អ្នកឃ្លាំមើលសង្គម ជំរុញឱ្យមានការចាត់វិធានការទៅលើអ្នកដែលចេញផ្លាកលេខ ខ.ម. ទៅឱ្យអ្នកដែលមិនមានសិទ្ធិក្នុងការប្រើប្រាស់ និងជនបរទេស ព្រមទាំងជនស៊ីវិលដែលកំពុងប្រើប្រាស់ផ្លាកលេខនេះដោយមិនត្រឹមត្រូវ។
ការជំរុញនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងជាថ្មីទៀតអំពីការប្រើប្រាស់ផ្លាកលេខចរាចរខេមរភូមិន្ទ ឬ ខ.ម.។
ក្នុងសេចក្តីជូនដំនឹងនោះបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ បានកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់ផ្លាកលេខខ.ម.មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
សេចក្តីជូនដំណឹងដដែលបន្ថែមថា អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ការប្រើប្រាស់យានយន្តដាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានា ក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានទេ គិតត្រឹមថ្ងៃអង្គារនេះ។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លើកឡើងថា ការបើកបរយានយន្តពាក់ផ្លាកលេខខេមរភូមិន្ទដោយជនបរទេស ឬជនដែលមិនមានសិទ្ធិក្នុងការប្រើប្រាស់ផ្លាកលេខខេមរភូមិន្ទមានជារឿយៗ ប៉ុន្តែមិនទាន់ឃើញមានវិធានការមានប្រសិទ្ធភាពនៅឡើយ។
លោកថ្លែងថា៖« លើកនេះ ខ្ញុំសង្ឃឹមថានឹងមានវិធានការពីក្រសួងការពារជាតិ នៅក្នុងការបំបាត់ឲ្យខានតែបានចំពោះអ្នកដែលគ្មានសិទ្ធិក្នុងការប្រើប្រាស់ផ្លាកលេខខេមរភូមិន្ទ ជាពិសេសអ្នកដែលប្រើប្រាស់ផ្លាកលេខនេះហើយប្រព្រឹត្តមិនគប្បី ដែលនាំឲ្យខូចខាត និងប៉ះពាល់ដល់តម្លៃកងទ័ព ក៏ជាក្រសួងការពារជាតិ រឿងនេះគឺសំខាន់»។
លោក យ៉ង គឹមអេង បន្ថែមថា សម្រាប់អ្នកចេញផ្លាកលេខខេមរភូមិន្ទឱ្យទៅអ្នកដែលគ្មានសិទ្ធិក្នុងការប្រើប្រាស់ផ្លាកលេខនេះ ក៏ត្រូវតែមានវិធានការផ្លូវច្បាប់ផងដែរ។
លោកថ្លែងបន្ថែមថា៖ «ក្រសួងការពារជាតិគួរតែមានការផាកពិន័យ និងដាក់ទោសទណ្ឌទៅលើអ្នកដែលចេញផ្លាកលេខខេមរភូមិន្ទទៅដល់អ្នកដែលមិនមានសិទ្ធិក្នុងការប្រើប្រាស់ផ្លាកលេខនេះ ដូចជាជនបរទេស ជនស៊ីវិល ដើម្បីកុំឲ្យមានករណីកើតឡើងដដែលៗទៀត »។
ចំណែកលោកបណ្ឌិត មាស នី អ្នកសិក្សាពីការវិវត្តសង្គមលើកឡើងដែរថា លោកគាំទ្រទៅលើចំណាត់ការរបស់ក្រសួងការពារជាតិ ប៉ុន្តែលោកព្រួយបារម្ភចំពោះការចេញសេចក្ដីក្រើនរំឮកជាច្រើនលើក ច្រើនសារ ប៉ុន្តែមិនមានការផ្លាស់ប្ដូរ។
លោកបន្ថែមថា ការប្រើប្រាស់រថយន្តដែលបំពាក់ផ្លាកលេខ ខ.ម. ក្នុងសកម្មភាពផ្ដេសផ្ដាស ឬក៏ប្រើដោយជនបរទេស ឬមនុស្សដែលមិនមានតួនាទី អាចធ្វើឱ្យខូចកិត្តិយសកងទ័ព។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រទៅលើវិធានការ ដើម្បីរក្សានូវតម្លៃរបស់កងយោធា ដោយឱ្យមានការអនុវត្តច្បាប់។ កាលណាយើងគ្រាន់តែថាៗ តែយើងមិនធ្វើ គឺធ្វើឱ្យពលរដ្ឋសើច ហើយកាលណាពលរដ្ឋសើចចំអកទៅ នាំឱ្យមានការខឹងសម្បាររវាងពលរដ្ឋ និងរដ្ឋាភិបាលទៀត ហើយប៉ូលីសចរាចរណ៍ សមត្ថកិច្ចនៅតាមផ្លូវ គឺមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យ អ៊ីចឹងបើមានឡានពាក់ផ្លាកលេខខេមរភូមិន្ទ ត្រួតពិនិត្យមើលទៅ មានឯកសារត្រឹមត្រូវដែរទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងការពារជាតិក៏បានចេញសេចក្ដីជូនដំណឹងស្រដៀងគ្នានេះដែរ ទាក់ទងនឹងការចាត់វិធានការដល់ អ្នកប្រើប្រាស់ផ្លាកលេខខេមរភូមិន្ទមួយចំនួនដែលមានភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
នៅតាមបណ្តាញសង្គម ជារឿយៗតែងមានការចែករំលែកអំពីរូបភាព និងវីដេអូគ្រោះថ្នាក់ចរាចរណ៍ និងជនបរទេសបើកបររថយន្តដែលមានពាក់ផ្លាកលេខខេមរភូមិន្ទ។ តួយ៉ាងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏មានករណីបុរសជនជាតិចិនបើករថយន្ត LEXUS GS300 ពណ៌ខ្មៅ ពាក់ផ្លាកលេខខេមរភូមិន្ទបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕