យុវជនជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមនិងសហគមន៍។ នៅកំឡុងពេល៥ឆ្នាំក្រោយនេះយើងមើលឃើញថាមានសន្ទុះនៃការចូលរួមពីយុវជននៅក្នុងបញ្ហានិងចំណេះដឹងសង្គមច្រើនជាងមុន។ តែបើយើងមើលទៅចំនួនយុវជនដែលមាននៅក្នុងប្រទេសកម្ពុជា ប្រៀបធៀបនឹងយុវជនដែលមានការចូលរួមនៅក្នុងបញ្ហាចំណេះដឹងសង្គមនានា យើងមើលឃើញថាយុវជនដែលមានការចូលរួមទៅក្នុងបញ្ហាសង្គម នៅមានចំនួនទាបខ្លាំងមែនទែន។
យុវជនដែលធ្វើការងារយ៉ាងសកម្មទៅលើបញ្ហា បរិស្ថាន យែនឌ័រ និងបញ្ហាផ្សេងៗទៀត មកពីជំនាញ និងសវតាផ្សេងៗគ្នា។ ទោះបីជាមិនមែនជាអ្វីដែលពួកគេរៀនក៏ដោយ តែពួកគេមានឆន្ទៈយ៉ាងមុះមុតដើម្បីចូលរួមដោះស្រាយ ពីព្រោះវាជាសង្គមដែលយើងទាំងអស់គ្នារស់នៅជុំគ្នា។ តែយុវជនមិនសូវមានឱកាសច្រើនក្នុងការបញ្ចញសម្លេងរបស់ខ្លួនតាមរយៈ ការធ្វើយុទ្ធនាការនានា និងការធ្វើការស្រាវជ្រាវផ្សេងៗទេ រួមបញ្ចូលទាំងយុវជនដែលមានសម្លេងភាគតិច ដូចជា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងជនជាតិដើមភាគតិច។ អ្នកដែលមានចំណូលតិច អ្នកដែលត្រូវបានសង្គមប្រកាន់ទៅលើរូបរាងរបស់គាត់ និងអ្នកមានពិការភាពផងដែរ។
ការដែលយើងផ្ដល់នូវឱកាសសម្រាប់យុវជនធ្វើយុទ្ធនាការអ្វីមួយ និងចូលរួមការសិក្សារស្រាវជ្រាវ ឬអនុវត្តន៍ការស្រាវជ្រាវអ្វីមួយ វាដូចជាការពង្រឹងសម្លេង ក៏ដូចជាលើកទឹកចិត្តកាន់តែច្រើនទៅកាន់ពួកគាត់ក្នុងការបង្ហាញសម្លេងរបស់ពួកគាត់។ ជាពិសេសយុវជនដែលធ្លាប់រងគ្រោះទៅលើបញ្ហាអ្វីមួយ និងយុវជនដែលមានសម្លេងភាគតិច វាដូចជាការអនុញ្ញាតិអោយពួកគាត់ស្វែងយល់ពីបញ្ហាដែលធ្លាប់កើតមានលើខ្លួនឯងបានច្រើនជាងមុន ពង្រឹងផ្លូវចិត្តរបស់ពួកគាត់ ក៏ដូចជាធ្វើអោយពួកគាត់អាចការពារខ្លួនគាត់ទៅថ្ងៃមុខទៀត។
វាពិតជាពិបាកប្រសិនបើយើងចង់អោយសង្គមមួយរីកចម្រើនទៅមុខប្រកបដោយគណេយ្យភាព និងសមធម៌ប្រសិនបើយុវជនមិនមានការយល់ដឹងមូលដ្ឋានទៅលើបញ្ហា និងចំណេះដឹងនានានៅក្នុងសង្គម។ សង្គមអាចនឹងមិនមានសាមគ្គីភាពប្រសិនបើយុវជនភាគច្រើនមិនមានការយល់ដឹងពីគ្នាទៅវិញទៅមក។ វាពិតជាប្រសើរណាស់សម្រាប់យុវជនក្នុងការយល់ដឹងមូលដ្ឋានពី សិទ្ធិមនុស្ស យែនឌ័រ សុខភាពផ្លូវភេទ បរិស្ថាន ទំនាស់ អំពើហិង្សារ សន្តិភាព និងសុខភាពផ្លូវចិត្ត។ យុវជនភាគច្រើនណាស់ទោះនៅតាមបណ្ដាខេត្ត និងក្នុងទីក្រុងក៏ដោយមិនទាន់បានយល់ដឹងពីរឿងទាំងអស់នេះ។ ការយល់ដឹងទៅលើរឿងទាំងអស់នេះមិនត្រឹមតែអាចធ្វើអោយសង្គមដែលយើងរស់នៅជុំគ្នាប្រសើរឡើងទេ តែក៏អាចអោយពួកគាត់មានភាពក្លាហានក្នុងការប្រឈមនឹងបញ្ហាអ្វីមួយ អាចដោះស្រាយបញ្ហាទាំងនោះដោយសន្តិវិធី អាចមានភាពចុះសម្រុងនឹងគ្នាក្នុងការប្រស្រ័យទាក់ទងធ្វើការរួមគ្នាមិនថាទាំងក្នុងសង្គម និងគ្រួសាររបស់ពួកគាត់ក៏ដោយ។ ចំណេះដឹងទាំងនេះអាចធ្វើអោយសង្គមប្រកបដោយគណេយ្យភាព និងប្រជាធិបតេយ្យ។
ក្លឹបយុវជនអាចជាធនធានសំខាន់នៅតាមមូលដ្ឋានសម្រាប់ការផ្សព្វផ្សាយ ក៏ដូចជាពង្រឹងការយល់ដឹងនៅតាមសហគមន៍មូលដ្ឋាន។ ក្លឹបយុវជនមូលដ្ឋាននានាគួរតែមានការគាំទ្រច្រើនជាងមុន។ ក្លឹបយុវជនមួយចំនួនមិនសូវទទួលបានការគាំទ្រផ្នែកថវិកាក្នុងការធ្វើសកម្មភាពអ្វីមួយនៅក្នុងសហគមន៍របស់គាត់ទេ និងជាចំណេះដឹងបច្ចេកទេសដើម្បីពង្រីក និងពង្រឹងទំហំសមត្ថភាពរបស់គាត់ច្រើនទេ។ ការគាំទ្រក្លឹបយុវជនអាចជាការធ្វើអោយសម្លេងយុវជននៅតាមមូលដ្ឋានមានភាពរឹងមាំ។