នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានផ្សព្វផ្សាយសារ និងវីដេអូ អំពីរោគសញ្ញា របៀបឆ្លង និងវិធានការការពារជំងឺអឹមផក (Mpox) ទាំងប្រភេទចាស់ និងប្រភេទថ្មី បន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសថា ជំងឺនេះកំពុងជាក្តីបារម្ភរបស់អន្តរជាតិ។
បើតាមវីដេអូដែលត្រូវបានផ្សាយលើទំព័រហេ្វសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ពីរបៀបចម្លងនៃជំងឺអឹមផកដោយបង្ហាញថា ជំងឺអឹមផក ដែលពីមុនហៅថាអុតស្វា អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាអ្នកជំងឺ ឬឆ្លងពីម្តាយទៅកូនតាមរយៈទងសុក។
ខ្លឹមសារនៃវីដេអូបញ្ជាក់៖ «ជំងឺអឹមផកឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអឹមផក ការប៉ះពាល់ផ្ទាល់ និងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ ដំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឆ្លងពីម្តាយទៅទារកតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាលតាមរយៈការប៉ះពាល់ផ្ទាល់ ពីម្តាយឪពុកមានជំងឺអឹមផក។»
ទំព័រហ្វេសប៊ុកដដែលបានផ្សាយអំពីរោគសញ្ញានៃជំងឺអឹមផក ដែលរួមមាន អាការៈគ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ ឈឺចង្កេះ និងអស់កម្លាំង។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានផ្សាយពីផ្ទាំងព័ត៌មានស្តីពីវិធានការបង្ហារការឆ្លងជំងឺអឹមផក ដោយណែនាំឱ្យប្រើស្រោមអនាម័យរាល់ពេលរួមភេទ ជៀសវាងប៉ះពាល់ជាមួយអ្នកជំងឺ ជៀសវាងការប៉ះពាល់សម្ភារៈរបស់អ្នកជំងឺ លាងសម្អាតដៃនឹងសាប៊ូ អ្នកដែលមានរោគសញ្ញានៃជំងឺអឹមផកត្រូវដាក់ដោយឡែក និងតេស្តរកជំងឺអឹមផក អ្នកដែលថែទាំអ្នកជំងឺត្រូវការពារខ្លួនដោយពាក់ម៉ាស់ លាងដៃ ពេលប៉ះពាល់ជាមួយអ្នកជំងឺ។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ឱ្យទាក់ទងទៅលោកស្រី តែង ស្រី អនុប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ប៉ុន្តែអ្នកស្រីមិនឆ្លើយតបនឹងសំណួររបស់ Newsroom Cambodia។
បើតាមបទសម្ភាសរបស់លោក លី សូវ៉ាន់ ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី៣០ ខែសីហាថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ កម្ពុជាមិនទាន់រកឃើញករណីជំងឺ អឹមផកទម្រង់ថ្មី (Clad1b) នៅឡើយទេ ដោយមានតែករណីសង្ស័យមួយចំនួនប៉ុន្តែធ្វើតេស្តអវិជ្ជមាន។ លោកថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងនាមជាសមាជិករបស់អង្គការសុខភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអឹមផក។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក (WHO) ប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា មេរោគអឹមផកជាជំងឺសុខភាពសាធាណៈដែលជាក្តីបារម្ភរបស់អន្តរជាតិ។ ជំងឺអឹមផកប្រភេទថ្មីកំពុងរីករាលដាលខ្លាំងនៅទូទាំងទ្វីបអាហ្រ្វិក ជាពិសេសសាធារណៈរដ្ឋកុងហ្គូ។ បច្ចុប្បន្ន ប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន ដូចជាប្រទេសហ្វីលីពីណនិងថៃជាដើម កំពុងកើតមានជំងឺ អឹមផកប្រភេទថ្មីនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២៣ រហូតមកដល់ខែឧសភា ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺអឹមផកប្រភេទចាស់ចំនួន២០ករណី តែគ្មានករណីស្លាប់នោះទេ។
លើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ផ្សាយថា ក្រុមការងាររបស់ក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យច្រកចេញចូលព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដោយណែនាំដល់មន្ត្រីប្រចាំការឱ្យយកចិត្តទុកដាក់នឹងជំងឺឆ្លង និងត្រួតពិនិត្យម៉ាស៊ីនកំដៅនៅព្រលានយន្តហោះ៕