មុនចូលរួមវគ្គបណ្តុះបណ្តាលនៅCCIMខ្ញុំបានគិតថាការសរសេរព័ត៌មាន មានការងាយស្រួល ប៉ុន្តែក្រោយពេលសិក្សាបានរយៈពេល១ខែកន្លងមក
ទើបដឹងថាការផលិព័ត៌មានមួយទាមទារអោយអ្នកសារព័ត៌មានត្រូវប្រមូលប្រភពអោយបានគ្រប់ជ្រុងជ្រោយឬគ្រប់ភាគីដែលពាក់ព័ន្ធទើបធ្វើអោយព័ត៌មានយើងមិនលម្អៀង ឬអាចហៅថាមានវិជ្ជាជីវៈ។
ជាពិសេសនោះ លោកគ្រូក៏បាន បញ្ជាក់ផងដែរថា ក្នុងនាមជាអ្នកសារព័ត៌មាន គឺដាច់ខាតមិនត្រូវបញ្ចូលគំនិតផ្ទាល់ខ្លួនក្នុងអត្ថបទព័ត៌មានដែលយើងកំពុងតែសរសេរនោះឡើយ។ យើងមិនមែនជាតុលាការ សមត្ថកិច្ច ឬអ្នកដោះស្រាយ
បញ្ហាក្នុងរឿងនោះទេ។ យើងមានសិទ្ធិត្រឹមតែ ផ្សាយពត័មានដែលពិត មិនលម្អៀង គឺគ្រប់គ្រាន់ហើយ។
នៅពេលដែលខ្ញុំចាប់ផ្តើមសរសេរព័ត៌មានលើកដំបូងគឺមានការលំបាកគួរសម។ ជាពិសេសគឺការ ប្រមូលព័ត៌មានពីភាគីដែលពាក់ព័ន្ធ ដោយប្រភពខ្លះគឺទាមទារអោយយើងអត់ធ្មត់ខ្លាំងការទាងទងធ្វើបទសម្ភាស។ ពេលទំនាក់ទំនង តាមទូរសព្ទមិនមានអ្នកលើក ពេលខ្លះលើក ប៉ុន្តែគាត់រវល់។ គាត់អាចណាត់យើងសម្ភាសតាមម៉ោងណាមួយដែលគាត់ទំនេរ។ ដូច្នេះទាមទារអោយយើងមានការបត់បែន គ្រប់ពេល ដើម្បីបានព័ត៌មានពីពួកគាត់។
ខ្ញុំចាប់ផ្តើមយល់ខ្លះៗហើយពីភាពលំបាករបស់អ្នកសារព័ត៌មាន តែទោះយ៉ាងណា វាមិនមែនជាឧបសគ្គនោះទេព្រោះតែសេចក្តីស្រលាញ់ និង ចង់បង្ហាញអោយមហាជនបានទទួលព័ត៌មានពិត ច្បាស់លាស់។ ជាពិសេស ខ្ញុំគិតថា ខ្ញុំមានបេសកម្មមួយគឺ ចូលរួមប្រឆាំងនិង ព័ត៌មានបំពុល ព័ត៌មានក្លែងក្លាយផងដែរ៕