កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលមានពលរដ្ឋកើតវិបត្តិផ្លូវចិត្តច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Our World in Data នៅដើមឆ្នាំ២០២៤នេះ។ អ្នកជំនាញលើកឡើងថាដូចគ្នានឹងសុខភាពផ្លូវកាយដែរ ជំងឺផ្លូវចិត្ត គឺត្រូវការការព្យាបាល តាមរយៈឱសថ ឬប្រឹក្សាយោបល់ផ្លូវចិត្ត ស្របពេលដែលនៅកម្ពុជា ជំងឺផ្លូវចិត្ត មិនទាន់ត្រូវបានពិភាក្សា និងស្វែងយល់ឲ្យបានសុីជម្រៅនៅឡើយ។
កញ្ញា ហៀង រ៉ូណា ជាសិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom Cambodia) បានសម្ភាសលោក កុសល់ ឌីណា អ្នកផ្តល់ប្រឹក្សាផ្លូវចិត្តនៃអង្គការចិត្តសង្គម អន្តរវប្បធម៌ ហៅការថា ធីភីអូ កម្ពុជា(TPO Cambodia)។
Q៖ ជម្រាបសួរលោក កុសល់ ឌីណា!
A៖ បាទជម្រាបសួរ!
Q៖ តើអ្វីទៅជាជំងឺផ្លូវចិត្ត?
A៖ ជំងឺផ្លូវចិត្ត សំដៅដល់ការលំបាកផ្នែកអារម្មណ៍ ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើការគិត អារម្មណ៍ និងអាកប្បកិរិយារបស់បុគ្គល។ បញ្ហានោះក៏អាចប៉ះពាល់លើ សមត្ថភាពក្នុងការបំពេញការងារ និងការកសាងទំនាក់ទំនងជាមួយអ្នកដទៃ។ ជាទូទៅបើនិយាយពីជំងឺផ្លូវចិត្ត ប្រជាជនយើងបានប្រើពាក្យដូចជា ខូចចិត្ត ខូចសរសៃប្រសាទ ឆ្កួត វិកលចរិក មិនគ្រប់ទឹក ឡប់សតិ ជាដើម។ ពាក្យទាំងនេះមិនបានផ្តល់នូវព័ត៌មានពេញលេញ អំពីអ្វីដែលបានកើតឡើងចំពោះបុគ្គលឡើយ។ ជំងឺផ្លូវចិត្ត គឺត្រូវការការព្យាបាល តាមរយៈឱសថ ឬប្រឹក្សាយោបល់ផ្លូវចិត្ត ខុសពីបញ្ហាផ្លូវចិត្ត។ បញ្ហាផ្លូវចិត្តមានន័យថាមនុស្សជួបស្ថានភាពលំបាកដែលរំខានអារម្មណ៍មួយរយៈ ប៉ុន្តែវាក៏ប្រសើរឡើងវិញដោយមិនបាច់ព្យាបាលឡើយ នៅពេលបញ្ហានោះត្រូវបានដោះស្រាយបាន ឬបុគ្គលខ្លះក៏ត្រូវការជំនួយគាំទ្រដែរ។
Q៖ តើជំងឺផ្លូវចិត្តមានប៉ុន្មានប្រភេទ អ្វីខ្លះ?
A៖ ជំងឺផ្លូវចិត្ត មិនសូវជាខុសគ្នាពីជំងឺផ្នែករាងកាយទេ។ ជំងឺផ្លូវចិត្តមានច្រើនជាង២០០ប្រភេទខុសៗគ្នា ប៉ុន្តែជាជំងឺដែលតែងកើតមានញឹកញាប់ជាងគេ យើងច្រើនតែមាន ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជំងឺចិត្តវិកល បាក់ស្បាត PTSD និងមួយចំនួនទៀតដូចជា បាយផូឡា អូស៊ីឌី ជំងឺផ្នែកអាកប្បកិរិយា ជំងឺផ្លូវចិត្តដែលមានបញ្ហាមកពីការជះឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀន។ ទូទៅការចាប់ចំណាត់ថ្នាក់របស់ជំងឺ គឺត្រូវបានវាស់វែងទៅតាមទម្រង់រោគវិនិច្ឆ័យ មានកម្រិតតិចស្រួចស្រាល មធ្យម ឬបង្គួរ និងធ្ងន់ធ្ងរ។
Q៖ តើជំងឺផ្លូវចិត្តធ្ងន់ធ្ងរខុសពីជំងឺផ្លូវចិត្តធម្មតាយ៉ាងម៉េចខ្លះ?
A៖ ស្ថានភាពជំងឺផ្លូវចិត្តធ្ងន់ធ្ងរ គឺអ្នកជំងឺបាត់បង់ការគ្រប់គ្រងខ្លួនឯង ការថែទាំ និងការបំពេញមុខងារប្រចាំមិនបានល្អ ឬបាត់បង់ទាំងស្រុង។ ឧទាហរណ៍ដូចជំងឺចិត្តវិកល និងជំងឺធ្លាក់ទឹកចិត្តជាដើម។ ចំណែកជំងឺនៅក្នុងកម្រិតមធ្យម ឬកម្រិតស្រាលពួកគាត់អាចនៅមានលទ្ធភាពក្នុងការធ្វើកិច្ចការងារទាំងនោះបាន ក៏ប៉ុន្តែគ្រាន់តែមិនសូវល្អដូចពីមុនប៉ុណ្ណោះ។
Q៖ តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាមនុស្សម្នាក់កំពុងមានជំងឺផ្លូវចិត្ត?
A៖ ចំនុចដំបូងយើងត្រូវកំណត់សញ្ញានោះថាមាន រយៈពេលលើសពី២សប្តាហ៍ ហើយអាចសម្គាល់៣ចំនុចរបស់បុគ្គលនោះ។ ទី១ ផ្នែករាងកាយ គ្មានកម្លាំងថាមពលរ៉ាំរ៉ៃ ដេកច្រើនឬតិច ថយចុះការញ៉ាំអាហារ ឬកើនឡើង មានការឈឺចាប់នៅតាមផ្នែកដងខ្លួនពិបាកក្នុងបរិយាយ(ឈឺគ្រប់កន្លែង)។ ទី២ ផ្នែកអារម្មណ៍ អារម្មណ៍អស់សង្ឃឹម ព្រួយបារម្ភច្រើន អារម្មណ៍រសាប់រសល់នៅមិនសុខ ឆាប់ប្រែប្រួលអារម្មណ៍ ក្រៀមក្រំ ឯកោ គ្មានអារម្មណ៍រីករាយទោះបីចូលរួមសកម្មភាពណាមួយក៏ដោយ ឆាប់ភ័យ ភ័យខ្លាចគ្មានមូលហេតុច្បាស់លាស់។ ទី៣ ផ្នែកអាកប្បកិរិយា ថយចុះទំនាក់ទំនងសង្គម គេចចេញពីគេឯង មិត្តភក្តិក្រុមគ្រួសារ លែងសូវខ្វល់ដល់ការរៀបចំនិងថែទាំខ្លួនឯង អាកប្បកិរិយាបែបភ័យខ្លាចពេលចេញទៅខាងក្រៅ។
Q៖ តើជំងឺផ្លូវចិត្តទាំងធ្វើឱ្យប៉ះពាល់បែបណាខ្លះដល់អ្នកដែលកំពុងកើត និងសង្គម?
A៖ ជំងឺផ្លូវចិត្តអាចបង្កឲ្យបាត់បង់លទ្ធភាពថែទាំខ្លួនឯង ឬមានការពិបាក និងរំខានដល់ការបំពេញមុខងារប្រចាំ លទ្ធផលការងារថយចុះ បោះបង់ការងារ បាត់បង់ចំណូល កើនការចំណាយទ្វេ បញ្ហាញៀនសុរា/សារធាតុញៀន។ សម្រាប់សង្គមបាត់បង់ធនធានមនុស្ស អាចមានករណីអសន្តិសុខកើនឡើង អាកប្បកិរិយាបំពានច្បាប់ ភាពក្រីក្រ ថយចុះគុណភាពការងារ ការបោះបង់សាលារៀន ករណីអំពើហិង្សាក្នុងគ្រួសារ។ ជាឧទាហរណ៍ ក្នុងគ្រួសារដែលមានវិបត្តិបញ្ហាផ្លូវចិត្តកើតមានឡើង ពួកគាត់អាចជាប្តីឬប្រពន្ធ ឬទាំង២នាក់ប្តីប្រពន្ធ ចាប់ផ្តើមជ្រើសរើសសុរាជាមធ្យោបាយបំបាត់ទុក្ខក្នុងគ្រួសារ។ យូរៗពួកគាត់ក្លាយបុគ្គលញៀនសុរា មានទំនាស់និងហិង្សាជាប់ជាប្រចាំ ការរៀបចំទុកដាក់ផ្ទះមិនមានរបៀបរៀបរយ លែងមានអ្នករកចំណូលក្នុងគ្រួសារ កូនៗក៏ទទួលរងឥទ្ធិពលផ្លូវចិត្តបន្តពីម្តាយឪពុកផងដែរ។
Q៖ ហេតុអ្វីបានជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរជាជំងឺដែលគួរឲ្យបារម្ភ?
A៖ ព្រោះវានឹងធ្វើប៉ះពាល់ទៅខ្សែជីវិតរបស់បុគ្គលរយៈពេលវែង។ ឧទាហរណ៍ប្រសិនបើបុគ្គលម្នាក់មានជំងឺចិត្តវិកលរ៉ាំរ៉ៃ នៅក្នុងគ្រួសារត្រូវការមានសមាជិកណាម្នាក់ត្រូវមើលទាំដែលពិបាកក្នុងទៅធ្វើកិច្ចការងារផ្សេង ងាយនឹងមានហិង្សាកើតឡើង ការចំណាយកើនឡើងត្រូវការពេលវេលាវែងដើម្បីព្យាបាល។ មួយទៀតជំងឺធ្លាក់ទឹកចិត្ត អាចប៉ះពាល់ដល់គុណភាពការងារ ងាយមានទំនាស់ មានគំនិតអត្តឃាត ឬការប្រើប្រាស់គ្រឿងញៀនគ្រឿងស្រវឹងច្រើនលើសលប់ ដែលមានឥទ្ធិពលទៅសមាជិកគ្រួសារផ្សេងទៀតដែរ។ ដូច្នេះហើយវដ្តនៃបញ្ហាក៏ចេះតែបន្តកើតមានតទៅទៀត។
Q៖ តើមានវិធីសាស្រ្តអ្វីខ្លះដែលអាចជួយឲ្យអ្នកមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរដើរចេញពីវិបត្តិនៃជំងឺដ៏កាចសាហាវមួយនេះបាន?
A៖ ស្វែងរកធនធានដែលសមស្របក្នុងព្យាបាលនិងគាំទ្រ ដោយហ៊ានទទួលស្គាល់ពីស្ថានភាពផ្លូវចិត្តរបស់ខ្លួនឯង។ និយាយពីអាការៈ ឬបញ្ហានៅក្នុងចិត្តជាមួយមនុស្សដែលអ្នកទុកចិត្ត ការអនុវត្តសកម្មភាពនានាដែលអាចជួយបន្ធូរភាពតានតឹងចិត្ត ធ្វើលំហាត់ប្រាណ លេងកីឡា រៀបចំពេលសម្រាកឱ្យបានគ្រប់គ្រាន់ និងអនុវត្តលំហាត់សមាធិ។ ប្រសិនផលរំខានទាំងនោះនៅបន្តអូសបន្លាយរយៈពេលយូរ សូមស្វែងរកអ្នកជំនាញ ឬគ្រូពេទ្យឯកទេស។
Q៖ ជាចុងក្រោយ តើបងមានសារណែនាំអ្វីខ្លះទៅកាន់អ្នកដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ?
A៖ សម្រាប់អ្នកកំពុងកើតមាននូវបញ្ហានេះ សូមជំរុញភាពក្លាហានមកទទួលសេវាព្យាបាលឱ្យត្រឹមត្រូវ សូមកុំមានភាពខ្មាសអៀន យើងមានជំងឺរាងកាយមិនខ្លាចក្នុងនិយាយប្រាប់ទៅកាន់នរណាមួយ អញ្ចឹងជំងឺផ្លូវចិត្តមិនខុសគ្នា យើងអាចព្យាបាលជាសះស្បើយបាន។ យើងមានទាំងឱសថសម្រាប់ព្យាបាល និងការប្រឹក្សាយោបល់ផ្លូវចិត្តប្រកបដោយវិជ្ជាជីវៈ។ ហើយមួយទៀត សម្រាប់បុគ្គលដែលនៅជុំវិញអ្នកជំងឺផ្លូវចិត្ត សូមប្រែក្លាយខ្លួនអ្នកទៅជាអ្នកគាំទ្របឋមជំរុញ និងផ្តល់ព័ត៌មានដែលអ្នកបានដឹង ឱ្យអ្នកមានបញ្ហាផ្លូវចិត្តមានឱកាសបានមកទទួលការព្យាបាលនិងប្រឹក្សាផ្លូវចិត្ត។ ពាក្យចំអកចំអន់ ប្រៀបធៀប រើសអើង ទៅដល់អ្នកមានបញ្ហា ឬ ជំងឺផ្លូវចិត្តមិនគួរឱ្យបន្តមាននោះទេ ព្រោះវាឥទ្ធិពលយ៉ាងខ្លាំងទៅដល់អ្នកកំពុងមានបញ្ហា ក្នុងការមិនហ៊ានស្វែងរកការគាំទ្របឋមពីមនុស្សជុំវិញ និងមិនហ៊ានស្វែងរកសេវាព្យបាល និងការគាំទ្រ។
Q៖ អរគុណលោក កុសល់ ឌីណា សម្រាប់ការផ្ដល់សម្ភាសន៍!
A៖ បាទអរគុណ!។
[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]