ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កា​វើលដ៏(LRSU) កញ្ញា ឈឹម ស៊ីថរ បានបង្ហាញឆន្ទៈ​ក្នុងការ​ជួយដល់សមាជិកសហជីពរបស់ខ្លួន ដើម្បីឱ្យមានដំណោះស្រាយ​ចំពោះវិវាទ​ការ​ងារ​នៅក្រុមហ៊ុនណាហ្កាវើលដ៍ ក្រោយ​ពី​កញ្ញា​បាន​អនុវត្តទោសចប់អស់រយៈពេល ២ឆ្នាំ ក្នុងពន្ធនាគារ ក្រោមបទចោទ​ញុះញង់។

កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែ​​មករា ឆ្នាំ២០២២ ហើយ​បន្ទាប់​ពីជាប់ឃុំខ្លួននៅ «មណ្ឌល​អប់រំកែប្រែទី២» អស់រយៈពេល២ខែ ​កញ្ញា​​ត្រូវបាន​តុលាការដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន​ ​អំឡុង​​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​​។ ប៉ុន្តែកាល​ពី​ថ្ងៃទី២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ប្រធានសហជីពរូបនេះត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​​ ពី​បទ ​រំលោភ​លើ​លក្ខ​ខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ។

តែយ៉ាងណា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ កញ្ញា ឈឹម ស៊ីថរ ដែលជាម្ចាស់ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ២០២៤ពីប្រទេស​ស៊ុយអ៊ែតផងនោះ ត្រូវបាន​ដោះលែងពីពន្ធនាគារ​ហើយ ក្រោយពីអនុវត្តទោសគ្រប់ ២ឆ្នាំ។

កញ្ញា ឈឹម ស៊ីថរ បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចេញពីពន្ធនាគារ​ថា ការដែលកញ្ញាមានសេរីភាព​វិញ គឺអាច​ឱ្យ​កញ្ញាបន្តជួយសមាជិកសហជីព​ តវ៉ាទាមទាររក​ដំណោះស្រាយពាក់ព័ន្ធនឹង​វិវាទ​ការងារ​​នៅ​ក្រុមហ៊ុន​ណាហ្កា​វើលដ៏ ដែលបានអូសបន្លាយជាច្រើនឆ្នាំមក​ហើយ​។ កញ្ញាបន្ត​ថា កញ្ញាមាន​ការ​សោកស្ដាយ​ចំពោះ​ការ​អូស​បន្លាយ​នៃ​បញ្ហា​នៅក្រុមហ៊ុន​​ណាហ្កាវើលដ៍ តែកញ្ញា​សង្ឃឹម​ថា បញ្ហា​នេះ​នឹង​ត្រូវ​បានមើល​ឃើញ​ និងដោះស្រាយនាពេលខាងមុខ។

កញ្ញា ឈឹម ស៊ីថរ និយាយ​ថា៖ «សប្បាយចិត្តនៅត្រង់ថាអាចមកបន្តការងារជាមួយ​នឹងក្រុមការងារបាន ពីព្រោះថា និយាយដោយស្មោះត្រង់ ទោះបីនាងខ្ញុំជាប់ពន្ធនាគារ​មែន ប៉ុន្តែ​ក្រុម​ការ​ងារ​ខាង​ក្រៅ​គាត់​មានការ​នឿយ​ហត់​ច្រើន​ ចឹងនាងខ្ញុំអត់បានចូលរួមចំណែក។ ឥឡូវហ្នឹងបានចូលរួមចំណែកជួយពួកគាត់​វិញជា​ការ​ធូរស្រាល​ខាងផ្លូវចិត្ត​ដែល​ថា យើងបានជួយក្រុមការងារ។ ហើយ​អារម្មណ៍មួយទៀត គឺនៅតែមានការសោកស្ដាយចំពោះវិវាទនៅក្រុមហ៊ុនណាហ្កាវើលដ៍ ដែលអូស​បន្លាយពេលជាង ២ឆ្នាំ ហើយ​តែ​មិនមាន​ដំណោះ​ស្រាយ។ ហើយយើងសង្ឃឹមថា បន្ត​ទៅមុខទៀតថ្នាក់ដឹកនាំនឹងមើលឃើញថា បញ្ហាដែលនៅក្រុមហ៊ុនណាហ្កាវើលដ៍នេះ គឺជាបញ្ហាដែលត្រូវតែដោះស្រាយ»។

ប្រធានសហជីពរូបនេះបន្តថា៖ «ខ្ញុំគិតថាទាំងអស់គ្នាបានដឹង អំពីការតស៊ូមតិរបស់ក្រុមហ៊ុនណាហ្កាវើលដ៍ជាង ២ឆ្នាំមកនេះ មិនទាន់ទទួលបានដំណោះស្រាយសូម្បីតែ១ចំណុច នៅក្នុងចំណោមការទាមទារ ៩ចំណុច​របស់កម្មករ ជាពិសេសគឺចំណុចការទាមទារឱ្យ​ទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកត្រឡប់​​ចូលធ្វើការវិញ អញ្ចឹង​ទាំងនាងខ្ញុំ ក៏ដូចជាសមាជិកសហជីពទាំងអស់ ដែលនៅបន្តការទាមទារហ្នឹងនៅតែ​ប្តេជ្ញាចិត្តក្នុងការបន្តការតស៊ូមតិរហូត​ទទួលបានដំណោះស្រាយ ដែលគេអាចទទួលបាន[…] មែនទែន​ទៅ សកម្មភាពដែលយើងធ្វើកន្លងមកហ្នឹង គឺនៅតែបន្តធ្វើ យើងនឹងជជែកគ្នាបន្ថែមទៀតថា ក្នុងស្ថាន​ភាព​លំបាក​បែប​នេះ យើងនឹងត្រូវធ្វើបែបណា ហើយមកដល់ពេលនេះ នាងខ្ញុំអត់ទាន់អាចឆ្លើយបាន ដោយសារយើងអត់ទាន់បានជជែកពិភាក្សាអីទេ ដោយសារជាថ្ងៃដំបូង»។

អ្នកស្រី ម៉ម សុវឌ្ឍិន ជាកូ​ដករ​ណាហ្កា​វើលដ៍ ប្រាប់​Newsroom Cambodia ថា កញ្ញា ឈឹម ស៊ី​ថរ​ មិនមាន​កំហុសអ្វីទាំងអស់ តែបែរ​ជាជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ តែយ៉ាងណា អ្នកស្រីសប្បាយរីករាយដែលទទួលដំណឹងថាកញ្ញា ឈឹម ស៊ីថរ មានសេរីភាពវិញ ហើយ​សង្ឃឹម​ថា ថ្នាក់ដឹកនាំ និងស្ថាប័ន្ថពាក់ព័ន្ធ នឹង​ជួយដោះស្រាយបញ្ហានៅក្រុមហ៊ុនណាហ្គា​នេះ ឱ្យបានឆាប់ផងដែរ។

អ្នកស្រីបន្ថែមថា៖ «សម្រាប់បងរំភើប និងត្រេកអរជំនួសដែលគាត់មានសេរីភាពឡើងវិញ សេរីភាពនៃការដើរហើរខាងក្រៅ ប៉ុន្តែមួយជ្រុង​ទៀត មិនទាន់សប្បាយចិត្តដោយសារ​វាជាភាពអយុត្តិ​ធម៌​សម្រាប់​គាត់​ដែរអត់​ធ្វើអី​ខុស​សោះ​បែរ​ជាជួប​រឿងទាំងនេះ ហើយដំណោះស្រាយក៏អត់ទាន់មាន[…] មានតែស្នើសុំហើយស្នើសុំទៀត សុំរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ជួយអន្តាគមន៍​ដោះស្រាយឱ្យកម្មករទៅ កុំទុកចោលអញ្ចឹង ព្រោះកាលណាទុកចោលទៅធ្វើឱ្យប្រទេសយើង បាក់មុខមាត់លើឆាកអន្តរជាតិ»។

រីឯអនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កា​វើលដ៍ អ្នកស្រី ឈឹម សុខន ក៏បានបង្ហាញក្តីរីករាយ ដែល​បានឃើញកញ្ញា ឈឹម ស៊ីថរ មានសេរីភាព និង​វិលមកជួបជុំគ្រួសារ និងក្រុមការងារវិញ។ ប៉ុន្តែអ្នកស្រីថា នេះមិនបង្ហាញថា កញ្ញា ឈឹម ស៊ីថរ ទទួលបានយុត្តិធម៌​ព្រោះ​​តែ​ការ​ដោះ​លែង​នេះទេ​ ដោយសារកញ្ញាបានអនុវត្តន៍ទោស​ចប់សព្វគ្រប់ មិនមែនជាការទម្លាក់​​បទចោទប្រកាន់​នោះ​ឡើយ។

អ្នកស្រីបន្ថែមថា៖ «ទន្ទឹមនឹងការសប្បាយចិត្តហ្នឹង​ បងមានអារម្មណ៍ថា គាត់រងអយុត្តិធម៌ ព្រោះការដោះលែងឱ្យមានសេរីភាពនេះ គឺគាត់អនុវត្តទោសចប់ មិនដោះលែងដោយកាលើកបទចោទទេ អញ្ចឹង​បើ​ទោះ​ជា​​យ៉ាង​​ណា យើងសប្បាយចិត្ត ប៉ុន្តែក៏យើងអត់ទាន់ទទួលយុត្តិធម៌អញ្ចឹង​»។

ពាក់ព័ន្ធនឹងវិវាទការងារនៅក្រុមហ៊ុនណាហ្កាវើលដ៍វិញ អ្នកស្រី ឈឹម សុខន បានអំពាវនាវ​ដល់​​ថ្នាក់​ដឹក​នាំ  និង​​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​ក្រុមហ៊ុនណាហ្គា ជួយ​ដោះស្រាយបញ្ចប់​វិវាទការងារ​​​នេះឱ្យ​បានឆាប់។

អ្នកស្រីបន្ថែមថា៖ «បងមានតែសំណូមឱ្យក្រសួង​ពាក់ព័ន្ធដែលមានសិទ្ធអំណាច ដោះស្រាយវិវាទហ្នឹង ឬរដ្ឋា​ភិ​បាល ឬក៏ក្រុមហ៊ុនណាហ្គាហ្នឹងក៏ដោយ នៅតែស្នើសុំឱ្យពួកគាត់ដោះស្រាយបញ្ចប់វិវាទ​ហ្នឹង​ទៅ ព្រោះ​អី​ក្រុម​ហ៊ុន​គាត់​នៅត្រូវការបុគ្គលិក ហើយពួកយើងជាបុគ្គលិកមានចំណេះជំនាញស្រាប់ ហេតុអ្វីមិនដោះស្រាយយកពួកយើងចូលធ្វើការវិញ?»។

លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់ Newsroom Cambodia ថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ ធ្វើឡើង​​នៅម៉ោងជិត ៥ទៀប​ភ្លឺ ហើយ​អាជ្ញាធរ​បាន​ជូនកញ្ញា​ទៅ​ដល់​​​ផ្ទះ​ផ្ទាល់​ ដោយសាអាជ្ញាធរបារម្ភ​​ចំពោះអ្នកគាំទ្រ កញ្ញា ឈឹម ស៊ីថរ បង្ករឱ្យមានការកកស្ទះ និងអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

លោក​មានប្រសាសន៍ថា៖ «សូម​ជម្រាប​ថា មូលហេតុសំខាន់​ខាងយើងសម្រេចចិត្តយក[កញ្ញា ឈឹម ស៊ីថរ​]​ទៅ[ផ្ទះ]អញ្ចឹង ដោយសារទី១ យើងក្តាប់​ព័ត៌មា​នបាន​ថា មានមនុស្សមួយក្រុមគាត់មានគម្រោង​មក ធ្វើបាតុ​កម្ម ឬធ្វើកម្មវិធីជុំគ្នានៅមុខមណ្ឌលកែប្រែ ម២ ហើយបច្ចុប្បន្ន​ផ្លូវខាង​មុខ ថ្ងៃចូលធ្វើការ​ថ្ងៃចន្ទ​ហ្នឹងប្រជាពលរដ្ឋគាត់ធ្វើដំណើឆ្លងកាត់ច្រើន អញ្ចឹងបើសិនជាយើងដោះលែង នៅពេលដែលគាត់មានឱកាសបានជុំគ្នាហ្នឹង អាហ្នឹងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជា​​ពលរដ្ឋ ដោយមានការកកស្ទះ ពិបាកណាស់ អញ្ចឹង​បាន​យើង​សម្រេច​ចិត្ត អនុវត្តនូវវិធានការបែបហ្នឹង»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត សាទរចំពោះការមាន​សេរីភាពវិញរបស់ កញ្ញា ឈឹម ស៊ីថរ។ តែ​យ៉ាងណា លោក​​នៅតែមានការសោកស្តាយ ដែល​កញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារយ:ពេល ២ឆ្នាំ ពីបទ ញុះញង់ ទាំងអយុត្តិធម៌ រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ​​ណាហ្កាវើលដ៍ផ្សេងទៀត។

លោកបន្តថា៖ «ជាការពិត វិវាទការងាររវាងក្រុមហ៊ុនណាហ្កាវើលដ៍ និង​បុគ្គលិក អតីតបុគ្គលិក និង​សហជីព គួរត្រូវបានដោះស្រាយដោយសន្តិវិធី មិនគួរកូដកម្មដោយសន្តិវិធី ដោយបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ត្រូវបានចាប់ខ្លួនមេដឹកនាំសហជីព និងសមាជិកសហជីព ដោយចោទប្រកាន់ និងផ្តន្ទាទោស ហើយកូដ​កម្មរាប់សិបឆ្នាំ​មិនទាន់ត្រូវបានដោះស្រាយបញ្ចប់។ ផ្ទុយទៅវិញ ធ្វើឱ្យសហគមន៍អន្តរជាតិ​លើក​ឡើងថា​ ការផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ និង​សមាជិកសហជីព ណាហ្កាវើលដ៍ជាការធ្វើទុក្ខ​បុកម្នេញ​សហជីពណាហ្កាវើលដ៍ និងរំលោភសិទ្ធិការងារទៅវិញ។ ខ្ញុំយល់ថា ល្មមដល់ពេលក្រសួងពាក់ព័ន្ធជំរុញឱ្យមានដំណោះ​ស្រាយដើម្បីបញ្ចប់វិវាទការងាររវាងបុគ្គលិក អតីតបុគ្គលិក សហជីពណាហ្កាវើលដ៍ និងក្រុមហ៊ុនណាហ្កាវើលដ៍ហើយ»៕