កំពុងអង្គុយក្រងអង្រឹងក្រណាត់ដែលជាកាកសំណល់ចេញពីរោងចក្រ អ្នកស្រី សុខ ស្រីណាក់ អាយុ៤៤ឆ្នាំ ប្រកបរបរក្រងអង្រឹងនៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ប្រមាណជា១៥ឆ្នាំមកហើយ។
ក្នុងកន្រ្ដកក្បែរអ្នកស្រីកំពុងអង្គុយក្រង មានគំនរក្រណាត់ចម្រុះពណ៌ច្រើនប្រភេទសម្រាប់ក្រងជាអង្រឹង ដូចជាសាច់ក្រណាត់ធម្មតា សាច់ពោះគោ សាច់ភួយ និងខ្សែស្លាកអាវ ឬខោជាដើម ជាក្រណាត់ដែលអ្នកស្រី សុខ ស្រីណាក់ ទិញពីអ្នកធ្វើការរោងចក្រ ហើយយកកំទេចក្រណាត់សល់ពីរោងចក្រមកលក់បន្ត។
សម្រាប់អ្នកប្រកបរបរក្រងអង្រឹងធ្វើពីកំទេចក្រណាត់រោងចក្រដូចជាអ្នកស្រី សុខ ស្រីណាក់ យល់ថា ជាទូទៅកំទេចក្រណាត់ពីរោងចក្រ តែងត្រូវបានយកទៅដុត ឬបោះចោល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដូច្នេះការក្រងអង្រឹងដោយប្រើក្រណាត់ពីកាលសំណល់រោងចក្រ អាចជួយដល់បរិស្ថានបានមួយផ្នែក។
អ្នកស្រីនិយាយថា៖ «អានេះម៉ត់ៗ [ក្រណាត់] ហើយគ្នាខំរើសយកអាម៉ត់ៗយកមកដេរជាម៉ូតផ្កាក្រឡឹង។ ជួយច្រើនមែន [បរិស្ថាន]។ កាលពីមុនរោងចក្រមិនដឹងយកទៅណាមានតែដុតចោល ដល់ឥឡូវរោងចក្រ ចិនចេះលក់ដែរ ដល់ខ្មែរចេះធ្វើចិនចេះលក់។ កាលមុនចោលទេ ហើយថោកទៀតបើលក់ខ្សែអង្រឹង១គីឡូ១ពាន់ទេ តែឥឡូវឡើង១គីឡូ ២ទៅ៣ពាន់»។
សម្រាប់អង្រឹងដែលច្នៃចេញពីក្រណាត់រោងចក្រអាចធ្វើជាអង្រឹង២ប្រភេទគឺ អង្រឹងក្រង និងអង្រឹងចង។ អ្នកស្រី សុខ ស្រីណាក់ ថាអង្រឹងចងមានទម្ងន់ស្រាលជាងអង្រឹងក្រងព្រោះភាគច្រើនគេប្រើក្រណាត់ធម្មតា ឬខ្សែស្លាកអាវខោមកធ្វើ។ ចំណែកអង្រឹងគេនិយមប្រើក្រណាត់ពោះគោដែលមានភាពក្រាស់ និងធ្ងន់។
មិនឆ្ងាយពីតូបអ្នកស្រី សុខ ស្រីណាក់ អ្នកក្រងអង្រឹងម្នាក់ទៀត អ្នកស្រី អ៊ុំ ទូច អាយុ៦៧ឆ្នាំ កំពុងអង្គុយក្រងអង្រឹងក្រោមតូបដំបូលស័ង្កសីតូចមួយ។ អ្នកស្រី អ៊ុំ ទូច ក៏ទិញក្រណាត់ពីអ្នកលក់បន្តពីរោងចក្រដូចគ្នា។
អ្នកស្រីថា សម្រាប់ក្រណាត់ដែលប្រើសម្រាប់ធ្វើអង្រឹងមានតម្លៃ ១៥០០រៀល ទៅ២៥០០រៀលក្នុង១គីឡូ តាមប្រភេទក្រណាត់។ អ្នកស្រីថា សម្រាប់អង្រឹងក្រងត្រូវការក្រណាត់៥គីឡូ ចំណែកអង្រឹងចងប្រើក្រណាត់១គីឡូ។ អ្នកស្រីមិនច្បាស់ថាគេយកមកលក់នៅពេលណាឱ្យប្រាកដនោះទេ អ្នកដឹងត្រឹមថាយូរៗគេមកម្តង ហើយសម្រាប់អ្នកស្រីតែងទិញប្រមាណជា ១០គីឡូ ទៅ២០គីឡូទុកដើម្បីក្រងអង្រឹង។
អ្នកស្រីនិយាយថា៖ «ខ្លះគេទិញ១០គីឡូ ២០គីឡូ យើងទិញតាមធនធានយើង យើងមានលុយច្រើនយើងទិញច្រើនទៅ។ គេអ្នកម៉ូយធំគេទិញរាប់រយគីឡូ តែយើងទិញរាយចឹងទិញតែ១០ ២០គីឡូទុកធ្វើ»។
បើតាមធ្វើក្រងអង្រឹងផ្សេងទៀតនៅតំបន់នោះបានលើកឡើងថា ពួកគេចំណាយពេល២ថ្ងៃសម្រាប់ក្រងអង្រឹង១ ឬត្រូវប្រើពេលច្រើនថ្ងៃជាងនេះប្រសិនបើក្រងអង្រឹងប្រភេទក្រណាត់ពោះគោ។ អង្រឹងក្រងមានតម្លៃចន្លោះពី២៥,០០០រៀល ទៅ៣០,០០០រៀល រីឯអង្រឹងចងមានតម្លៃចន្លោះពី១៥,០០០រៀល ទៅ២០,០០០រៀល។
ប៉ុន្ដែពួកគេលើកឡើងថាបច្ចុប្បន្នមិនសូវមានអ្នកគាំទ្រដូចមុន ហើយអ្នកទិញមួយចំនួនឱ្យតម្លៃថោក មិនសមនឹងកម្លាំងដែលអង្គុយក្រងអង្រឹង ខណៈដែលរបរនេះជាផ្នែកមួយជួយដល់បរិស្ថាន។
យ៉ាងណាមិញពលរដ្ឋដែលប្រកបរបបក្រងអង្រឹងដឹងត្រឹមថា ការចោលក្រណាត់សេសសល់កប់ចោលក្នុងដី ឬដុតចេញផ្សែង អាចមានជាតិពុលមិនល្អប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្ដែពួកគេមិនដឹងថាសារធាតុពុលទាំងនោះផ្ទុកជាតិអ្វីខ្លះនោះទេ។
យោងតាមរបាយការណ៍របស់ GIZ ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នៅកម្ពុជាជាមធ្យមក្នុង១ឆ្នាំ បង្កើតសំណល់វាយនភ័ណ្ឌប្រមាណ ១៣៦,០០០ តោន។
បើតាមការចុះផ្សាយរបស់គេហទំព័រ Faircado កាលពីឆ្នាំ២០២៣ បានឱ្យដឹងថា សំណល់វាយនភ័ណ្ឌដែលនៅសល់ត្រូវបោះចោលនៅកន្លែងចោលសំរាម ឬយកទៅដុត ធ្វើឱ្យកើនឡើងឧស្ម័នផ្ទះកញ្ចក់ ការរិចរិលនៃបរិស្ថាន និងងាយនឹងបណ្តាលឱ្យមានភ្លើងឆេះនៅកន្លែងចោលសំរាមប្រសិនបើមិនមានការគ្រប់គ្រងត្រឹមត្រូវ។
គេហទំព័រដដែលបន្ថែមថា៖ «នៅពេលដែលវាយនភ័ណ្ឌរលួយនៅក្នុងកន្លែងចាក់សំរាម វានឹងបញ្ចេញឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំង ដែលរួមចំណែកដល់ការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ»។
សំណល់វាយនភ័ណ្ឌចំណាយពេលរាប់រយឆ្នាំដើម្បីរលួយ ហើយផលប៉ះពាល់នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកាកសំណល់វាយនភ័ណ្ឌធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ប្រព័ន្ធអេកូឡូស៊ីពិភពលោក សុខភាពមនុស្ស និងសុខុមាលភាព។ នេះបើតាមគេហទំព័រ Faircado។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់ Newsroom Cambodia ថា សំរាមដែលសល់ពីរោងចក្រដែលអាចកែច្នៃបាន គួរតែកែច្នៃជៀសជាងយកទៅបោះចោលតែម្ដង។ លោកថា កំទេចក្រណាត់អាចប៉ះពាល់ដល់សុខភាព នៅពេលដែលយើងចាត់ចែងយកទៅចោលមិនត្រឹមដូចជាដុត និងចោលក្នុងដីជាដើម។
លោក ខ្វៃ អាទិត្យា ថ្លែងថា៖ «សំរាមដែលសល់ពីរោងចក្រនេះ ក្រៅពីការបោះចោលគឺយើងអាចយកទៅកែច្នៃបាន។ កម្ទេចក្រណាត់នេះវាប៉ះពាល់ដល់សុខភាព នៅពេលយើងយកវាទៅដុត ប៉ះពាល់ដល់ខ្យល់ធ្វើឲ្យយើងកើតជំងឺមហារីក និងជំងឺផ្សេងៗទៀត។ បើយើងយកវាទៅបោះចោលតាមទីសាធារណៈ វាអត់ងាយរលាយក្នុងធម្មជាតិ វាធ្វើឲ្យប៉ះពាល់គុណភាពដី បើយើងយកវាទៅដាក់នៅទីលាន [សំរាម] វាបញ្ចេញសំណល់ច្រើននៅទីលាន»។
កាលពីខែវិចិ្ឆកា ឆ្នាំ២០២៣ អង្គការលីកាដូបានចេញរបាយការណ៍មួយដែលមានចំណងជើងថា «ចំណងក្នុងឡឥដ្ឋ» ដោយបង្ហាញថា កាកសំណល់សម្លៀកបំពាក់ត្រូវបានយកទៅដុតក្នុងឡឥដ្ឋ ដែលសកម្មភាពនេះបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរ។ របាយការណ៍នេះឱ្យដឹងថា៖ «សំណល់ពីឧស្សាហកម្មកាត់ដេរ ត្រូវបានដុតជាទូទៅដើម្បីកំដៅឡឥដ្ឋ ទោះជាវាធ្វើឱ្យមនុស្សប្រឈមនឹងសារធាតុពុល និងបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាព និងបរិស្ថានក្ដី។ […] ពីមុនកម្មករធ្លាប់រាយការណ៍អំពីផលប៉ះពាល់រួមមានការក្អក ផ្ដាសាយ គ្រុនក្ដៅ ឈាមចម្រុះ និងរលាកសួតជាដើម។ សហគមន៍កែលនៅក្បែរក៏បានរាយការណ៍ថាការអនុវត្តនេះធ្វើឱ្យខូចខាតដាំណាំ និងដំចំការរបស់ពួកគេ»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានលើកទឹកចិត្តឱ្យពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតចេះបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងលើកទឹកចិត្តឱ្យកែច្នៃជាវត្ថុឬផលិតផលមកប្រើប្រាស់ ដើម្បីឱ្យជួយដល់បរិស្ថាន និងសេដ្ឋកិច្ច តាមចរន្ដសេដ្ឋកិច្ចចក្រា ដែលសំដៅដល់ការកែច្នៃរបស់ដែលប្រើប្រាស់ហើយ ទៅជារបស់កែច្នៃថ្មី ហើយអាចលក់បន្តសម្រាប់ប្រើប្រាស់ទៀត។
ចំពោះអាជីពក្រងអង្រឹងដែលកែច្នៃចេញពីក្រណាត់សល់ពីរោងចក្រ គឺជាផ្នែកមួយក្នុងការចូលរួមជួយដល់បរិស្ថាន ហើយលោកលើកទឹកចិត្តឱ្យអ្នកក្នុងស្រុកគាំទ្រផលិតផលកែច្នៃនេះ៕