សង្គមស៊ីវិលជំរុញឱ្យក្រសួងសុខាភិបាលប្រើប្រាស់ថវិកា និងធនធានដែលមានឱ្យចំគោលដៅ ខណៈក្រសួងទទួលបានថវិកាជាង ៤៣៨លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ២០២៤ ដែលចំនួននេះថយចុះជាង ៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ថវិកាថ្នាក់ជាតិសម្រាប់ក្រសួងសុខាភិបាលឆ្នាំ២០២៤ ថយចុះព្រោះតែខ្ទង់ចំណូលថវិកាជាតិមានការថមថយ ហើយកម្ពុជាបានរើខ្លួនពីវិបត្តិជំងឺកូវីដ១៩ ដូច្នេះកម្ពុជាលែងត្រូវការថវិកាបម្រុងទុកច្រើនដើម្បីដោះស្រាយបញ្ហាកូវីដ១៩។
លោកបន្តថា ទំហំថវិកាប្រចាំឆ្នាំ២០២៤ សម្រាប់វិស័យសុខាភិបាលមិនថយចុះច្រើនទេ បើធៀបនឹងមុនពេលកូវីដ១៩។ ហើយក្រសួងសុខាភិបាលនៅតែអាចដោះស្រាយបញ្ហាផ្សេងៗ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល បើសិនជាប្រើប្រាស់ថវិកាឱ្យចំគោលដៅ។
លោកបន្ថែមថា៖ «បើសិនជាយើងមានលុយតិច យើងចាយឱ្យត្រឹមត្រូវទៅ យើងនៅតែអាចជំរុញការកែទម្រង់វិស័យសុខាភិបាលបាន ដើម្បីដោះស្រាយបញ្ហា ទីមួយគឺគុណភាពនៃសេវាសុខាភិបាលដែលពលរដ្ឋនៅតែមានបញ្ហាច្រើននៅឡើយ ជាពិសេសគឺគុណភាពនៃការព្យាបាលហ្នឹង ដែលធ្វើឱ្យពលរដ្ឋចំណាយលើការព្យាបាលច្រើន ហើយអ្នកមានជាមធ្យមគាត់ត្រូវរត់ទៅព្យាបាលនៅប្រទេសផ្សេងដែលធ្វើឱ្យខាតបង់សេដ្ឋកិច្ចយើងធ្ងន់ធ្ងរ»។
លោកលើកឡើងថា មានអាទិភាពពីរដែលក្រសួងសុខាភិបាលគួរផ្តោត ទីមួយគឺការពង្រីកវិសាលភាពនៃការបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅតាមតំបន់ដែលពលរដ្ឋត្រូវការ។ លោកមើលឃើញថានៅតាមមណ្ឌលសុខភាពទីដាច់ស្រយាលភាគច្រើនមិនមានគ្រូពេទ្យដែលមានគុណភាពខ្ពស់ទេ ធ្វើឱ្យពលរដ្ឋនៅតែមានបញ្ហាក្នុងការទទួលសេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិ។
លោកបន្ថែមថា៖ «យើងមិនចាំបាច់ចំណាយលុយរើសគ្រូពេទ្យច្រើនពេក មានន័យថា គ្រូពេទ្យច្រើនពេកដែលផ្តុំនៅទីក្រុង ទីប្រជុំជន ហើយនៅទីជនបទខ្វះ»។
លោកពិសី បន្តថា អាទិភាពទីពីរ គឺការពង្រឹងគុណភាពសេវាព្យាបាលដែលទាក់ទងទៅនឹងក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ។
លោកថា៖ «ទីពីររឿងស៊ីសំណូកសូកប៉ាន់សេវាក្រៅប្រព័ន្ធច្រើនពេក ធ្វើឱ្យគ្រូពេទ្យដែលមានកាតព្វកិច្ចផ្តល់សេវាជូនពលរដ្ឋដោយឥតគិតថ្លៃ តាមវិជ្ជាចជីវៈ តាមការកំណត់របស់រដ្ឋ នោះគាត់អត់ធ្វើទេ គាត់ព្យាបាលដោយផ្អែកទៅលើទឹកលុយរបស់អ្នកជំងឺហ្នឹងដែរ ដែលធ្វើឱ្យសេវាហ្នឹងខ្សោយ។»
បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានឲ្យដឹងថា ក្រសួងសុខាភិបាលទទួលបានថវិកាប្រមាណជាង ៤៣៨លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ២០២៤ ខណៈចំនួននេះថយចុះជាង ៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលក្រសួងទទួលបានប្រមាណជាង៥០១លានដុល្លារ។
ចំណែកឯឆ្នាំ២០១៩មុនពេលវិបត្តិកូវីដក្រសួងសុខាភិបាលទទួលបានថវិកាប្រមាណជាង ៤៤៨លានដុល្លារ ដែលស្មើនឹងជាង៧ភាគរយនៃថវិកាថ្នាក់ជាតិសរុបប្រមាណ ៦៣៤៧ លានដុល្លារ។
អ្នកជំនាញខាងភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា វិស័យសុខាភិបាលមានសារសំខាន់ខ្លាំងសម្រាប់សង្គមជាតិទាំងមូល ហើយក៏ជាវិស័យអាទិភាពក្នុងការអភិវឌ្ឍ។
លោកថា៖ «វិស័យសុខាភិបាលគឺពិតជាមានតួនាទីសំខាន់សម្រាប់សង្គមជាតិនីមួយៗ អ៊ីចឹង កញ្ចប់ថវិកា ប្រើប្រាស់កញ្ចប់ថវិកាឱ្យសមស្រប ប្រើប្រាស់កញ្ចប់ថវិកាឱ្យមានសណ្តាប់ធ្នាប់ ប្រើប្រាស់កញ្ចប់ថវិកាឱ្យមានតម្លាភាព»។
លោកមើលឃើញថា វិស័យសុខាភិបាលកម្ពុជារីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងពេលបច្ចុប្បន្ន ជាពិសេសកម្ពុជាបានប្រើប្រាស់វិស័យមួយនេះយ៉ាងមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ និងដោះស្រាយវិបត្តិជំងឺកូវីដ១៩ កន្លងទៅ។
ទោះជាយ៉ាងណាលោកបន្ថែមថា កម្ពុជាត្រូវធ្វើកំណែទម្រង់ពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋជាច្រើននៅតែជ្រើសរើសការព្យាបាលជំងឺនៅបរទេសជាជាងនៅកម្ពុជា។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មើលឃើញថាក្រសួងសុខាភិបាលទទួលបានថវិកាប្រើប្រាស់ប្រចាំឆ្នាំច្រើនបើធៀបនឹងក្រសួងផ្សេងៗ ដែលការណ៍នេះបង្ហាញថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ច្រើនលើវិស័យមួយនេះ។
លោកវេជ្ជបណ្ឌិតបន្ថែមថា៖ «ថវិកាដែលក្រសួងសុខាភិបាលទទួលបានលើសក្រសួងផ្សេងៗនេះ ក្រសួងសុខាភិបាលមិនប្រងើយកន្តើយ ហើយមិនឱ្យថវិកានេះខ្ជះខ្ជាយ នៅក្នុងការពិនិត្យព្យាបាល ទៅដល់បងប្អូនប្រជាពលរដ្ឋយើងទេ»។
លោកថា លោកបានចុះទៅខេត្តផ្សេងៗដូចជា ខេត្តកំពត សៀមរាប តាកែវ ឃើញថាគ្រូពេទ្យ ដូចជាមិនខ្វះទេ ហើយគ្រូពេទ្យជំនាញក៏មានតាមខេត្តមួយៗដែរ ដូចនេះតាមខេត្ត និងស្រុកធំៗមិនខ្វះគ្រូពេទ្យជំនាញទេ ដោយឡែកគ្លីនិកសុខភាពឯកកជនក៏មានច្រើនគួរសម ដែលប្រជាពលរដ្ឋអាចទទួលសេវាសុខាភិបាលបាន។
លោកបន្ថែមថា៖ «ជួនកាលតំបន់ដាច់ស្រយាលខ្លះដែលគ្រូពេទ្យគាត់មិនអាចទៅដល់ ដោយសារកត្តាផ្លូវមធ្យោបាយធ្វើដំណើរ កន្លែងហ្នឹងអាចនឹងខ្វះមួយៗដែរ»។
លោក វិទ្ធី ស្នើឱ្យប្រជាពលរដ្ឋ ឬសង្គមស៊ីវិលធ្វើរបាយការណ៍ដើម្បីដាក់ទៅក្រសួងសុខាភិបាល បើសិនជាមើលឃើញតំបន់ដាច់ស្រយាលណាមួយដែលខ្វះខាតក្នុងការទទួលសេវាសុខាភិបាល ឬមានករណីមិនប្រក្រតីដោយមន្ត្រីសុខាភិបាលធ្វើការខ្ជះខ្ជាយមិនយកចិត្តទុកដាក់ ដើម្បីឱ្យក្រសួងសុខាភិបាលពិនិត្យ និងដោះស្រាយកែលម្អ។
របាយការណ៍របស់ធនាគាពិភពលោកឆ្នាំ២០២៣ បានរកឃើញថា កម្ពុជាចំណាយមូលធនសាធារណៈលើកម្មវិធីសុខភាពសាធារណៈសំខាន់ៗត្រូវបានផ្តល់ហិរញ្ញប្បទានស្ទើរតែទាំងស្រុងដោយដៃគូខាងក្រៅ។ ដោយការពឹងផ្អែកលើការផ្តល់មូលនិធិពីខាងក្រៅគឺជាការព្រួយបារម្ភចំពោះនិរន្តរភាពនៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ ហើយអាចបង្កើនបញ្ហាក្នុងភាពចុះសម្រុងគ្នា និងប្រសិទ្ធភាពរួម។
បើតាមរបាយការណ៍ដដែលផ្តល់ជាអនុសាសន៍ថា៖ «រាជរដ្ឋាភិបាលចាំបាច់ត្រូវផ្តល់អាទិភាពដល់វិស័យសុខាភិបាលក្នុងថវិការបស់ខ្លួនឱ្យកាន់តែប្រសើរឡើងតាមរយៈការបង្កើនហិរញ្ញប្បទានក្នុងស្រុកដល់វិស័យនេះ និងការលះបង់ធនធានដល់មណ្ឌលសុខភាពដែលផ្តល់ការថែទាំសុខភាពបឋមសម្រាប់ភាគច្រើន»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍ថា ការកាត់បន្ថយថវិកាចំណាយរបស់ក្រសួងសុខាភិបាលមិនធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍវិស័យសុខាភិបាល ឬធ្វើឱ្យបង្អាក់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឡើយ។
តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីឆ្នាំ២០១៦ បានប៉ាន់ប្រមាណថា រដ្ឋាភិបាលកម្ពុជាអាចសន្សំថវិកាបានរហូតដល់ ៥០លានដុល្លារក្នុងមួយឆ្នាំ ដោយបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកាលើវិស័យសុខាភិបាលដូចជា ទិញឱសថ គ្រឿងបរិក្ខារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តផ្សេងៗ៕