ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ការកើនឡើងនៃថវិកាថ្នាក់ក្រោមជាតិនៅតែមានចំនួនតិចនៅឡើយ បើធៀបជាមួយនឹងស្តង់ដារនៃការប្រើប្រាស់ថវិកាដោយទទូចស្នើឱ្យរដ្ឋាភិបាលគួរតែរៀបចំថវិកាថ្នាក់ក្រោមជាតិប្រហែលជា៣០% នៃថវិកាសរុបរបស់ជាតិ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថាការកើនឡើងនៃថវិកាថ្នាក់ក្រោមជាតិ នៅតែមានចំនួនតិចនៅឡើយបើធៀបជាមួយនឹងស្តង់ដារនៃការប្រើប្រាស់ថវិកា ហើយរដ្ឋាភិបាលគួរតែ រៀបចំថវិកាថ្នាក់ក្រោមជាតិប្រហែលជា៣០% នៃថវិកាសរុបរបស់ជាតិ។
លោកបន្តថា៖ «បើយើងមានលទ្ធភាពគួរតែបង្កើននូវទំហំថវិកាទៅថ្នាក់ក្រោមជាតិហ្នឹងឱ្យច្រើនជាង ហ្នឹងបើអាចចន្លោះពី២០% ទៅ៣០% (នៃថវិកាសរុប) ការធានានូវតម្លាភាព គណនេយ្យភាពហើយការចាយថវិកាដោយមិនមានការកេងប្រវ័ញ្ច ហើយអំពើពុករលួយ»។
ប្រភពដដែលបានអះអាងថា បើទោះបីជាថវិកាថ្នាក់ក្រោមជាតិមានចំនួនមិនច្រើនក៏ដោយ តែក៏អាចយក មកប្រើប្រាស់ក្នុងការអភិវឌ្ឍភូមិ ឃុំមួយចំនួនបានគ្រប់គ្រាន់ ប្រសិនបើការចំណាយថវិកាប្រកបដោយ តម្លាភាព និងគណនេយ្យភាពត្រឹមត្រូវទៅតាមគោលដៅដែលចង់បាន។
លោក ប៉ិច ពិសី បន្ថែមថា៖ «ទោះបីជាថវិកាតិចក៏ដោយប៉ុន្តែបើយើងចែកជាមធ្យមភាគទៅឃើញថាឃុំ ខ្លះគាត់មានថវិកាច្រើនគួរសមហើយ រហូតដល់ជិត ១០ម៉ឺនដុល្លាឬក៏កន្លែងខ្លះជាង ១០ម៉ឺន ដុល្លាដែរដូចនេះជាទំហំថវិកាមួយដែលទាមទារឱ្យមានការគ្រប់គ្រងចាត់ចែងហ្នឹងប្រកបដោយតម្លាភាពប្រកបដោយការទទួលខុសត្រូវហើយគណនេយ្យភាពខ្ពស់»។
ជុំវិញបញ្ហានៃការប្រើប្រាស់ថវិកាក្រោមជាតិនេះ លោក ប៉ិច ពិសី បានលើកយកឧទាហរណ៍មួយទាក់ទងនឹងការធ្វើផ្លូវដែលមិនមានគុណភាពត្រឹមត្រូវតាមស្តង់ដារ ដែលបណ្តាលឱ្យផ្លូវឆាប់ខូចខាត និងត្រូវដកថវិកាជារឿយៗដើម្បីជួសជុលឬធ្វើថ្មី។
លោកបន្តថា៖ «នៅថ្នាក់ក្រោមជាតិ យើងឃើញថាមានការដេញថ្លៃ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ឃុំ សង្កាត់ហ្នឹងគឺនៅមានបញ្ហានៅឡើយ ជាពិសេសមានបាតុភាពទាក់ទងទៅហ្នឹងការខ្វះនូវតម្លាភាព គណនេយ្យភាពនៃការដេញថ្លៃ ហើយជាលទ្ធផលហ្នឹងគឺធ្វើឱ្យផ្លូវឆាប់ខូចអត់មានគុណភាពតាមស្តង់ដារ»។
ប្រភពដដែលបានបញ្ជាក់ថា ក្រៅពីការចំណាយថវិកាថ្នាក់ក្រោមជាតិក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ថវិកាមួយចំនួនក៏គួរតែទុកសម្រាប់ដោះស្រាយបញ្ហាសង្គម ដូចជាបញ្ហាធនធានមនុស្ស និងបរិស្ថានផងដែរ។
លោកប៉ិច ពិសីថា៖ «គួរតែចាប់យកកញ្ចប់ថវិកាមួយដែលផ្តោតទៅលើបញ្ហាសង្គម បញ្ហាស្រ្តី ចាស់ជរា កុមារកំព្រាអីជាដើមហ្នឹងគួរតែផ្តោតទៅលើបញ្ហាសង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ ហើយហ្នឹងការដោះនូវឧបសគ្គផ្សេងៗនៅក្នុងឃុំសង្កាត់ នៅក្នុងភូមិឃុំ ហើយអាចថវិកាមួយកញ្ចប់នោះ អាច ជួយអភិវឌ្ឃភូមិឃុំឱ្យមានចរន្តសេដ្ធកិច្ចអីជាដើម»។
បើយោងតាមអត្ថបទ «ការស្វែងយល់ពីថវិកាជាតិនៅកម្ពុជា» ចុះផ្សាយនៅខែកក្កដា ឆ្នាំ ២០២៤ បានឱ្យដឹងថាក្នុងឆ្នាំ២០២៣ ការចំណាយថវិកាថ្នាក់ក្រោមជាតិមានចំនួន១៣% ដែលចំនួននេះតិចជាងការចំណាយឆ្នាំ២០២៤ ចំនួន ៦% តែយ៉ាងណាមិញអង្គការតម្លាភាពកម្ពុជាអះអាងថា ការកើនឡើងនេះនៅតែមានចំនួនទាបគួរឱ្យកត់សម្គាល់បើធៀបទៅហ្នឹងថវិកាថ្នាក់ជាតិដែលមានចំនួន ៨១%។
នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ចាន់ សុផល បង្ហាញការគាំទ្រទៅលើការបង្កើន ថវិកាថ្នាក់ក្រោមជាតិដើម្បីចំណាយទៅលើការអភិវឌ្ឍផ្សេងៗនៅតាមភូមិ ឃុំ និងកាត់បន្ថយចំណាយថ្នាក់ជាតិណាដែលមិនចាំបាច់។
លោក សុផល ថា៖ «ខ្ញុំក៏យល់ឃើញថាគួរបង្កើនចំណាយថ្នាក់ក្រោមជាតិដែរ ប៉ុន្តែវាអាស្រ័យលើឆន្ទៈនយោបាយរបស់រដ្ឋាភិបាល។ បច្ចុប្បន្ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានជាច្រើនត្រូវបានចាត់ចែងដោយថ្នាក់ជាតិ ដែលអាចថាមានប្រសិទ្ធភាពដែរ។ ចំពោះរដ្ឋាភិបាលថ្នាក់ជាតិវិញ គួរកាត់បន្ថយឱ្យបានច្រើន បើមិនមានភាពចាំបាច់ផ្ទេរទៅថ្នាក់ក្រោមជាតិ។ ខ្ញុំយល់ថា មន្ត្រីនៅថ្នាក់ជាតិមានច្រើនពេក»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថា ការបែងចែកថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនេះគឺជាច្បាប់ដែលត្រូវអនុវត្ត។ លោកយល់ឃើញថាការបែងចែកថវិកាថ្នាក់ក្រោម ជាតិអាចមានចំនួនធំជាង ៣០% ទៅទៀតប្រសិនបើបូកការចំណាយទៅលើមន្ទីរជំនាញ និងការចំណាយហេដ្ឋារចនាសម្ព័ន្ធ។
លោកថា៖ «បើយើងបូកការចំណាយសម្រាប់មន្ទីរជំនាញ និងការចំណាយហេដ្ឋារចនាសម្ព័ន្ធដែលគ្របដណ្តប់ទាំងថ្នាក់ជាតិនិងក្រោមជាតិទំហំមែនទែនធំ ធំជាង ៣០% ទៅទៀត»។
លោកបន្ថែមថា ដើម្បីការបែងចែកថវិកានៅឆ្នាំខាងមុខមានភាពប្រសើរឡើង លោកយល់ឃើញថា គួរបង្កើនថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទៅតាមទំហំថវិការដ្ឋ។
លោកថា៖ «យើងនឹងខិតខំបង្កើនទំហំថវិកានៅពេលចំណូលរបស់(រដ្ឋ)កាន់តែប្រសើរ ព្រោះថវិកាជាថវិកាតុល្យភាព»។
តាមមាត្រា ១៨ នៃជំពូក ១៣ ថ្មីស្តីពីច្បាប់នៃការគ្រប់គ្រោងរដ្ឋបាលថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅដល់ថវិការដ្ឋបាលរាជធានី ខេត្ត ថវិការដ្ឋបាលក្រុង ស្រុក និងថវិការដ្ឋបាលឃុំ ព្រមទាំងថវិការដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធផ្សេងទៀត ស្របតាមបទបញ្ញត្តិជាធរមាន។ រដ្ឋាភិបាលបានបែងចែកថវិកាសរុបចំនួន ១៩% ក្នុងឆ្នាំ ២០២៤ សម្រាប់ការចំណាយថ្នាក់ក្រោមជាតិ។
ថវិកាថ្នាក់ជាតិ សំដៅដល់ថវិការបស់ក្រសួង ស្ថាប័ន ដែលរួមមាន ថវិការដ្ឋបាលកណ្តាល ថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាលនិងថវិកាមន្ទីរជំនាញក្រោមឱវាទ ព្រមទាំងថវិកាអង្គភាពសាធារណៈប្រហាក់ប្រហែល។ ថវិកាចំនួន ៨១% ក្នុងឆ្នាំ ២០២៤ ត្រូវបានបែងចែងសម្រាប់ប្រើប្រាស់នៅថ្នាក់ជាតិ នេះបើយោងតាមមាត្រា១៧ នៃជំពូក ១៣ ថ្មីស្តីពីច្បាប់នៃការគ្រប់គ្រោងរដ្ឋបាលថវិការដ្ឋបាល៕