយដ៏ពិសេសអស្ចារ្យដែលជាការពណ៌នាដើមចមបទពិសោធន៍ដ៏រន្ធត់នៃប្រវត្តិសាស្ត្រដែលពិតជានឹកស្មានមិនដល់។ នេះជាការងារសិល្បៈមួយដ៏អស្ចារ្យ។ខ្ញុំមិនដឹងថាគាត់បានកសាងស្នាដៃបែបនេះដោយរបៀបណាទេ ប៉ុន្ដែខ្ញុំចង់និយាយថាលោក ប៉ាន់ រិទ្ធី ជាធនធានដ៏មានតម្លៃរបស់កម្ពុជា។
Q៖ អរគុណលោកស្រី អេលីហ្សាប៊ែត ប៊េកខ័រ សម្រាប់ការផ្ដល់បទសម្ភាសន៍!
A៖ ចាស អរគុណ!៕
[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]