កម្មករប្រមាណ ៥០០នាក់ ធ្វើការ​នៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel)​ នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលផ្តុំគ្នា​នៅ​មុខ​រោង​ចក្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ទាមទារ​​ឱ្យ​ថៅកែ​​បើ​ក​ប្រាក់​ឈ្នួលសម្រាប់ខែសីហា និងបើកប្រាក់ឈ្នួលប្រចាំខែ​ឱ្យកម្មករឱ្យ​បានទៀង​ទាត់ ខណៈរោង​​ច​ក្រ​នេះបើកប្រាក់ឈ្នួលយឺតយ៉ាវជាញឹកញាប់។

អ្នកស្រី សូ សាវឿន អះអាងថាជាកម្មការិនីធ្វើការនៅ​រោងចក្រ ML បាន​ឱ្យដឹង​នៅ​​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ជាធម្មតា ខាង​រោងចក្របើកប្រាក់ឈ្នួល​ឱ្យកម្មករ នៅថ្ងៃទី០៨ នៃខែនិមួយៗ ប៉ុន្តែថ្ងៃទី៨ ក្នុងខែកញ្ញានេះ ចំថ្ងៃ​ចុងសប្តាហ៍​ដែលកម្មករ​​មិនធ្វើការ។ អ្នកស្រីបន្តថា ដោយសារថ្ងៃបើក​ប្រាក់ឈ្នួល​ចំថ្ងៃសម្រាក ខាងរោងចក្រ​បាន​លើកថ្ងៃបើកប្រាក់ឈ្នួលទៅសប្តាហ៍ក្រោយវិញ ដែលករណីនេះធ្វើឱ្យកម្មករ​មិន​សប្បាយ​​ចិត្ត ទើបនាំគ្នា​ប្រមូលផ្តុំតវ៉ា ទាមទារឱ្យខាងរោង​ចក្របើកប្រាក់ឈ្នួលនៅថ្ងៃសុក្រនេះ។

អ្នកស្រី សាវឿន បន្ថែមថា ខាងរោងចក្រតែងពន្យា​ពេលក្នុងការបើកប្រាក់ឈ្នួល​ជា​ញឹកញាប់ បណ្តាល​ឱ្យ​ប៉ះពា​ល់យ៉ាង​ធ្ងន់ធ្ងរដល់ការរស់នៅរបស់​កម្មករ ខណៈកម្មករភាគច្រើន​មានជីវភាព​ខ្វះខាត និងជាប់បំណុលធនាគារ។

អ្នកស្រីថា៖ «គាត់[ខាងរោងចក្រ]លើក[ពេលបើកប្រាក់ឈ្នួលញឹក]ញាប់ពេក មួយខែលើកពីរដង។ នៅពីរខែ​បីខែនេះ​​​លើកជាប់គ្នានេះរហូត ជួនកាលបើកឱ្យ ៥០ភាគរយអញ្ចឹង​ទៅ។ ចំពោះ​កម្មករ​ត្រូវ​ការ​លុយដើម្បី​បង់​ធនា​គារ តែបើមានការលើកយូរបែបនេះខាងធនាគារ ក៏ពិន័យពួកគាត់ដែរ។ បងប្អូនកម្មករយើងគាត់ពិបាកខ្លាំង អ្នកខ្លះគាត់ដាច់លុយ អត់មានលុយទិញបាយហូប អ្នកខ្លះខ្ចីគេក៏លែងបានដែរ»។

កម្មករ​រោង​ចក្រ ML ម្នាក់ទៀត លោក សឹម ងិន បានលើកឡើង​ស្រដៀង​គ្នានេះដែរថា ការ​បើក​ប្រាក់ឈ្នួល​យឺតយ៉ាវនៅរោង​ចក្រនេះ បាន​​កើត​ឡើងជា​ច្រើន​ដងមកហើយ ដែលធ្វើឱ្យ​កម្មករមិនសប្បាយចិត្ត និង​ឈានដល់ការ​ប្រមូលផ្តុំតវ៉ា​នៅថ្ងៃនេះ ដើម្បីទាមទារឱ្យថៅកែរោង​ចក្រ​បើកប្រាក់ឈ្នួល​សម្រាប់ខែសីហា នៅថ្ងៃទី០៦ ខែកញ្ញានេះ ប៉ុន្តែគិត​មកដល់រសៀល​ថ្ងៃនេះ នៅមិនទាន់​មានការ​ឆ្លើយតបពីខាង​ភាគី​រោង​ចក្រនៅឡើយ។

លោកថា៖ «ខ្ញុំសំណូមពរតែម៉្យាងគត់ អាហ្នឹងចំពោះតម្រូវការរបស់ខ្ញុំ ឬក៏តម្រូវការរបស់កម្មករទាំងអស់គ្នា គឺសុំធ្វើម៉េចឱ្យតែបើកលុយទៀងទាត់ឱ្យពួកខ្ញុំទៅបានហើយ ព្រោះការងារ គឺយើងទទួលស្គាល់ ព្រោះ​ក្រុមហ៊ុនគាត់មានសម្ពាធរបស់គាត់ កម្មករក៏មានសម្ពាធរបស់គាត់។ កម្មករសម្ពាធ​របស់​គាត់ គឺអារឿង​ប្រាក់​ខែ គាត់​ត្រូវ​ការចាយវាយប្រចាំថ្ងៃ ត្រូវការបង់លុយធនាគារ ព្រោះធម្មតាប្រជាជនយើងសុទ្ធតែអ្នក​ជំពាក់​លុយ​ធនាគារ​ច្រើន ជំពាក់លុយធនាគារត្រូវការបង់លុយ ដល់ពេលអត់មានលុយបើក​ទៀងទាត់​ឱ្យ​គាត់ គាត់បង្វិលលុយអត់ទាន់»។

ប្រធានផ្នែករដ្ឋបាលនៃរោងចក្រ អិមអិល(ML) អ្នកស្រី កែម រ៉េន នៅមិនទាន់អាចបញ្ជាក់បាននៅឡើយពី​កាលបរិច្ឆេតនៃការបើកប្រាក់ឈ្នួលសម្រាប់ខែសីហា ជូនដល់កម្មករ ខណៈភាគីរោង​ចក្រ អាជ្ញាធរ និង​មន្ត្រីមន្ទីរការងារ​ខេត្ត បាននឹង​​កំពុង​រកដំណោះស្រាយលើបញ្ហានេះ។

អ្នកស្រី​ថា៖ «បច្ចុប្បន្ននេះ គឺបងជាប្រធានផ្នែករដ្ឋបាល ក៏កំពុងតែដំណើរការដោះស្រាយបញ្ហានេះ ជុំជាមួយ​នឹង​អាជ្ញាធរ ជាពិសេសអាជ្ញាធរដែលពាក់ព័ន្ធ មានបងប្រធានមន្ទីរការងារ ទីពីរជាមួយបងប្រធានខេត្តហើយនិងស្នងការក្រុង ហើយពេលបច្ចុប្បន្នយើងក៏អត់ទាន់ដឹងព័ត៌មានច្បាស់ថាដល់ណាដែរ»។

លោក ​នួន ស៊ីណា ប្រធានមន្ទីរការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍ថា ការប្រជុំរកដំណោះស្រាយជុំវិញ​ការតវ៉ារបស់កម្មករ​រោង​ចក្រ​អឹមអិល​នេះ នៅមិនទាន់មានលទ្ធផលជាផ្លែផ្កានៅឡើយ គិត​ត្រឹម​ព្រឹកថ្ងៃសុក្រនេះ។

លោកថា៖ «ដោយសារខ្ញុំដោះស្រាយអត់ទាន់ចប់ទេ ចឹងខ្ញុំអត់ទាន់អាចឆ្លើយបាន»។

អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ យល់ថា ការបើកប្រាក់ឈ្នួលយឺតយ៉ាវ​​ជូនកម្មករ ពីសំណាក់ភាគី​រោងចក្រ ជាការអនុវត្ត​​ផ្ទុយនឹងច្បាប់ការងារ។ លោកបន្តថា ការ​នេះ​ធ្វើ​ឱ្យកម្មករ​គ្មាន​ប្រាក់​បង់ថ្លៃស្នាក់នៅ ចំណី​អាហារ និង​ការ​ចំណាយផ្សេងៗ។

លោក​មានប្រសាសន៍ថា៖ «ការដែលពន្យារពេលបើកប្រាក់ឈ្នួលជាញឹកញាប់​ដល់កម្មករ គឺ​ជា​កំហុសធ្ងន់​របស់​និយោជក​ ដែលមានចែងក្នុងមាត្រា៨៣នៃច្បាប់ស្ដីពីការងារ ព្រោះក្នុងច្បាប់បានបញ្ជាក់ហើយថា បើកប្រាក់ឈ្នួល គឺគេឱ្យបើកតាមម៉ោង តាម​ថ្ងៃ តាម​សប្ដាហ៍ ហើយយូរបំផុត ២សប្ដាហ៍ ឬក៏៣សប្ដាហ៍ ប៉ុន្តែកម្មករ​នៅកម្ពុជាយើងបើករហូតដល់មួយខែម្ដង។ អ៊ីចឹងបើសិនជាមួយខែម្ដងហើយ​ មិន​បើកទៀត ឬក៏ឥឡូវ​យើង​បើក​កន្លះខែម្ដង​ហើយ​មិន​បើក​ទៀត ឬក៏រហូតដល់មួយខែមិនបើកទៀត មានន័យថា កម្មករអត់មាន​លុយជួល​ផ្ទះ អត់មានលុយទិញអាហារ អត់មានលុយសម្រាប់ផ្គត់​ផ្គង់ផ្សេងៗ»។

ករណីនេះ លោកជំរុញ​ឱ្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គប្បីចុះធ្វើអធិការកិច្ចនៅរោង​ចក្រអឹមអិល ដើម្បីដោះស្រាយបញ្ហានេះ ឬក៏មានការអន្តរាគមន៍ពីភាគីរដ្ឋាភិបាល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២៣ និងកាល​​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្មករនៅរោងចក្រ​កាត់ដេរសម្លៀកបំពាក់ អិម អិល(ML) ក៏ធ្លាប់បានប្រមូលផ្តុំគ្នា​​តវ៉ាទាមទារឱ្យ​រោង​ចក្រ​បើកប្រាក់ឈ្នួល​ជូនកម្មករ​ឱ្យបាន​ទៀង​ទាត់​​ផង​ដែរ ក្រោយពីរោងចក្រនេះ បាន​​ពន្យា​ពេល​​បើក​ប្រាក់ឈ្នួល​​ជូន​កម្មករជាញឹកញាប់៕