សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទតារា ជាសិក្ខាកាម ជំនាន់ទី៤ នៃវគ្គសិក្សារសារព័ត៏មានរបស់ Newsroom Cambodia។
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយក្នុងការចែករំលែកពីចំណាប់អារម្មណ៍និងបទពិសោធន៍របស់ខ្ញុំក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃថ្នាក់សិក្សារនៅ Newsroom Cambodia។
នេះជាលើកដំបួងរបស់ខ្ញុំ ក្នុងការសិក្សាអំពីវិជ្ជាជិវៈសារព័ត៌មាន ហើយពេលចូលមកដល់ថ្នាក់ភ្លាម ខ្ញុំមានអារម្មណ៍ថាប្លែកៗក្នុងចិត្ត ហើយក៏រំភើបណាស់ដែរ ព្រោះនេះជាអ្វីដែលខ្ញុំស្រលាញ់ និងចង់រៀនជាយូរមកហើយ។
ពួកយើងមានគ្នាទាំងអស់ ១៥នាក់ ដែលមកពីស្ថាប័នខុសៗគ្នា រួមមានព្រះសង្ឃ បីព្រះអង្គផងដែរ។
ខ្ញុំមានអារម្មណ៍ថា ពួកយើងឆាប់និយាយចុះសម្រុងគ្នាណាស់ ព្រោះត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះពួកយើងស្គាល់គ្នាអស់ទៅហើយ។
ខ្ញុំសប្បាយចិត្តក្នុងការសិក្សាជាមួយលោកគ្រូ អ្នកគ្រូររបស់ខ្ញុំ ទាំង៣នាក់។ ពួកគាត់រួសរាយ ព្រមទាំងបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ របស់ពួកគាត់ដល់ពួកយើងដោយរីករាយ។
ទោះបីពេលខ្លះលំបាកបន្តិចមែន ដោយសារតែវិជ្ជាជីវៈសារព័ត៌មាន ជាចំណេះដឹងថ្មីរបស់ខ្ញុំ តែខ្ញុំរីករាយនឹងមកទីនេះ។
ខ្ញុំមិនដែលគិតថា នឹងត្រូវចុះទៅយកព័ត៌មានផ្ទាល់ក្នុងពេលលឿនយ៉ាងនេះទេ។សិក្សាបាន តែ៣ថ្ងៃ ខ្ញុំនិងសិក្ខាកាមដទៃ បានចុះទៅយកព័ត៌មាននៅតាមទីតាំងរៀងៗខ្លួន ដែលនេះជាផ្នែកមួយនៃកិច្ចការដែលលោកគ្រូ អ្នកគ្រូបានដាក់ក្នុងគោលបំណងអនុវត្តផ្ទាល់បន្ទាប់ពីសិក្សាទ្រឹស្តីរួច។
អារម្មណ៍ភ័យផង សប្បាយផង ព្រោះជាការចុះទៅយកព័ត៌មានលើកដំបូង តែអ្វីៗដំណើរការទៅបានរលូន។ ខ្ញុំ និងសិក្ខាកាមដទៃ បានសម្រេចគោលដៅបានយ៉ាងជោគជ័យ។
សរុបមកមួយសប្តាហ៍ដំបូងនៅ Newsroom Cambodia ជាបទពិសោធន៍ជីវិតដ៏ថ្មីសន្លាងមួយនិងជាការចងចាំមួយដ៏ល្អ។
ខ្ញុំរំពឹងនឹងទទួលបានចំណេះដឹង ព្រមទាំងបទពិសោធន៍ល្អៗជាច្រើនទៀតពីលោកគ្រូ អ្នកគ្រូនៅក្នុងរយៈ ពេល៣ខែ។