រដ្ឋាភិបាលបានប្រកាសអំពីមហិច្ឆតាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈអំពាវនាវឲ្យសាធារណៈជននៅគ្រប់មជ្ឃដ្ឋានចូលរួមចំណែក ក្នុងការការពារមាតុភូមិ និងបុព្វហេតុជាតិមួយនេះ។

សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដែលចេញនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បា​​ន​ឲ្យដឹងថាការបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណង ​​ដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្ដោយព្រំដែន ព្រមទាំងដើ​​ម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបានចូលរួមចំណែកដោ​យផ្ទា​​ល់​ជា​​មួយ​រដ្ឋាភិបាល។

តាមរយៈសារមួយនៅក្នុងបណ្តាញសង្គម លោក ហ៊ុន ម៉ាណែត កាលពីព្រឹកមិញនេះ ក៏បានជម្រុញឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានផុសផុលតាមការស្ម័គ្រចិត្ត សំដៅរួមគ្នាក្នុងធ្លុងសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជាពិសេស​វាជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែ​ន​​ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ប្រភពបន្តថា៖ «រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនរបស់យើង តាមរយៈ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។[…] សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួម​​អោយបានច្រើនកុះករ ដើម្បីជាស្មារតីជាតិខ្មែរក្នុងការចូលរួមពង្រឹងនិងអភិវឌ្ឍតំបន់ព្រំដែនរបស់យើ​ង»។

លោក ហ៊ុន ម៉ាណែត បានបង្កើតមូលនិធិនេះឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ គឺ​​ជ្រើសរើសចំថ្ងៃនៃខួបមួយឆ្នាំនៃការឡើងកាន់ដំណែងជានា​យករដ្ឋមន្ត្រីរបស់លោក។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងឲ្យដឹងនារសៀលនេះថា គំនិតផ្តួចផ្តើមនេះគឺផ្តោត​ការយកចិត្តទុកដាក់នៅក្នុងការកសាងខ្សែក្រវ៉ាត់​ព្រំដែន ហើយមូលនិធិនេះនឹងក្លាយជាមធ្យោ​បា​​យ​មួ​​យ​ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋអាចរួមចំណែកដោយផ្ទាល់បាន។

លោកបន្តថា៖ «រដ្ឋាភិបាលបានធ្វើហើយ ធ្វើតាំងពីយូរហើយក្នុងការកសាងក្រវ៉ាត់ព្រំដែន ប៉ុន្តែពេលនេះរាជរដ្ឋាភិបាលដោយឃើញថាមានបងប្អូនជាច្រើនចង់ចូលរួមចំណែកជានិមិត្តរូបនៅក្នុងការស្រ​​ឡា​ញ់​ទឹកដី ក៏លោកបានប្រកាសឲ្យប្រជាពលរដ្ឋយើងចូលរួមបរិច្ចាកតាមសទ្ធា តាមលទ្ធភាព ដើម្បីឲ្យទាំ​ង​អស់គ្នាមានចំណែកនៅក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងតំបន់ព្រំដែន »

ស្រដៀងគ្នានេះដែរ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា គឺលោក ប៉ា ចាន់រឿន ទទួលស្គាល់ថាមូលនិធិនេះនឹងដើរតួសំខាន់នៅក្នុងការរួមចំណែករក្សាស្ថេរភាពនៅតាមតំបន់ព្រំដែន។

លោកបន្តថា៖ «ខ្ញុំសាទរចំពោះការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនកម្ពុជា ព្រោះវាជាយ​ន្ត​ការមួយដើម្បីកៀរគរធនធានដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដែលកំពុងតែខ្វះខា​តនាពេលបច្ចុប្បន្ន។ […] គម្រោងអភិវឌ្ឍន៍នេះក៏វាជាចំណែកមួយនៅក្នុងការលើកកម្ពស់សកម្មភាពនៃកា​រការពារព្រំដែនផងដែរ »

តែទោះជាយ៉ាងនេះក្តី អ្នកវិភាគបញ្ហាសង្គមរូបនេះយល់ឃើញថា ការដាក់ចេញនូវផែនការចំណាយច្បា​ស់​លា​​ស់ពីសំណាក់រដ្ឋាភិបាលគឺជាប្រការចាំបាច់ នៅក្នុងការធានាឲ្យបាននូវការចាយវាយប្រកបដោ​​​យ​​ប្រ​​សិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

លោកបន្តថា៖ «ដើម្បីធានាថាធនធានដែលបានប្រមូលពីប្រជាពលរដ្ឋតាមរយៈមូលនិធិនេះប្រើប្រាស់ចំគោលដៅ និងមានប្រយោជន៍រួមសម្រាប់ជាតិ រដ្ឋាភិបាលគួរតែលើកជាគម្រោងជាក់លាក់ និងដាក់ចេញជាយន្តការនៅក្នុងការចាយវាយប្រកបដោយតម្លាភាព និងគណនេយ្យភាពខ្ពស់ដែរ»

ហាក់មិនខុសគ្នាទេ លោក សេក សុជាតិ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រា​​វ​​ជ្រា​វ លើកឡើងថា រដ្ឋាភិបាលត្រូវតែបង្ហាញនូវផែនការឲ្យបានច្បាស់លាស់ចំពោះមុខនៃការប្រើប្រាស់ក​ញ្ច​​ប់​ថ​​វិ​ការដែលទទួលបាន ដើម្បីធានាថាការចូលរួមរបស់ពលរដ្ឋពិតជាសម្រាប់បុព្វហេតុជាតិពិតប្រា​ក​ដ​​​មែន។

លោកបន្តថា៖ «ខ្ញុំយល់ថារាជរដ្ឋាភិបាលគួរតែមានផែនការឲ្យបានច្បាស់លាស់ ត្រូវបង្ហាញថាការកសាងហ្នឹង កសាងយ៉ាងម៉េច? ត្រូវការថវិការប៉ុន្មាន? រាជរដ្ឋាភិបាលមានកញ្ចប់លុយប៉ុណ្ណា? ហើយចង់ឲ្យពលរដ្ឋចូលរួមប៉ុណ្ណា? […] ទាំងនេះគឺដើម្បីឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ នៅពេលដែលប្រជាពលរដ្ឋចូលរួមជាថវិការហើយ ថវិការទាំងនោះនឹងត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព »។

រីឯលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានប្រាប់គេហទំព័រ Newsroom Cambodia នារសៀ​​​លនេះថា ការចូលរួមចំណែករបស់ប្រជាពលរដ្ឋមិនមែនជាកាតព្វកិច្ចនោះទេ បើទោះបីជាមូលនិធិនេះ​​នឹងមានផលជះជាវិជ្ជមានដល់កម្ពុជាទាំងមូលក៏ដោយ។

លោកបន្តថា៖ «ចំពោះការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ យើងគាំទ្រ បើបានធ្វើរបងថែមទៀតវាកាន់តែប្រសើរ។ […] ហើយទាក់ទងនឹងទៅនឹងការប្រមូលមូលនិធិ វាមិនមែនជាកាតព្វកិច្ចរបស់ពលរដ្ឋទេ វាជាកាតព្វកិច្ចរបស់រដ្ឋនៅក្នុងការរ៉ាប់រងការចំណាយ យើងមិនដឹងថាមូលហេតុអីបានជារដ្ឋប្រកាសឲ្យប្រជាពលរដ្ឋចូលរួម ព្រោះពួកគេបានបំពេញកាតព្វកិច្ចនៅក្នុងការបង់ពន្ធរួចសព្វបែបយ៉ាងហើយ »។

របាយការណ៍របស់រដ្ឋាភិបាលបង្ហាញថារហូតមកដល់ពេលនេះ កម្ពុជាបានកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងមាន​ វៀតណាម ថៃ និងឡាវ ក្នុងនោះព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបានជិត ៦៨៧គីឡូម៉ែត្រ (៦៨៦.៩៦គីឡូម៉ែត្រ) លើផែនការសរុប១០៦៦គីឡូម៉ែត្រ។

ហាក់មិនខុសគ្នាទេ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ សាទរចំពោះគំនិ​តផ្តួចផ្តើម​នៅ​​ពេ​ល​​នេះ​​របស់រដ្ឋាភិបាល។ប៉ុន្តែអ្នកវិភាគចាស់វស្សារូបនេះ យល់ឃើញថា ការស្ថាបនាផ្លូវនៅ​តាមខ្សែបន្ទា​​ត់​ព្រំ​ដែននេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប្រសិនបើគេមិន​កសាងរបងដ៏រឹងម៉ាំ​តាមរយៈលំហូរ​ចំ​នួ​ន​​ព​ល​​​រដ្ឋ​ទៅរ​ស់នៅ និងបង្កើនការវិនិយោគទេ ការធ្វើផ្លូវនេះប្រហែលជាគ្មានប្រសិទ្ធ​ភាពប៉ុន្មាននោះ​ដែ​រ​។

តាមរយៈសារដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេស៊បុក នៅថ្ងៃនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើ​ល​ឃើញថា មធ្យោបាយដែលមានប្រសិទ្ធិភាពមួយទៀត គឺផ្តល់អាទិភាពខ្ពស់ចំពោះពលរដ្ឋ​ដែ​ល​គ្មាន​​លំ​​​នៅឋានពិតប្រាកដ ឱ្យទៅរស់នៅតាមខ្សែបន្ទាត់ព្រំដែន។

លោកបន្តថា៖«អបអរសាទរគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារព្រំដែន។តែគួរមានគម្រោងទា ក់ទាញមនុស្សឲ្យទៅនៅ និងអភិវឌ្ឍន៍តំបន់ព្រំដែន គឺយកមនុស្សទៅទប់មនុស្សពីប្រទេសជិតខាង ។​ជា​ពិសេសទាក់ទាញ និងជួយមនុស្សអត់ដីធ្លីពីតំបន់ផ្សេងៗ។តាមពិតមានវិធានការណ៍ផ្សេងៗទៀត ដើ​​ម្បី​​ជួយពង្រឹងព្រំដែន »៕