ព្រះអាទិត្យតែងតែរះនៅពេលព្រឹក ហើយលិចទៅវិញនៅពេលរសៀល គ្មាននរណាម្នាក់ដែលអាចឃាត់បានទេ។ វាជាដំណើរធម្មជាតិ ឬយើងអាចនិយាយបានថាជាតួនាទីរបស់ព្រះអាទិត្យ ដែលធម្មជាតិ បានបង្កើតមក ។ ម្យ៉ាងវិញទៀតភាពស្រស់ស្អាតរបស់ ព្រះអាទិត្យនៅពេលជិតអស្តង្គត ក៏បានទាញយកចំណាប់អារម្មណ៍របស់មនុស្សជាទូទៅ ផងដែរ។
ជីវិតជាអ្នកសារព័ត៌មាន ក៏មិនខុសអ្វីពីព្រះអាទិត្យដែរ តាំងពីភ្ញាក់ពីដំណេក រហូតដល់បិទភ្នែក ចូលគេងវិញ។ តើយើងបាន បំពេញតួនាទី ជាអ្នកសារព័ត៌មានហើយឬនៅ?
តួនាទីរបស់យើងគឺត្រូវស្វែងរកព័ត៌មានពិត មានប្រយោជន៍ និងប្រភពដែលច្បាស់លាស់ដើម្បីផលិតជាដំណឹងផ្សាយជូនមហាជនដោយគោរពនូវវិជ្ជាជីវៈ។
ព័ត៌មានដែលមិនលម្អៀង ពិតជាសំខាន់ណាស់។ វាជាការបើកបង្ហាញនូវរឿងពិត ដូចជាព្រះអាទិត្យដែលកំពុងតែរះ ដើម្បីបំភ្លឺពិភពលោកយ៉ាងដូចច្នោះដែរ។ ជាពិសសគឺទុកជាឯកសារសម្រាប់ការសិក្សាស្រាវជ្រាវរបស់មនុស្សទូទៅ។
ជាកាពិតនៅពេលដែលធ្វើជាអ្នកសារព័ត៌មានឯករាជ្យពិតជាលំបាក ព្រោះអាចប្រឈមនិងការគំរាមគំហែងពីភាគីណាមួយដែលពួកគេមិនពេញចិត្ត ចំពោះយើង។ ប៉ុន្តែនេះជាតួនាទីរបស់ អ្នកសារព័ត៌មាន ។
រឿងរ៉ាវជាច្រើនតែងកើតមាន ជារៀងរាល់ថ្ងៃ ដូចជា ការបំពានសិទ្ធិសេរីភាព បញ្ហាដីធ្លី ករណីឆបោក អំពើរហិង្សាជាដើម បានបង្កអោយភាគីម្ខាងរងនូវភាពអយុត្តិធម៌។ វាជាហេតុធ្វើអោយពួកគាត់ត្រូវការ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដើម្បីបង្ហាញរឿងពិត និងរកយុត្តិធម៌សម្រាប់ពួកគាត់។
ដូចនេះមានតែអ្នកសារព័ត៌មានឯករាជ្យទេដែលទទួលនូវភារកិច្ចទាំងអស់នេះមកបង្ហាញជាសាធារណៈ ប្រៀបដូចជាព្រះអាទិត្យដែលកំពុងតែរះបំភ្លឺពិភពលោកទាំងមូល។
ទោះបីជាអស្តង្គតផុតទៅ ក៏បានបន្សល់ទុកនូវភាពស្រស់ស្អាតសម្រាប់មនុស្សជាតិផងដែរ។