កំពុង​អង្គុយ​លើគ្រែឈើក្រោមផ្ទះ​ជាប់ការដ្ឋានព្រែកជីកហ្វូណនតេជោ ក្នុង​ភូមិ​ជ័យ​ឧត្ត​​ម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​​ លោក លឹម តុងអេង ជាម្ចាស់​​ដី​និង​​ផ្ទះ​ដែល​​​​ប្រឈម​នឹង​ការ​បាត់​បង់​ទាំងស្រុង​​​ដោយសារ​​គម្រោង​សាងសង់​ព្រែក​ជីក។

បុរស​វ័យ៧៥ឆ្នាំ​រូបនេះ​បន្ថែម​ថា លោក​បានមករស់នៅផ្ទះ និងដីចម្ការប្រហែលជា​៥ហិក​តា​នេះ តាំងពីក្រោយរបប​ខ្មែរ​ក្រហមមកម្ល៉េះ។ លោក​ថា ម​កដ​ល់​ពេល​នេះ​ លោក​​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​​​សំណង​​​នៅ​ឡើយ ហើយលោក​បារម្ភ​ថា​រដ្ឋាភិបាល​មិនមាន​សំណង​សមរម្យ​សម្រាប់​រូប​លោក។

លោក តុងអេង និយាយទាំង​បង្កប់​​ភាពសោកសៅ​ថា៖ «ជីកព្រែកដែលប៉ះពាល់ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យព្រួយ ខ្លាច​តែរដ្ឋមិនឱ្យសំណងហ្នឹងច្រើន អ៊ីចឹង​ទៅ​ខ្ញុំអត់មាន ដូចថាអត់មាន​លុយយកទៅទិញ​កន្លែងនៅ​ផ្សេ​ង​ទៀតហ៎ា»។

លោក លឹម តុងអេង​ ពលរដ្ឋររងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន។ (រូបភាព៖ រិន សុធារ័ត្ន)

លោក លឹម តុងអេង គឺជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាជនសរុបប្រមាណ ១លាន៦សែន​នាក់​ដែ​ល​​​រស់នៅ​អម​សង​ខាង​ព្រែកជីក​នេះ និង​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​១៥០០​គ្រួសារ​ដែល​​​រង​​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ហើយ​មិន​​ទាន់​ទទួល​បាន​​ព័ត៌មាន​​ជាក់​លាក់​ជុំវិញ​សំណង។​ រដ្ឋាភិបាលអះអាង​ថាពលរដ្ឋរងផលប៉ះពាល់ទាំងអស់នឹង​ទទួល​​បានសំណងសមរម្យ ក៏ប៉ុន្តែ​អ្នកឃ្លាំ​មើល​សង្គម​បារម្ភ​ពី​តម្លា​ភាព​នៃ​ការ​ផ្តល់​សំណង។​

ព្រែកជីកហ្វូនណនតេជោ ត្រូវបានបើកសម្ពោធនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និង​ឆ្លងកាត់​ខេត្ត​​ចំនួ​ន​​៤ រួ​មមាន​ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកនេះ មាន​ប្រវែង​សរុប​​ប្រមាណ​ជា​១៨០គីឡូម៉ែត្រ ​ដោយ​មាន​ទីតាំងចាប់ពី​ព្រែក​តាកែវ ឆ្លងកាត់ព្រែកតាឯក ចូល​តាម​​ព្រែក​តាហ៊ីង និងបន្តដល់​សមុទ្រ​ខេត្តកែប។

លោក ឌឹម ម៉ិច ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន។ (រូបភាព៖ រិន សុធារ័ត្ន)

កំពុងអង្គុយក្រោម​សំយ៉ាប​ផ្ទះដែលមានម៉ាស៊ីនកិនទឹកអំពៅមួយផង លោក ឌឹម ម៉ិច ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រង​ផល​ប៉ះពាល់​ពីគម្រោង​ព្រែកជីក​ស្ថិតក្នុង​ឃុំ​ជាមួយ​លោក តុងអេង ដែ​រ​​​លើ​ក​ឡើង​ថា លោក​ប្រកប​របរលក់ដូរចាប់ហួយ​នៅ​ទីតាំង​នេះ តាំងពីមុនឆ្នាំ២០០០​មក​។ លោកថា លោក​មិនមានដីច្រើនទេ ហើយ​កន្លែង​ដែល​លោក​កំពុង​រស់​នៅ​បច្ចុប្បន្ន​ក៏​អំណោយ​ផល​ដល់​ការប្រកប​របររកស៊ី ដែល​អាច​ផ្តល់​ចំណូល​បាន​​ប្រមាណជា​៨០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​​ ពីការ​លក់​ស្រា ទឹកអំពៅ តែជ្រក់ កាហ្វេ ជាដើម។

លោកបន្ថែម​ថា លោករីករាយ​​ដែលរដ្ឋាភិបាលអភិវឌ្ឍន៍ ប៉ុន្តែលោកមានការបារម្ភខ្លាចថា លោកមិនមានកន្លែងសម្រាប់ស្នាក់នៅបន្ទាប់ពីលោកចាកចេញពីកន្លែងនេះ។​

បុរស​​វ័យ ៥៧ឆ្នាំ​រូបនេះ​​បាននិយាយទាំងទឹកមុខក្រៀមក្រំថា ដោយសាតែ​មិន​ដឹង​ពី​សំណង​ច្បាស់​លាស់ ទើបធ្វើឱ្យពលរដ្ឋដូចជា​រូបលោក​​​មានកង្វល់។

លោកបានលើកឡើងថា៖ «ទី១ គេមិនប្រាប់ពីចំនួនគេយក ទី២ គេមិន​ប្រាប់​តម្លៃ​ទេ អ៊ីចឹង​កង្វល់​របស់​ប្រជាព​លរដ្ឋអត់ដឹងអាតម្លៃនឹងហ៎ា»។

ស្រដៀង​នឹង​លោក​តុងអេងដែរ លោក ឌឹម ម៉ិច បន្ថែម​ថា ក្នុងគម្រោងតែ​១០០ម៉ែត្រទេ ហើយ​ដី​របស់​លោក​មាន ៨០ម៉ែត្រ បើរដ្ឋយកម្ខាង​៥០ម៉ែត្រ លោក​អាចមា​ន​ដី​សល់​ខ្លះស​ម្រាប់​រស់​នៅ។

កំពុងអង្គុយក្រោមផ្ទះឈើ​ចាស់ទ្រុឌទ្រោមដែលមាន​៣គ្រួសាររស់ជុំគ្នា​ លោក វង មេត្តា​ ពលរដ្ឋ​ដែល​​រង​ផល​ប៉ះពាល់​ពីព្រែកជីក​ម្នាក់ទៀត​និយាយ​ទាំងអស់​សង្ឃឹម​ថា ដី​របស់​លោក​បាន​ប៉ះពាល់​ទាំងអស់ ទាំងដីផ្ទះ និងដីចំការ ប៉ុន្តែ​មិនទាន់​មាន​ភាគី​ខាងណា​បញ្ជាក់​អំពី​សំណង​នៅ​ឡើយ​។

លោកបន្ថែមថា ប្រសិនបើលោក​ត្រូវ​​ចាក​ចេញ​ពី​ទីនេះ​ នោះ​ចំណូ​ល​របស់​លោក​ដែល​បាន​មកពី​​របរធ្វើស្រែចម្ការ និងកិនស្រូវ នឹងត្រូវបាត់បង់។

លោកបន្តថា៖ «រាល់ថ្ងៃម្នាក់ៗគ្មានអារម្មណ៍រកស៊ី ធ្វើការអីទេ ព្រោះ​ខ្វាយខ្វល់​រឿង​ផល​ប៉ះ​ពាល់។​ ខ្ញុំស្នើសុំរដ្ឋាភិបាលជួយផ្ដល់សំណងឲ្យបានសមរម្យ ព្រោះ​ពេល​ចាកចេញ​ពី​ផ្ទះ​នេះ​ទៅ សូម្បី​​ស្លឹកគ្រៃមួយគល់ក៏មិនអាចយកទៅបានដែរ»។

ពលរដ្ឋ​​ដែល​​ផ្តល់​សម្ភាសន៍​ដល់​  Newsroom Cambodia លើកឡើង​ថា ក្រោយ​ពេល​ព្រែកជីក​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​​ ​​​​​អាជ្ញាធរ​​មក​​សួរ​​នាំ​​ពលរដ្ឋ​ថា​​​ឯកភាព ឬអត់ និង​សួរ​ពី​ផល​ប៉ះពាល់​ចង់​បាន​សំណង​បែប​ណា​។

នៅអមសងខាងគម្រោង​ព្រែកជីកនោះ ​គេ​ឃើញ​មាន​ស្នាមបាញ់ថ្នាំពណ៌ក្រហម​​ជារង្វង់មូល​​​នៅ​តាម​ដើម​ឈើ​ ដែល​ពលរដ្ឋអះអាងថា នៅពេលដែល​អាជ្ញាធរ​​បាន​បាញ់ថ្នាំ​ទាំងនោះ​ពេល​ចុះមកវាស់វែង ដែល​វាស់​ពីម្ខាងទៅម្ខាង​អមសងខាងព្រែក មាន​ចម្ងាយ​ប្រមាណជា​៥០០ម៉ែត្រ ប៉ុន្តែ​ពលរដ្ឋមិន​ច្បាស់​ថា​ការ​បាញ់ថ្នាំពណ៌ទាំង​នោះ​​មាន​គោលបំណង​បែប​ណា​​ជាក់លាក់​នៅ​ឡើយ។​ ​​

ថ្លែងក្នុងបាឋកថាស្ដីពី «សក្ដានុពលនៃព្រែកជីកហ្វូណនតេជោសម្រាប់ការអភិវឌ្ឍកម្ពុជា» កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល លើកឡើងថា រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កកដីដែលនៅ​ជុំវិញគម្រោង​ព្រែកជីកហ្វូណន​នោះទាំងអស់ ដោយសារ​ខ្លាចឯកជន​ទិញដីដែលនៅជាប់គម្រោង។ ក្នុងនោះ ១០០ម៉ែត្រ​ព្រែក​ជីក ២០០ម៉ែត្រ​​សង​ខាងព្រែក​សម្រាប់ធ្វើផ្លូវ។ ហើយដីមួយចំនួននឹង​បង្កក​បន្ថែម​ទៀតដែលមានជម្រើសបី​សម្រាប់​បង្កក ទីមួយ ១៦០ម៉ែត្រ ទីពីរ ៣០០ម៉ែត្រ និង៣៥០ម៉ែត្រ។​

អនុភូមិជ័យឧត្ដម២ លោក សុខ អូន និយាយ​ថា អាជ្ញាធរ​បាន​ចុះវាស់វែង​ និង​បាញ់​ថ្នាំ​ដើម្បី​​​​ដាក់​ចំណាំ​ប​ណ្ដោះអាសន្ន​ប៉ុណ្ណោះ មិនទាន់យកជាផ្លូវការទេ។

លោកបញ្ជាក់ថា៖ «គេ [រដ្ឋាភិបាល] អត់មានប្រាប់យើងទេ អត់​មាន​ប្រាប់​យើង​រឿង​សំណង​ផល​ប៉ះពាល់​ហ្នឹង​យើងទេ អត់មានអ្នកណាដឹងទាំងអស់ ហើយ​សំណង​រដ្ឋាភិបាល​លោក​បាន​ប្រកាស​ប្រាប់​ហើយ ថាគិតគូរហើយៗ នៅតែគេចុះមកវាស់វែង ហើយ​​គេ​រុញ​​ជា​កញ្ចប់ៗ​តែម្ដ​ង​»។

Newsroom Cambodia មិនអាច​សុំការ​អធិប្បាយពីអភិបាលខេត្ដកណ្ដាល លោក គួច ចំរើន បានទេ។​

បើតាម​​ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា ផ្ទះ​ប្រជាពលរដ្ឋជាង១៥០០ខ្នង និង​ដីស្រែជិត៣ម៉ឺនហិកតា រង​ផលប៉ះពាល់ពី​គម្រោង​ព្រែកជីក​ហ្វ៊ូណនតេជោ​​នេះ​។​

គណៈកម្មការទន្លេមេគង្គ (MRC) បាន​ផ្ញើសារ​តប​នឹង​សំណួរ​របស់​ Newsroom Cambodia  កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២៤​នេះ​ថា រាល់គម្រោងធំៗទាំងអស់នៅក្នុងអាងទន្លេមេគង្គ រួមទាំងគម្រោងនានានៅតាមដៃទន្លេ គួរតែ​ត្រូវ​បាន​វាយ​តម្លៃ​សម្រាប់​ផល​ប៉ះពាល់​ឆ្លងដែន​​ដែលអាចកើតមាន។​

គណៈកម្មការ​ទន្លេ​មេគង្គ​បន្ថែមថា រហូត​មក​ដល់​ពេល​នេះ ខ្លួន​​​មិនទាន់ទ​ទួល​បាន​ឯកសារ​បន្ថែម​ណាមួយ​ពី​កម្ពុជា ទាក់ទង​​នឹង​ផល​ប៉ះពាល់​ឆ្លងដែន​​នៃ​ព្រែកជីក​ហ្វូណនតេជោ​នៅ​​ឡើយ​ទេ ប៉ុន្តែ​គណៈកម្មការ​​​នៅ​តែ​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​​កម្ពុជា ហើយ​ត្រៀម​ខ្លួន​ដើម្បីពិនិត្យឯកសារបន្ថែមទៀតដែល​មាន​​នា​ពេល​ខាងមុខ​​។

គណៈកម្មការទន្លេមេគង្គ​បន្ថែម​ថា៖ «បន្ទាប់ពីការដាក់ស្នើគម្រោងព្រែកជីកហ្វ៊ូណន​ពី​ប្រទេស​កម្ពុជា និងសំណើ និងកង្វល់ពីប្រទេសសមាជិកផ្សេងទៀត ដូច​ដែល​បាន​បង្ហាញនៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការចម្រុះ MRC កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ គណៈកម្មការ​​កំពុងពិនិត្យ ហើយ​នឹង​ផ្តល់​យោបល់​ដល់​ប្រទេស​សមាជិក ដើម្បី​​នាំយកព័ត៌មានបន្ថែមអំពី​គម្រោង​តាមរយៈ​​​​​ការសង្ខេបបច្ចេកទេស និង​ដំណើរ​ទស្សនកិច្ច ការផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយព្រែក​ជីក​​​ស្រដៀងគ្នាផ្សេងទៀត ការត្រួតពិនិត្យរួមគ្នា និង​ការវាយតម្លៃ​ផល​ប៉ះពាល់​ឆ្លងដែន​បន្ថែម​ទៀត​នៅពេលមានការស្នើសុំ»។

ក្នុង​ពេល​ចុះទៅ​ពិនិត្យ​ទី​តាំង​គម្រោងផ្លូវ​នាវា​ចរណ៍ «ព្រែក​ជីក​ហ្វូណន​តេជោ» កាលពីថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយគម្រោង​ព្រែក​ជីក​ហ្វូណន​នឹង​ត្រូវ​ទទួល​​​បាន​សំណង​ទៅតាម​តម្លៃ​ទីផ្សារ​ជាក់​ស្តែង​។

បើ​តាម​លោក ស៊ុន ចាន់ថុល ការសាងសង់ព្រែកជីកនេះ​នឹងត្រូវជីកថ្មីទាំង​ស្រុង​ត្រឹម​តែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ​នៅ​ក្នុងខេត្តកែបដើម្បី​ភ្ជាប់ទៅសមុទ្រ។ ចំណែកព្រែកប្រវែង ១៣៥ គីឡូម៉ែត្រ​ដែលមានស្រាប់​ គឺគ្រាន់តែដើម្បីពង្រីកឱ្យ​​ធំ ហើយ​៣៨គីឡូម៉ែត្រផ្សេងទៀតមាន​ចំណុច​​ខ្លះ​​​កោងខ្លាំង ដែលគ្រាន់តែ​ត្រូវការជីកតម្រង់បន្ថែមប៉ុណ្ណោះ។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ពី​ការវិវត្ត​សង្គមលើកឡើងថា ពាក្យថា​សំណង​សមរម្យ​នៅ​ប្រទេស​កម្ពុជា​ មិនមាន​គោលការណ៍​ចែងជាក់លាក់ ច្បាស់លាស់​ថា​ សំណង​សមរម្យ​នឹង​បែងចែក​យ៉ាង​ណា​នោះទេ។ លោក​ថា មូលហេតុ​នេះ​ទើប​នាំឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការអភិវឌ្ឍតែងមានក្ដីបារម្ភ ទោះបីរដ្ឋាភិបាលសន្យាថា​នឹង​ផ្ដល់សំណង​សមរម្យ​ជូន​ពួកគាត់​ក៏ដោយ។

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែរឿងឱ្យហើយនៅតែមានអ្នកខ្លះមិនសប្បាយចិត្ដ វាមាន​រឿង​ពីរ ទី១ គឺសំណងនឹងមិនសមស្របនឹងការបាត់បង់ ហើយទី២ អាច​នឹង​បញ្ហា​ខ្លះ​ដែល​អ្នក​ដែល​ចាត់ចែង​លើ​ហ្នឹង [សំណង] មិន​បាន​បង្ហាញ​តម្លាភាព ប៉ុន្តែ​ឆ្លៀត​យក​ផល​ចំណេញ​ក្នុង​ដំណើរការ​នៃការផ្ដល់ហ្នឹង [សំណង]»។

ចំណែកលោក យ៉ង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លើក​ឡើង​ថា ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សំណង​សមរម្យ​ រដ្ឋាភិបាល​គួរ​តែ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ និងដោះ​ស្រាយ ព្រមទាំងភាគីពាក់ព័ន្ធដូចជាសង្គមស៊ីវិល ឬ​សហគមន៍​នៅកន្លែងនោះ ដើម្បីតាមដានដំណើរការនៃការដោះស្រាយ។ លោកថា រដ្ឋាភិបាល​មិនត្រូវយកលក្ខខណ្ឌទៅដាក់ឱ្យប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​ស្វែង​រក​បញ្ហា​រួម​ដើម្បី​ដោះស្រាយ។

លោកថា៖​ «បទពិសោធន៍​នៃ​ការដោះស្រាយ​កន្ល​ងម​ក​ហ្នឹង គឺ​តែងតែ​យក​លក្ខខណ្ឌ​របស់​រដ្ឋ​ហ្នឹង​យក​ទៅដាក់ឱ្យពលរដ្ឋ ដែលអ៊ីចឹងហើយដែលពលរដ្ឋហ្នឹងពិបាកនឹងទទួល ប៉ុន្តែ​អត់​បាន​ស្វែង​រក​ដំណោះស្រាយ ស្វែងយល់ពីបញ្ហាពីគ្នាទៅវិញទៅមក»៕