ភ្នំពេញ៖ ចាប់តាំងពីមានភាពចម្រូងចម្រាស់ជុំវិញគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនាដើមខែសីហាមក ស្ថាប័នរដ្ឋ និងអាជ្ញាធរជាបន្តបន្ទាប់ បានប្តេជ្ញា និងចាត់វិធានការការពារ និងបង្រ្កាបក្រុមដែលរដ្ឋាភិបាលកំណត់ថាជាក្រុមប្រឆាំង។
កងកម្លាំងប្រដាប់អាវុធរួមមានកងទ័ព នគរបាល និងកងរាជអាវុធហត្ថទូទាំងប្រទេស បានត្រៀមការពារសន្តិសុខយ៉ាងរិតត្បិតចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ រហូតដល់ដាច់ខែ ក្រោមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ ការត្រៀមខ្លួននេះ ធ្វើឡើងក្រោមហេតុផល ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្រោយមានការអំពាវនាវតាមបណ្តាញសង្គម ឱ្យពលរដ្ឋខ្មែរប្រមូលផ្តុំធ្វើបាតុកម្មនៅថ្ងៃទី១៨សីហាខាងមុខ។
សេចក្ដីថ្លែងការណ៍ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៣ ខែសីហា លើកឡើងថាអ្នករៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល ឬ បដិវត្តន៍ពណ៌ អាចប្រឈមជាប់ពន្ធនាគារចន្លោះពី ១៥ទៅ ៣០ឆ្នាំ ក្រោមបទឧបឃាត។ ចំណែកអ្នកដែលចូលរួមក្នុងផែនការ នឹងប្រឈមជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ក្រោមបទល្មើស«រួមគំនិតក្បត់»។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថាជាផែនការបដិវត្តន៍ពណ៌ តាមរយៈការប្រើប្រាស់វិធីអុចអាលបំផុសបំផុល និងការប្រើប្រាស់ឧបាយកលនយោបាយបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។
ដោយឡែកសេចក្ដីថ្លែងការណ៍ស្រដៀងគ្នាប្រមាណ៣០នៃកងរាជអាវុដហត្ថគ្រប់ប្រភេទ ចេញនៅថ្ងៃទី១១ ខែសីហានេះ បានបញ្ជាក់អះអាងថាអាជ្ញាធរនឹងចាត់វិធានការបង្រ្កាបក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសដែលបានអំពាវនាវ និងញុះញង់ប្រជាពលខ្មែរ និងកម្លាំងរាជអាវុធហត្ថបះបោរប្រឆាំងរាជរដ្ឋាភិបាល ដែលមានចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញជាតិ។
គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក៏ប៉ុន្តែថ្មីៗនេះ គម្រោងដែលកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាដាក់ខេត្តចំនួន១៣ រួមគ្នាដើម្បីអភិវឌ្ឍមួយនេះកំពុងស្ថិតក្រោមការពិភាក្សាដ៏ចម្រូងចម្រាស់។ ភាគីកម្ពុជា បានកំណត់យកខេត្តនៅភាគឦសានចំនួនបួនគឺ រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងមកអភិវឌ្ឍក្នុងគម្រោងនេះ ក្រោមហេតុផលសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
ភាពចម្រូងចម្រាស់ជុំវិញគម្រោងអភិវឌ្ឍន៍នេះ បានបង្កឲ្យមានពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ជប៉ុន និងអូស្រ្តាលីកាលពីថ្ងៃអាទិត្យបានធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងនេះ។ ពួកគេបារម្ភថា កម្ពុជាអាចនឹងបាត់បង់ខេត្តចំនួនបួនបន្ថែមទៀតទៅឲ្យប្រទេសវៀតណាម។
មន្ត្រីសង្គមសុីវិល លើកឡើងថាភាពចម្រូងចម្រាស់នេះ កើតឡើងដោយសារទស្សនៈផ្សេងគ្នារវាងសាធារណជន និងរដ្ឋាភិបាល ហើយថាមិនមែនជារឿងថ្មីទេដែលអាជ្ញាធរគាំទ្ររដ្ឋាភិបាល។
លោក យង់ គឹមអេង ប្រធានមជ្ឍមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋកើតឡើងដោយសារការយល់ឃើញផ្សេងៗពីគ្នា។
លោកថា៖ «ការទាមទារការពន្យល់ និងការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ នឹងធ្វើឲ្យការយល់ឃើញខុសគ្នាសាបរលាប ហើយងាកមករកចំណុចរួមគ្នាទៅវិញ។ នេះជាការយល់ឃើញរបស់ខ្ញុំ រឿងដែលសំខាន់គឺ ការពន្យល់ ការព្យាយាមបកស្រាយ នឹងបង្ហាញពីទឡ្ហីករណ៍បន្តបន្ទាប់»។
ចំណែកលោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ កត់សម្គាល់ឃើញថា នេះមិនមែនជារឿងថ្មីទេដែលកងកម្លាំងប្រដាប់អាវុធចេញមកប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការបះបោរណាមួយកើតឡើង។
លោកថ្លែងថា៖ «នៅពេលដែលស្ថានភាពនយោបាយមានភាពតានតឹង ឬជាប់គាំង ការគាំទ្រពីកងកម្លាំងប្រដាប់អាវុធដែលប្ដេជ្ញាការពាររដ្ឋាភិបាលតែងតែកើតឡើង ហើយមានការតាំងចិត្តក្នុងការបង្រ្កាប ទប់ស្កាត់ចលនាបះបោរ ប៉ុន្តែយើងសង្កេតឃើញថាមិនដែលមានចលនាទាំងអស់ហ្នឹងកើតឡើងទេ»។
លោកបន្ថែមថា បច្ចុប្បន្នប្រពលរដ្ឋខ្មែរនៅក្រៅប្រទេសមានការធ្វើបាតុកម្ម តែប្រជាពលរដ្ឋក្នុងប្រទេសហាក់បីដូចជាមិនមានជាចលនាអីកើតឡើងទេ។
លោកថា៖ «ដោយការឆ្លងកាត់សង្រ្គាមរាប់ទសវត្សន៍ ការឆ្លងកាត់របបលទ្ធិប្រជាធិបតេយ្យមានការយល់ដឹងច្បាស់។ អ្វីដែលសំខាន់អ្នកនយោបាយទាំងអស់ត្រូវតែគិតទៅតាមប្រទេសយើងដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទោះបីជាកាលៈទេសៈណាក៏ដោយ មិនត្រូវរឹតត្បឹតសេរីភាព ឬក៏សិទ្ធិពលរដ្ឋហួលហេតុពេកដែរ»។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិទី៧នេះបានថ្លែងនៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២ ខែសីហា កន្លងទៅថ្មីៗនេះ ថានឹងអនុវត្តច្បាប់ទៅលើអ្នកប៉ុនប៉ងជំរុញការធ្វើបាតុកម្មនៅកម្ពុជាឲ្យដូចនៅបង់ក្លាដេស។
លោកថ្លែងថា៖ «បើសិនជារាជរដ្ឋាភិបាលចាត់វិធានការណ៍មិនឲ្យអ្នកសូមកុំចោទរដ្ឋាភិបាលថាផ្តាច់ការ គឺមិនមានអ្វីក្រៅពីការការពារមិនឲ្យអស្ថិរភាពកើតមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។ មិនអាចឲ្យអ្នកទាំងអស់គ្នារាប់លាននាក់ជាជនរងគ្រោះ នូវការការចាប់ផ្តើមរបបមនុស្សមកផ្លាស់ប្ដូរ»។
កាលពីថ្ងៃចន្ទ ទី១២ សីហា អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចេញសារជាសំឡេងតាមបណ្តាញតេឡេក្រាមថា អ្នកដែលកំពុងខិតខំ តាមការញុះញង់ពីអ្នកក្រៅប្រទេស ដើម្បីឈានទៅរកការផ្ដួលរំលំរាជរដ្ឋាភិបាល គឺមិនមែនជាលំនាំនៃដំណើរប្រជាធិបតេយ្យពិតប្រាកដនោះទេ។
គួរបញ្ជាក់ថា ការការពារសន្តិសុខដ៏រិតត្បិតនេះ កើតឡើងក្រោយមានការភ្ជាប់ស្ថានការណ៍ទៅហ្នឹងនយោបាយប្រទេសបង់ក្លាដែស ដែលមានចលនាទម្លាក់នាយករដ្ឋមន្ត្រីចេញពីតំណែងបានជោគជ័យកាលពីដើមខែសីហា។ ចលនានៅបង់ក្លាដែសនេះ ក៏បានជំរុញឲ្យមានការអំពាវនាវតាមបណ្តាញសង្គម ឱ្យពលរដ្ឋខ្មែរប្រមូលផ្តុំធ្វើបាតុកម្មនៅផ្លូវជាតិលេខ៣ និងនៅខាងមុខព្រះបរមរាជវាំង នៅថ្ងៃទី១៨សីហាខាងមុខ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៕