ក្រសួងការពារជាតិកំពុងបើកការស៊ើបអង្កេត​លើ​ករណីលោក រ័ត្ន ទីណា ដែល​ជា​មន្ត្រី​យោធា​ឡាយ​វីដេអូ​រៀបរាប់​អំពី​​ការ​គាប​សង្គត់​កូនចៅ និង​អំពើ​ពុករលួយ​របស់​ថ្នាក់​លើ។  

លោក ឈុំ​ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់​ Newsroom Cambodia នៅ​ថ្ងៃទី​៤ ខែ​សីហា​នេះ​ថា ក្រុមការងារ​​​​ដែល​ពាក់ព័ន្ធកំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ។ លោក​ថា ​លោកកំពុង​រងចាំ​របាយការណ៍​ពី​ក្រុមកា​រងារស៊ើបអង្កេតដើម្បី​ដឹង​អំពី​ដំណោះស្រាយ​​​​។​

លោក សុជាត ប្រាប់៖ «ឥឡូវនឹងកងទ័ពមានខ្សែរយៈចាត់តាំងទៀតគេច្រើនថ្នាក់ មានអគ្គបញ្ជាការ មានកងទ័ពជើងគោក  មានយោធភូមិភាគ ចឹងថ្នាក់លើមិនទាន់បានសម្រេចយ៉ាងម៉េចទេ ចាំ​មើល​របាយការណ៍ក្រុមការងារស៊ើបអង្កេតសិន បានយើងសម្រេចបាន ឥឡូវ​យោធភូមិភាគ​​កំពុង​ធ្វើការ​ជាមួយ​​កងទ័ព​ជើង​គោក ហើយបានគេរាយការណ៍មកអគ្គមេបញ្ជាកការ  ហើយបាន​មក​ក្រសួង​ការពា​​រជាតិ អ៊ីចឹងរឿងកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយទេ»។​

កាលពី​ថ្ងៃទី​២ ខែកញ្ញា​ លោក រ័ត្ន ទីណា អនុសេនីយ៍ត្រី​ប្រចាំការ​នៅ​យោធភូមិភាគ​ទី​៤ ទិស​កណ្តាល​អូកូនតឹង បានបង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ Gidi Jing រៀបរាប់​​​អំពី​មេបញ្ជាការរបស់ខ្លួន​ប្រើអំណាច​គាបសង្កត់​លើ​កូនចៅ និងប្រព្រឹត្តអំពើពុករលួយ។​ លោក​​ក៏​បាន​រៀបរាប់​ថា លោក​រង​ការ​គំរាម​កំហែង​ពីថ្នាក់​លើ ​នៅ​ពេ​ល​ដែល​លោក​តែង​ជួយ​ផ្សព្វផ្សាយ​បញ្ហា​របស់​​ប្រជាពលរដ្ឋ​​​​។​

ក្រោយ​វីដេអូនោះ​ត្រូវ​បាន​ចែក​ចាយ នៅ​ថ្ងៃដដែល​ កងទ័ពជើងគោកយោធភូមិភាគ៤​បាន​ចេញ​លិខិត​មួយ​​ជូនមេបញ្ជាការយោធភូមិភាគ៤​ដោយ​បញ្ជាក់ថា លោក រ័ត្ន ទីណា ជាអនុសេនីយ៍ត្រី មិន​គោរព​បទ​បញ្ជា​របស់​កងទ័ព​។

លិខិត​ដដែល​បញ្ជាក់ថា៖ «លោកអនុសេនីយ៍ត្រី រ័ត្ន ទីណាតែងតែដើរហើរសេរី មិន​គោរព​បទ​បញ្ជា​គ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព  […] (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន​ លោក​អនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង១អាទិត្យមានមុខតែ ១ថ្ងៃប៉ុណ្ណោះ»។

​លិខិតដដែលបន្ថែម​ថា លោក រ័ត្ន ទីណា បានឡាយវីដេអូវាយប្រហារមកលើលោកមេ​បញ្ជាការ​របស់ខ្លួន​ថា​ជាការ​​ចោ​ទ​ប្រកាន់បំភ្លើស​ពីការពិត និង​ជាការ​ញុះញង់​ធ្វើឱ្យ​​ប៉ះពាល់​កិត្តិយស​កង​យោធពលខេមរភូមិន្ទ។

ក្រោយ​លិខិត​ដាក់​​​ជូនមេបញ្ជាការយោធភូមិភាគ៤​​ត្រូវ​បាន​ផ្សព្វផ្សាយ គេ​ឃើញ​វីដេអូដែល​​​លោក រ័ត្ន ទីណា ​ឡាយ​នោះ ត្រូវ​បាន​លុប​ចេញ​​។​​

Newsroom Cambodia មិនអាច​ទាក់ទង​លោក​ រ័ត្ន ទីណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។​

អ្នកសិក្សា​ពីការ​វិវត្ត​សង្គម លោកបណ្ឌិត​ មាស នី​ ប្រាប់ Newsroom Cambodia ថា ​​ការ​ដាក់​វិន័យ​លើ​លោក រ័ត្ន ទីណា គឺជារឿង​ត្រឹម​ត្រូវ​ប្រសិន​បើ​លោក​ធ្វើ​ខុស​​វិន័យរបស់ទាហាន​ ប៉ុន្តែ​លោក​ថា ប្រសិនបើ​​ពាក់ព័ន្ធនឹង​​ករណីរំលោភសិទ្ធិ និងអំពើ​ពុករលួយផ្សេងៗ​ដូច​ការ​លើកឡើង​ក្នុង​វីដេអូនោះ ក្រសួង​គួរតែធ្វើការស៊ើបអង្កេត។​

លោក​ មាស នី ប្រាប់៖ «បើយើងនិយាយពីវិន័យរបស់ទាហានត្រូវហើយ សម្រាប់​កិច្ចការ​សម្ងាត់​របស់​ប្រទេស​ជាតិរឿង រឿងចម្បាំងរឿងអី វាជាកាតព្វកិច្ច ជាវិន័យសំខាន់របស់ទាហាន ប៉ុន្តែ​សម្រាប់​រឿង​បញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយផ្សេងៗ ការំលោភសិទ្ធិមនុស្សផ្សេងៗ អាហ្នឹង ក្រសួង​ការពារជាតិគួរតែមានការស៊ើបអង្កេត ព្រោះធម្មតាទាហានមានវិន័យមែន ប៉ុន្តែ​ប្រសិនបើ​វិន័យ​ជា​វិន័យ​មិន​ត្រឹមត្រូវទៅតាមច្បាប់ មិនត្រូវទៅតាមវិន័យរបស់កងទ័ព អាហ្នឹង​មិនមែន​ចេះតែបណ្តោយ​ដែរ»។​

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបាន​ចេញសេចក្តីថ្លែងការណ៍អំ​ពីឃ្លីបវីដេអូ​មួយ​ទៀត​​របស់ឈ្មោះ​ រ័ត្ន ទីណា ដែលបានអះអាងថា ខ្លួន និង​ប្រជាពល​រដ្ឋចំនួន១៣គ្រួសាររងនូវភាពអយុត្តិធម៌ ដោយ​ខ្លួនរស់នៅ​លើដី​ដែល​ជាអំណោយ​របស់​មន្ត្រី​យោធា៕​​