តុលាការកំពូល បានសម្រេចតម្កល់សាលដីកា​តុលាការជាន់ទាប​ ដែល​បាន​កាត់​ទោស​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA) ទុកជាបានការ ​ពាក់​ព័ន្ធនឹង​​ការ​​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួលនៅផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤។

លោក ​វន់ ពៅ​ ​​ត្រូវ​បានតុលាការ​​​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​​ដល់​​សន្តិ​សុខ​សង្គម» ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ ​ដែល​ទាម​ទារ​​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ ​កាល​ពី​ឆ្នាំ​២០១៤ ​ដែល​កាល​នោះ​ លោក​ វន់ ពៅ ​ត្រូវ​បាន​គេ​វាយ​ប្រហារ​បែក​ក្បាល​ និង​ទ្រោម​ខ្លួន។ ក្នុងហេតុការណ៍នោះ ​លោក ​វន់ ពៅ ​និង​អ្នក​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ក្នុង​​ពន្ធនាគារ​មួយ​រយៈ​ មុន​នឹង​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ។ ​ប៉ុន្តែ​សំណុំ​រឿង​របស់​លោក​នៅ​តែ​បន្ត​ ហើយ​លោក​បាន​ប្តឹង​ទាស់​ជា​បន្ត​បន្ទាប់ ​រហូត​ដល់​តុលាការ​កំពូលបាន​បើកសវនការលើសំណុំរឿងនេះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

លោក​ស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល បានប្រាប់ Newsroom Cambodia ថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃ​​តុលាការកំពូល បានតម្កល់សាលដីការបស់សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ទុកជាបានការ។

លោកស្រីមានប្រសាសន៍ថា៖ «តម្កល់សាលដីការរបស់សាលាឧទ្ធរណ៍​លេខ១៤៤[…] ការតម្កល់របស់សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍​ភ្នំពេញ»។

ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ បង្ហាញការ​​ខក​ចិត្តចំពោះសេ​ចក្តីសម្រេចនេះ ដោយថា លោកពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។​​ តែយ៉ាងណា លោកនៅតែទទូចសុំឱ្យថ្នាក់ដឹកនាំ លើកលែងទោសចំពោះរូបលោក។

លោកថា៖ «យើងមិនបានប្រព្រឹត្តកំហុសអីទាល់តែសោះហើយ យើងទន្ទឹងរងចាំយុត្តិធម៌រយៈពេលជាង១០ឆ្នាំមកនេះ[…] យើងរស់នៅទាំងការឈឺចិត្ត ទាំងការឈឺកាយ ហើយយើងគិតថា ១០ឆ្នាំហើយល្មមផ្ដល់យុត្តិធម៌ ប៉ុន្តែពេលនេះយើង​បែរជាខកចិត្តមិនទទួលបានយុត្តធម៌ដូចអ្វីដែលជាការរំពឹងទុក។ អ្វីដែលយើងធ្វើទៀតនោះ គឺយើងគិតថាយើងអស់នីតិវិធីហើយ ព្រោះដល់តុលាការកំពូលហើយ[…] ខ្ញុំសំណូមពរទៅរដ្ឋាភិបាល ផ្តល់យុត្តិធម៌ ក៏ដូចជាការលើកលែងទោស មកលើរូបខ្ញុំកុំឱ្យមានការចោទប្រកាន់​តែប៉ុណ្ណឹង ហើយសូមឱ្យរស់នៅក្នុង​ប្រទេសដែលមានសន្តិភាពសម្រាប់​ទាំង​អស់​គ្នា»

​លោក ​សឺន ជុំជួន សហ​មេធាវី​​ការពារក្តី​ឱ្យ​លោក ​វន់​ ពៅ ​យល់ថា ការសម្រេចរបស់តុលាការកំពូលដោយ​បានតម្កល់សាលដីកាសាលាឧទ្ធរណ៍​ភ្នំពេញ ដែលបានផ្តន្ទាទោសកូនក្ដីលោកនេះ ជារឿងអយុត្តិធម៌។

លោកថា៖ «យើងក្នុងនាមជាសហមេធាវីយើងកត់សម្គាល់ឃើញថា ផ្អែកទៅតាមការសិក្សាលើសំណុំរឿងហ្នឹង គឺការលើកឡើងអំពីអង្គហេតុហ្នឹង​គឺមិនសមរម្យ វាហាក់ដូចជាការបំភ្លើសអង្គហេតុដើម្បីចោទប្រកាន់ ផ្អែកទៅតាមឯកសារភស្តុតាងដាក់គុក ឬកាត់ទោសអីជាដើម គឺមិនមានមូលដ្ឋានច្បាស់លាស់[…]ក្នុងនាមជាអ្នកច្បាប់ និងជាអ្នកប្រកបវិជ្ជាជីវៈជាមេធាវី យើងឃើញថា មានអង្គហេតុបែបនេះ ដូចច្នេះហើយអ្វីដែលជាសេចក្តីសម្រេចរបស់តុលាការគ្រប់ជាន់ដ្នាក់ទាំងអស់ ជាពិសេសតុលាការកំពូលនាពេលនេះ គឺមានភាពអយុត្តិធម៌ណាស់សម្រាប់កូនក្តីខ្ញុំ»

ករណីនេះ លោកមេធាវី ​សឺន ជុំជួន បានគូសបញ្ជាក់ថា៖ «ខ្ញុំនឹងពិភាក្សាជាមួយកូនក្តី [លោក វន់ ពៅ ]បន្តទៀតថា បើសិនមាននិតិវិធីផ្សេងៗទៀត​ដែលយើងនៅមានឱកាស ខ្ញុំនឹងពិភាក្សាជាមួយកូនក្តីបន្ថែម[…]បើសិនណាយើងចង់បន្តអ្វីបន្ថែម»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ(LICADHO) លោក អំ សំអាត ​សម្ដែងការសោកស្ដាយការដែលតុលាការកំពូលតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាប ដោយលោកយល់ថា នេះជារឿងអយុត្តិធម៌សម្រាប់លោក វន់ ពៅ ដែលបានរងរបួស​​ក្នុងហេតុការណ៍នោះ។

លោកថា៖ «លោក វន់ ពៅ បានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ព្រោះលោកត្រូវបានរងរបួសដោយការវាយដំយ៉ាងដំណំ​ ក្នុងអំឡុងពេលចាប់ខ្លួន ប៉ុន្តែមិនទទួលបានយុត្តិធម៌ ផ្ទុយទៅវិញលោកត្រូវបានតុលាការធ្វើការផ្តន្ទាទោសទៅវិញ ពីបទ ផ្តើម​គំនិត​​ឱ្យមានអំពើហិង្សាដោយមានស្ថានទម្ងន់​ទោស»។

កាលពី​ថ្ងៃទី​២ និងទី៣ ខែ​មករា ឆ្នាំ២០១៤ សមត្ថកិច្ចបានចាប់ខ្លួនលោក វន់ ពៅ និងសកម្មជនសិទ្ធិមនុស្សមួយចំនួន នៅមុខរោងចក្រយាក់ជីង ក្នុងរាជធានីភ្នំពេញ ក្រោយពីបាន​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។ លោក វន់ ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសពីបទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៤ តែអនុវត្តទោសក្នុងពន្ធនាគារ៥ខែ ហើយទោសសេសសល់ត្រូវបានព្យួរ។

សាលាឧទ្ធរណ៍​ភ្នំពេញកាល​ពីថ្ងៃទី​២៩ ​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង៕ ​