ថវិកាវិស័យអប់រំ​មាន​ការកើន​ឡើងជាបន្តបន្ទាប់​សម្រាប់​ចំណាយ​ទៅ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​លើក​លែងតែ​ក្នុងឆ្នាំ២០២១ និង​២០២២ ថវិកាចំណាយ​មាន​ការ​ថយចុះ​ដោយសារ​តែ​បញ្ហា​កូវីដ១៩ ដែល​ថវិកា​មួយផ្នែក​ត្រូវ​បង្វិលទៅ​វិស័យសុខាភិបាល​នាពេលនោះ។

បើតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង នៅ​ឆ្នាំ២០២៣ ស្ថានភាព​កូវីដ១៩ នៅកម្ពុជា​មានភាពធូរស្បើយ​ខណៈ​ថវិកា​សម្រាប់​វិស័យអប់រំ​មាន​ការកើនឡើង​ដែល​មាន​ទឹកប្រាក់​ប្រហាក់​ប្រហែល​នឹងមុនពេល​កូវីដ១៩។ ពោលគឺកាល​ពីឆ្នាំ​២០២០ ថវិកា​វិស័យអប់រំ​មាន​ទឹកប្រាក់​ប្រមាណ ៩១៩ លានដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ក្នុងឆ្នាំ២០២៣​ ក្រសួងអប់រំ​ទទួលបាន ថវិកា ប្រមាណ​ ៩១៧ លានដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រភព​ដដែល​បញ្ជាក់ថា ការកើនឡើង​នៃ​ថវិកាថ្នាក់ជាតិ​របស់​ក្រសួងអប់រំសម្រាប់​ចំណាយ​ទៅ លើការ​អភិវឌ្ឍវិស័យអប់រំ​នៅ​កម្ពុជា​តាំង​ពី​បឋមសិក្សា រហូត​ដល់​ឧត្ដម​សិក្សា​ និង​ការអប់រំ​ជំនាញ​ទន់​ដល់​យុវជនស្ដែង​ឡើង​តាម​រយៈ​កម្មវិធីអភិវឌ្ឍ​ដែល​ក្រសួង​រៀបចំឡើង និង​មុខងារ​អប់រំ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ យល់ឃើញ​ថា ក្នុង​រយៈ​៥ឆ្នាំ​កន្លង​មក​នេះ​ គុណភាព​អប់រំ​នៅកម្ពុជា​មិនទាន់ល្អ​ប្រសើរ​នៅឡើយទេ ដោយសារតែ​សមត្ថភាព​របស់​សិស្ស​មួយចំនួន​​មិនទាន់ឆ្លើយតប​ចំពោះ​កម្មវិធីអប់រំ​ដែល​ក្រសួង​រៀបចំ។

អ្នកស្រី​ថ្លែងថា៖ «ការ​ដែល​គ្រូបង្រៀន​ប្រាក់ខែតិច​ហ្នឹងហើយ ដែលធ្វើ​ឱ្យ​គ្រូបង្រៀន​អត់​ខ្វល់ខ្វាយ​នឹងការ​បង្រៀន​សិស្សប៉ុន្មាន​ទេ គឺ​គាត់​ខ្វល់ខ្វាយ​បង្រៀន​នៅសាលាគួរ​ សាលាឯកជន​ច្រើនជាង ព្រោះអីសាលាឯកជន​គេឱ្យ​ប្រាក់ខែ​ខ្ពស់»។

អ្នក​ស្រី​មើល​ឃើញ​ថា បើ​ទោះ​បី​ជា​កញ្ចប់​ថវិកា​របស់​ក្រសួង​ត្រូវ​បាន​បន្ថែម​ជា​បន្ត​បន្ទាប់​ ប៉ុន្ដែ​បញ្ហា​មួយ​ចំនួន​​នៅ​តែ​បន្តកើតមាន បញ្ហា​ប្រមូល​ថវិកា​ពី​សិស្ស​ ឬអាណាព្យាបាល​ សម្ភារៈ​ឧបទេស​មិន​គ្រប់​គ្រាន់​ គួបផ្សំនឹង​គ្រូរដ្ឋ​មួយចំនួន​ឆ្លៀតចេញ​ទៅ​បង្រៀន​នៅ​តាមសាលា​ឯកជន​ដែល​កត្តា​នេះ​អាច​ធ្វើ​ឱ្យគុណភាព​បង្រៀន​ធ្លាក់ចុះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព លោក​ យ៉ង គិម​អេង លើកឡើងថា បើទោះបីជា​កញ្ចប់​ថវិកា​ក្រសួងអប់រំ​កើនឡើង​ ប៉ុន្តែការ​កែ​លម្អ​បុគ្គលិកអប់រំ និងឥរិយាបទ​របស់​បុគ្គលិក​អប់​រំនៅ​តែមិន​ទាន់មាន​ប្រសិទ្ធភាព។ លោកបន្តថា ការកែ​លម្អ​បុគ្គលិក​អប់រំ និង​ឥរិយាបទ​របស់​​បុគ្គលិក​អប់រំ​ គឺជា​កិច្ច​ការ​អាទិភាពក្នុង​ការលើកកម្ពស់​វិស័យអប់រំ​ ប្រសិនបើកិច្ច​ការ​ទាំង​នេះ​មិនត្រូវបានដោះស្រាយទេ ការ​ចាត់ចែង​ថវិកាជាតិ​ដើម្បី​លើក​ស្ទួយ​វិស័យអប់រំ នឹងមិនទាន់​មាន​ប្រសិទ្ធភាព។

លោកថ្លែងថា៖ «ម៉ោងរដ្ឋ​មាន​ប៉ុនណា​បង្រៀន​ប៉ុនហ្នឹង​ឱ្យចប់​ទៅ​គឺ​ពួកគាត់ ​[សិស្ស] ​ហ្នឹង​អាចទៅ​ផ្ទះ ទៅ​សម្បែង។ ហើយ​បើសិនជា​អ្នកណា​រៀន​មិនទាន់​គេទេ ថវិកា​របស់​អប់រំ​មាន​ហ្នឹង​គឺ​បង្កើន​ការបំប៉ន រៀន​បន្ថែម​ឱ្យ​គាត់​អ្នក​ដែល​រៀន​មិនទាន់​គេហ្នឹង»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ​ប៉ិច ពិសី ​លើកឡើងថា ស្ថានភាព​អប់រំនៅ​កម្ពុជា បច្ចុប្បន្ន​មាន​ការវិវត្តន៍​ជាងពេល​កន្លងមក បើទោះបី​ក្នុងឆ្នាំ​២០២០ និង​២០២១ ថវិកា​មានការថមថយ​តិចតួច​ដោយ​សារ​បញ្ហាកូវីដ១៩​។ យ៉ាងណាមិញ​លោកថា ទំហំ​ថវិកា​ដែល​ក្រសួង​អប់រំ​មាន​សម្រាប់​ចំណាយនៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេក្នុង​កាលើកកម្ពស់​គុណ​ភាព​អប់រំ​ដែលអាច​ធានា​ថា​សិស្សានុសិស្ស​អាច​ទទួលបាន​ការអប់រំ​គ្រប់ៗគ្នា។

លោក ប៉ិច ពិសី ​យល់ឃើញថា ​បើសិនជា​ក្រសួងអប់រំ​អាច​ពង្រីក​វិសាលភាព ​និង​វិនិយោគ​បន្ថែមទៅ លើ​វិស័យអាទិភាព​ក្នុង​កម្មវិធី​អប់រំ ​នោះ​ក្រសួង​នឹង​អាច​កែសម្រួល​គុណភាព​អប់រំបាន និង​ផ្តោត​សំខាន់​ទីមួយ​ទៅលើ​គុណភាព​អប់រំ​ដោយ​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់ ​តាមរយៈ​បញ្ជូន​គ្រូ​ដែល​មានសមត្ថភាព​ទៅតាម​សាលាតាមជនបទ​ដើម្បី​ជួយ​ឱ្យសិស្ស​ទទួល​បាន​គុណភាព​អប់រំ​ប្រសើរ​ពីគ្រូ​ដែល​មានចំណេះដឹង​ខ្ពស់។

លោក​ថ្លែងថា៖ «ទោះ​យ៉ាងណាក្តី​យើង​ឃើញ​ថាទំហំ​ថវិកា​នៅក្នុង​ច្បាប់ហ្នឹង​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយទេ​ក្នុងការធានាឱ្យ​វិស័យអប់រំ​នឹង​មានការកែទម្រង់​ជាប្រព័ន្ធ​បាន​ជាពិសេសគឺ ការ​ជម្រុញ​គុណភាព​នៃ​ការអប់រំហើយ​និង​ការធានា​ថា​ពលរដ្ឋទាំង​អស់នៅ​ទាំងទីក្រុង​ ជនបទ​ហ្នឹងអាច​ទទួល​សិទ្ធអប់រំ​គ្រប់ជាន់ថ្នាក់​បាន»។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក ​សេក សុជាតិ ​យល់​ឃើញ​ថា ការបង្កើន​កញ្ចប់ថវិកាជាតិ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ​ជារឿងសំខាន់ ដោយសារ​តែវិស័យនេះ​ជា វិស័យ​អាទិភាព ប៉ុន្តែ​លោក​មានការ​ព្រួយបារម្ភ​ពីការប្រើប្រាស់​ថវិកាជាតិ​ឱ្យមានតុល្យភាព និង​ឆ្លើយតប​លើ​គោលនយោបាយ​អភិវឌ្ឍន៍ធនធាន​មនុស្ស។

លោកថ្លែងថា៖ «ដូច្នេះ​អ្នកដែលពាក់ព័ន្ធផ្សេងៗ​ទៀត​បើសិន​ក្នុងករណី​មើលឃើញ​អំពីកំណើន​នៃ ថវិកាជាតិ​នៅក្នុង​វិស័យអប់រំ​មានការកើនឡើង​ដូច្នោះ យើងគួរ​តែ​ជួយផ្តល់​ធាតុចូល​ដើម្បីធ្វើ​ឱ្យក្រសួងអប់រំ​ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួងអប់រំ​បានយល់ដឹង​បន្ថែម​អំពីការចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់ធ្វើ​យ៉ាងម៉េច​ក៏ដោយ​ដើម្បីឱ្យ​ ឆ្លើយតប​ទៅនឹង​ចំនួន​ថវិកា​ដ៏ច្រើន​ដែល​ចំណាយដោយរដ្ឋ​ដែល​ជាប្រាក់​[បង់]​ពន្ធ​របស់បងប្អូន​ប្រជាពលរដ្ឋ»។

ថ្លែងក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់បណ្ដាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា សមិទ្ធផល​បណ្ដុះ​បណ្ដាល និងបច្ចេកវិទ្យា​ឌីជីថល កាលពី​ថ្ងែទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើក​ឡើងថា ​គុណភាពអប់រំនៅ​កម្ពុជា​មាន​ការវិវត្ត​ទៅមុខ​។

លោក​ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «បើ​គិតថា​សមិទ្ធផលជាង ១០ឆ្នាំ​ដែលក្នុងការ​កំណែទម្រង់ និង ៤០ឆ្នាំ​ដែលយើង​បានធ្វើ​មកនេះ គុណភាព និង​ធនធានមនុស្ស​របស់យើងកម្ពុជា​ចាប់យកនូវបច្ចេកវិទ្យា​ និង​ឧស្សាហកម្មសំខាន់ៗ ភាពប្រកួតប្រជែង​យើងដើរ​ទាន់​ជាមួយគេដែរ។ នេះគឺ​ដោយសារ ការ​ត្រៀម​លក្ខណៈបណ្តុះ​បណ្តាល​យូរអង្វែង។ អញ្ចឹងខ្ញុំ​សូមគាំទ្រ​ចំពោះគំនិត​ដែលមានភាព​លក្ខណៈបុរេសកម្ម​នៅក្នុងការច្នៃប្រឌិតបន្តទៀត​នៅក្នុង​វិស័យអប់រំនេះ»។

លោក​ ហ៊ុន ម៉ាណែត ក៏​បានលើកឡើង​ពីបញ្ហាប្រឈម​មួយចំនួន​នៅតាមគ្រឹះស្ថានថ្នាក់​ឧត្ដមសិក្សា មួយចំនួន​ជួបប្រទះ​កន្លងមក ​រួមមានកង្វះមុខវិជ្ជា​សិក្សាដោយសារ​ខ្វះគ្រូជំនាញ ចំនួនសិស្សតិច ពិបាក​ក្នុងការ​បើកថ្នាក់​បង្រៀន គ្រូជំនាញ​នៅតាមខេត្ត​មិនទាន់មាន​គុណវុឌ្ឍិ​ដែល​សំដៅ​ដល់គុណភាព​ និង​បទពិសោធន៍​ខ្ពស់ខាង​បច្ចេកវិទ្យា​នៅមានកម្រិត និង​ខ្វះឧបករណ៍​ទ្រទ្រង់​ដល់ការ​បណ្ដុះបណ្ដាល​មុខវិជ្ជា៕