សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចទម្លាក់បទចោទទៅលើលោក ជា ចាន់ ប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes Co., Ltd) ក្នុងខេត្តកំពង់ស្ពឺ និងបានដោះលែងគាត់ឱ្យមានសេរីភាពវិញ ក្រោយជាប់ពន្ធនាគារអស់រយៈពេល៦ខែ។
លោក ជា ចាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរងការចោទពីបទ សមគំនិតក្នុងអំពើលួច ដែលប្តឹងដោយក្រុមហ៊ុន វីងស្តារស៊ូ ដោយផ្ទាល់ បន្ទាប់ពីលោកទើបបានជាប់ឆ្នោតជាប្រធានសហជីពនៅក្នុងក្រុមហ៊ុននេះបានរយៈពេលប្រមាណ ១ខែ។ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពី២០ ខែមិថុនា ឆ្នាំ២០២៤ បានផ្តន្ទាទោសប្រធានសហជីពរូបនេះ ឱ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទ«សមគំនិតក្នុងអំពើលួច» ប៉ុន្តែត្រូវអនុវត្តទោស៦ខែ ឯទោសសេសសល់ត្រូវព្យួរតាមបញ្ញត្តិនៃការព្យួរទោសធម្មតានៃក្រមព្រហ្មទណ្ឌ។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា បានប្រកាសសាលក្រមដោយទម្លាក់បទចោទទៅលើ លោក ជា ចាន់ ។
លោកមានប្រសាសន៍ថា៖ «សាលាឧទ្ធរណ៍ហ្នឹងបានសម្រេចឱ្យជនជាប់ចោទ[លោក ជា ចាន់]ហ្នឹងរួចផុតពីបទចោទប្រកាន់ ដោយសារតាមការរាយការណ៍របស់ចៅក្រមគាត់បានបញ្ជាក់ថា រកទៅមិនឃើញមានធាតុផ្សំគ្រប់គ្រាន់»។
លោក ជា ចាន់ ប្រធានសហជីពរោងចក្រវីងស្តារស៊ូ(Wing Star Shoes Co., Ltd) បង្ហាញការត្រេកអរចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងបានដោះលែងឱ្យលោកមានសេរីភាពវិញ ដោយលោកថាការសម្រេចនេះ គឺផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនរូបលោក។ លោកបន្ថែមថា រូបលោកនឹងបន្តការងារជាប្រធានសហជីពរោងចក្រវីងស្តារស៊ូដដែល ដើម្បីការពារសិទ្ធិកម្មករដោយគ្មានភាពរុញរា ទោះជាលោកអាចប្រឈមបញ្ហាណាមួយនៅពេលខាងមុខក៏ដោយ។
លោកថា៖ «រឿងហ្នឹងខ្ញុំអត់ភ័យខ្លាចទេ អត់មានភ័យខ្លាចទេ នៅរក្សាការពារកម្មករដដែល បើសិនជាថ្ងៃខាងមុខ យើងមានការធ្លាក់អីមក គឺយើងនៅតែអាចបម្រើជូនកម្មករដដែល[…]ឃើញផលលំបាករបស់កម្មករមួយចំនួនដែលជំរុញឱ្យខ្ញុំមានឆន្ទៈហ្នឹងកើតឡើង»។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) លោកស្រី យ៉ាង សុភ័ណ្ឌ សាទរចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលទម្លាក់ចោលនូវបទចោទលើលោក ជា ចាន់ ដោយលោកស្រីថា ការសម្រេចនេះ បានផ្ដល់យុត្តិធម៌ដល់ថ្នាក់ដឹកនាំសហជីពរូបនេះ និងជាគំរូល្អមួយសម្រាប់រឿងក្ដីដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិទៅលើសហជីព។
លោកស្រីថា៖ «បងយល់ឃើញថា ការសម្រេចរឿងករណី[លោក] ចាន់ នេះគឺល្អមែនទែន ហើយបងគិតថារឿងនេះមួយ អាចយកទៅធ្វើគំរូភាពសម្រាប់រឿងផ្សេងៗទៀត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិតទាំងអស់ គាត់ទទួលបានយុត្តិធម៌ត្រឹមត្រូវ នៅពេលគាត់បានប្រើប្រាស់សិទ្ធិក្នុងការចងក្រងបង្កើតសហជីព តែត្រូវបាននាយក ឬនិយោជក អត់សប្បាយចិត្ត ឬក៏គាបសង្កត់ទៅលើពួកគាត់ ហើយប្រើគ្រប់មធ្យោបាយនៅក្នុងការគំរាមកំហែងគាត់ផ្សេងៗហ្នឹង ឱ្យពួកគាត់មានសិទ្ធិមានសេរីភាពពេញលេញក្នុងការសម្រេចហ្នឹង វាផ្ដល់យុត្តិធម៌ឱ្យគាត់ពេញលេញ»។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញដូចគ្នាដែរថា ការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ក្នុងការដោះលែងលោក ជា ចាន់ ឱ្យមានសេរីភាពវិញជាការផ្ដល់យុត្តិធម៌ជូនលោក។ តែយ៉ាងណា លោកបង្ហាញការសោកស្ដាយចំពោះការឃុំខ្លួនលោក ជា ចាន់ ក្នុងពន្ធនាគារអស់រយៈពេលជាច្រើនខែកន្លងមក ដោយមិនបានប្រព្រឹត្តកំហុស។
ជាមួយគ្នានេះ លោក អំ សំអាត ស្នើកុំឱ្យមានការចោទប្រកាន់សកម្មជន និងមេដឹកនាំសហជីពដែលបំពេញការងាររបស់ខ្លួន ហើយគ្មានភស្ដុតាងណាមួយដែលបញ្ជាក់ពីបទល្មើសដែលពួកគេប្រព្រឹត្ត ដើម្បីចៀសវាងការរិះគន់នានាពីការរំលោភសិទ្ធិពួកគេ។
លោកថា៖ «យើងមើលឃើញថា មេដឹកនាំសហជីពក៏ដូចជាសកម្មជនសហជីពផ្សេងៗទៀត ដែលបំពេញការងាររបស់ខ្លួន ក្នុងនាមជាសហជីព ក្នុងការងារដើម្បីការពារផលប្រយោជន៍របស់កម្មករនិយោជិតនោះ គឺមិនគួរនឹងត្រូវបានចោទប្រកាន់ដោយសារតែការបំពេញការងាររបស់ខ្លួនទេ បើសិនជាមិនមានភស្តុតាងដែលបញ្ជាក់ពីការប្រព្រឹត្តបទល្មើសណាមួយសម្រាប់ពួកគាត់ ពីព្រោះកុំឱ្យមានការរិះគន់និងការចោទប្រកាន់ថាជាការរំលោភទៅលើសេរីភាពឬក៏ការគំរាមកំហែងបំភិតបំភ័យទៅលើមេដឹកនាំសហជីពឬក៏សកម្មជនសហជីពជាដើម។ អ៊ីចឹងសកម្មជន និងមេដឹកនាំសហជីពផ្សេងទៀត តុលាការគួរតែពិនិត្យពិចារណានៅក្នុងការដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា តុលាការបានសម្រេចទៅតាមច្បាប់លើករណីលោក ជា ចាន់។
លោកថ្លែងថា៖ «មតិមួយចំនួនតែងតែថាតុលាការមិនយុត្តិធម៌ នៅពេលតុលាការចេញសេចក្តីសម្រេចមិនតាមឆន្ទៈខ្លួនចង់បាន។ នៅពេលតុលាការចេញសេចក្តីសម្រេចស្របតាមឆន្ទៈខ្លួន មិនដែលលឺពាក្យថាតុលាការយុត្តិធ៌មនោះទេ។ តុលាការកាត់សេចក្តីតាមច្បាប់ នីតិវិធីច្បាប់ និងអង្គហេតុ និងអង្គច្បាប់ ដែលជាការផ្តល់នូវយុត្តិធ៌មសង្គម។ ករណីលោក ជា ចាន់ ជាករណីមួយដែលតុលាការ បានចេញសេចក្តីសម្រេចដោយអនុវត្តតាមនីតិវិធី និងច្បាប់ក្នុងសំណុំរឿងរបស់លោក ជា ចាន់»។ ទោះជាយ៉ាងណា លោកអំពាវនាវទៅដល់ថ្នាក់ដឹកនាំសហជីពនានា ត្រូវគោរពច្បាប់ និងមិនត្រូវប្រព្រឹត្តបទល្មើស ឬពាក់ព័ន្ធជាមួយបទល្មើសណាមួយ ដើម្បីជៀសវាងការប្រឈមនឹងផ្លូវច្បាប់៕