យុវជន​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សង្គម​និង​សហគមន៍។ ​នៅ​កំឡុងពេល​៥​ឆ្នាំ​ក្រោយ​នេះ​យើងមើលឃើញថា​មាន​សន្ទុះ​នៃ​ការចូលរួម​ពី​យុវជន​នៅក្នុង​បញ្ហា​និង​ចំណេះដឹង​សង្គម​​ច្រើនជាងមុន។ តែ​បើយើង​មើលទៅ​ចំនួន​យុវជន​ដែល​មាន​នៅក្នុង​ប្រទេសកម្ពុជា ​ប្រៀបធៀប​នឹង​យុវជន​ដែល​មានការចូលរួម​នៅក្នុង​បញ្ហាចំណេះដឹង​សង្គម​នានា ​យើង​មើលឃើញថា​យុវជន​ដែល​មានការចូលរួម​ទៅក្នុង​បញ្ហា​សង្គម​​ នៅមាន​ចំនួនទាប​ខ្លាំងមែនទែន។

យុវជន​ដែល​ធ្វើ​ការងារ​យ៉ាងសកម្ម​ទៅលើ​បញ្ហា ​បរិស្ថាន ​យែនឌ័រ ​និង​បញ្ហា​ផ្សេងៗទៀត​ មក​ពី​ជំនាញ​ និង​សវតា​ផ្សេងៗគ្នា។​ ទោះបីជា​មិនមែន​ជា​អ្វី​ដែល​ពួកគេ​រៀន​ក៏ដោយ​ តែ​ពួកគេ​មាន​ឆន្ទៈយ៉ាងមុះមុត​ដើម្បី​ចូលរួម​ដោះស្រាយ​ ពីព្រោះ​វាជា​សង្គម​ដែល​យើង​ទាំងអស់គ្នា​រស់នៅ​ជុំគ្នា។​ តែ​យុវជន​មិនសូវ​មាន​ឱកាស​ច្រើន​ក្នុង​ការបញ្ចញ​សម្លេង​របស់ខ្លួនតាមរយៈ​ ការធ្វើយុទ្ធនាការ​នានា ​និង​ការធ្វើការស្រាវជ្រាវ​ផ្សេងៗទេ ​រួមបញ្ចូលទាំង​យុវជន​ដែលមាន​សម្លេង​ភាគតិច ដូចជា ​ក្រុម​អ្នកស្រលាញ់ភេទដូចគ្នា ​ជនជាតិដើមភាគតិច​ និងជនជាតិដើមភាគតិច។ ​អ្នកដែល​មានចំណូលតិច​ អ្នកដែល​ត្រូវបាន​សង្គម​ប្រកាន់​ទៅលើ​រូបរាង​របស់គាត់ ​និង​អ្នកមានពិការភាព​ផងដែរ។

ការ​ដែល​យើង​ផ្ដល់​នូវ​ឱកាស​សម្រាប់​យុវជន​ធ្វើ​យុទ្ធនាការ​អ្វីមួយ ​និង​ចូលរួម​ការសិក្សារ​ស្រាវជ្រាវ​ ឬ​អនុវត្តន៍​ការស្រាវជ្រាវ​អ្វីមួយ​ វា​ដូចជា​ការពង្រឹង​សម្លេង​ ក៏ដូចជា​លើកទឹកចិត្ត​កាន់តែច្រើន​ទៅកាន់​ពួកគាត់​ក្នុងការ​បង្ហាញ​សម្លេង​របស់​ពួកគាត់។​ ជាពិសេស​យុវជន​ដែលធ្លាប់រងគ្រោះ​ទៅលើ​បញ្ហា​អ្វីមួយ ​និង​យុវជន​ដែល​មានសម្លេងភាគតិច​ វា​ដូចជាការអនុញ្ញាតិអោយ​ពួកគាត់​ស្វែងយល់​ពីបញ្ហា​ដែលធ្លាប់កើតមាន​លើ​ខ្លួនឯង​បានច្រើនជាងមុន ​ពង្រឹង​ផ្លូវចិត្ត​របស់​ពួកគាត់ ​ក៏ដូចជា​ធ្វើអោយ​ពួកគាត់​អាច​ការពារ​ខ្លួនគាត់​ទៅថ្ងៃមុខទៀត។

វា​ពិតជា​ពិបាក​ប្រសិនបើ​យើង​ចង់អោយ​សង្គម​មួយ​រីកចម្រើន​ទៅមុខ​ប្រកបដោយ​គណេយ្យភាព ​និង​សមធម៌​ប្រសិនបើ​យុវជន​មិនមាន​ការយល់ដឹង​មូលដ្ឋាន​ទៅលើ​បញ្ហា​ និង​ចំណេះដឹង​នានា​នៅក្នុង​សង្គម។ ​សង្គម​អាចនឹង​មិនមាន​សាមគ្គីភាព​ប្រសិនបើ​យុវជន​ភាគច្រើន​មិនមាន​ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅមក។​ វា​ពិតជា​ប្រសើរណាស់​សម្រាប់​យុវជន​ក្នុងការ​យល់ដឹង​មូលដ្ឋាន​ពី ​សិទ្ធិមនុស្ស​ យែនឌ័រ ​សុខភាពផ្លូវភេទ ​បរិស្ថាន ​ទំនាស់​ អំពើហិង្សារ ​សន្តិភាព​ និង​សុខភាពផ្លូវចិត្ត។​ យុវជន​ភាគច្រើនណាស់​ទោះនៅតាម​បណ្ដាខេត្ត ​និង​ក្នុង​ទីក្រុង​ក៏ដោយ​មិនទាន់​បានយល់ដឹង​ពី​រឿង​ទាំងអស់នេះ។​ ការយល់ដឹង​ទៅលើ​រឿង​ទាំងអស់នេះ​មិនត្រឹមតែអាច​ធ្វើអោយ​សង្គម​ដែល​យើង​រស់នៅ​ជុំគ្នា​ប្រសើរឡើងទេ​ តែ​ក៏អាច​អោយ​ពួកគាត់​មាន​ភាពក្លាហាន​ក្នុងការ​ប្រឈម​នឹង​បញ្ហា​អ្វីមួយ ​អាច​ដោះស្រាយ​បញ្ហាទាំងនោះ​ដោយ​សន្តិវិធី ​អាច​មាន​ភាពចុះសម្រុង​នឹង​គ្នា​ក្នុង​ការប្រស្រ័យ​ទាក់ទង​ធ្វើការ​រួមគ្នា​មិនថា​ទាំងក្នុង​សង្គម​ និងគ្រួសារ​របស់ពួកគាត់​ក៏ដោយ។ ​ចំណេះដឹង​ទាំងនេះ​អាច​ធ្វើអោយ​សង្គម​ប្រកបដោយ​គណេយ្យភាព និង​ប្រជាធិបតេយ្យ។

ក្លឹប​យុវជន​អាចជា​ធនធាន​សំខាន់​នៅតាម​មូលដ្ឋាន​សម្រាប់​ការផ្សព្វផ្សាយ​ ក៏ដូចជា​ពង្រឹង​ការយល់ដឹង​នៅតាម​សហគមន៍​មូលដ្ឋាន។​ ក្លឹប​យុវជន​មូលដ្ឋាន​នានា​គួរតែ​មាន​ការគាំទ្រ​ច្រើន​ជាងមុន។​ ក្លឹប​យុវជន​មួយចំនួន​មិនសូវ​ទទួលបានការគាំទ្រ​ផ្នែកថវិកា​ក្នុង​ការធ្វើសកម្មភាព​អ្វីមួយ​នៅក្នុង​សហគមន៍​របស់គាត់ទេ ​និងជា​ចំណេះដឹង​បច្ចេកទេស​ដើម្បីពង្រីក​ និង​ពង្រឹង​ទំហំសមត្ថភាព​របស់គាត់​ច្រើនទេ។​ ការគាំទ្រ​ក្លឹប​យុវជន​អាចជា​ការធ្វើអោយ​សម្លេង​យុវជន​នៅតាមមូលដ្ឋាន​មានភាព​រឹងមាំ។