ជារៀងរាល់​ឆ្នាំ នា​ចុង​ខែ​តុលា ឬ​ដើ​មខែ​វិច្ឆិកា ពោល​គឺ​​នៅ​​ពេល​ទឹ​ក​ទន្លេ​មេគង្គ​​ចាប់​​ផ្ដើម​ស្រក​​​ចុះ​​ទៅ​វិញ កសិករនៅ​ឃុំ​កោះសូទិន​មានភាពមមាញឹក​ក្នុង​ការដាំថ្នាំជក់ដោយ​មាន​ការងារ​​ជាច្រើន​​ដែល​ត្រូវ​ធ្វើ ដូចជា រៀបចំ​ថ្នាល​ដើម្បី​សាបកូនថ្នាំ រៀបចំ​ដី​ចម្ការ​​ដើម្បី​ហាល​​ដី​ឲ្យ​ស្ងួតជាដើម។ ចំពោះ​ដំណាក់កាល​នីមួយៗ នាងខ្ញុំនឹងរៀបរាប់​ជូន​ដូច​ខាង​ក្រោម៖​

ដំណាក់កាលសាប និងស្ទូងកូនថ្នាំ

ជាទូទៅ កសិករ​ត្រូវ​លើក​រង​ជា​ថ្នាល​សម្រាប់​ការ​សាប​កូនថ្នាំ បន្ទាប់​មក​គឺ​ត្រូវ​យក​គ្រាប់​ថ្នាំ​ដែល​ត្រូវ​សាប​ទៅ​ដាក់​ត្រាំ​ទឹក​មួយ​ថ្ងៃមុន រួចទើប​យកមក​សាប​ដើម្បី​ឲ្យ​គ្រាប់​ថ្នាំ​ឆាប់ដុះ។ នៅពេលដែលយើង​សាប​រួច ត្រូវថែទាំ​ស្រោច​ទឹក​រាល់​ថ្ងៃ​រយៈពេល​ប្រហែល​មួយខែ ទើប​យើង​​ដកកូនថ្នាំ​ដែល​សាប​នេះ​យក​ទៅ​ស្ទូង​នៅ​លើ​ថ្នាល​ថ្មី​មួយ​ទៀត។ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​កូនថ្នាំ​ស្ទុះ​ធំលឿន។ នៅពេល​ស្ទូង​រួច​ យើង​ត្រូវបាចអង្កាម​ និង​យក​ក្រណាត់មកគ្រប​ពី​លើ​រយៈពេល​​​ម្ភៃ​ថ្ងៃ កូនថ្នាំបាន​ប្រវែង​ប្រហែល​មួយចង្អាម​ ល្មមនឹងអាចដកកូនយក​ទៅ​ដាំ​នៅ​ចម្ការ​បាន ។

ដំណាក់កាល​ដក​កូន​ថ្នាំ​ទៅ​ដាំ​នៅ​ចម្ការ

នៅក្នុង​ដំណាក់​កាល​​នេះ ប្រជាកសិករ​​ត្រូវ​​ភ្ជួរ​ដី​ចម្ការ​ រាស់​ឲ្យដីធូរ និង​សម្អាត​ស្មៅ​ ឬសំរាម​ចេញ បន្ទាប់មកទុក​ដី​ឲ្យ​ស្ងួត រួច​ហើយ​​ឆូត​​ដោយ​នង្គ័ល​ជា​ជួរៗ ​ដើម្បី​​បុក​រណ្ដៅ​ប្រវែងកន្លះ​ម៉ែត្រ​មួយៗសម្រាប់ដាំកូនថ្នាំ។ នៅពេលដែលដាក់ដាំរួច ត្រូវថែទាំដាក់ទឹក ដាក់ជី និង​ភ្ជួរ​ឆូត​ដី​នៅចន្លោះរង​ថ្នាំ​ ដើម្បី​ជ្រោយដី​នៅ​តាម​គល់ដើមថ្នាំ នៅ​ពេល​ថ្នាំ​បាន​កម្ពស់​ត្រឹម​ជង្គង់។ ជំហាន​បន្ទាប់ គឺ​យើង​ត្រូវក្រៀវ​ត្រួយ​ថ្នាំ​​កុំឲ្យ​វា​លូត​ខ្ពស់ជ្រុល​ពេក រហូត​ដល់​ថ្នាំ​ចាស់​សន្លឹក អាច​​កាច់​​បាន យកទៅចំហុយ​នៅក្នុង​ឡ។

ដំណាក់កាល​កាច់សន្លឹកថ្នាំ​យក​ទៅ​ដាក់​ឡ​ចំហុយ

នៅពេល​​ដែល​សន្លឹក​ថ្នាំ​មាន​សភាព​ចាស់​ ប្រជាកសិករ​ទាំង​អស់​នាំ​គ្នា​ប្រមូលផល កាច់​សន្លឹក​ថ្នាំ​​យក​មក​ផ្ទះ ជួល​ឲ្យ​គេ​ដោត​សន្លឹកថ្នាំ​ចូល​ក្នុង​ចង្កាក់​ដោយ​មួយ​ចង្កាក់​កំណត់​យក​ត្រឹម​ប្រាំ​បី​​ទៅ​ដប់​សន្លឹក​តែ​ប៉ុណ្ណោះ ។ នៅពេលដែលដោតសន្លឹករួច គឺ​ត្រូវ​ជញ្ជូន​ចូល​ទៅ​ក្នុង​​ឡ​ដើម្បី​ចំហុយ​ឲ្យ​ឆ្អិន​សន្លឹក ទៅជាសន្លឹកក្រៀមល្អ បន្ទាប់មក​រយៈពេលប្រាំថ្ងៃ ពេល​ដែល​​សន្លឹក​​ថ្នាំ​​ឆ្អិន​​ល្អ​ហើយ យើង​​បញ្ចេញ​មក​ក្រៅ​​ឡ​ រួច​​ហើយ​​យក​​សន្លឹក​ថ្នាំ​​ឆ្អិន​​នេះ​ទៅ​គ្រីប​ដាក់ក្នុង​ជង្រុក​​ទុក​សម្រាប់​លក់​ឲ្យ​​ឈ្មួញ ឬ​​ក្រុមហ៊ុន​ទិញ​ថ្នាំ។ សម្រាប់​​រាល់​​ឆ្នាំ ចំពោះ​តម្លៃ​​ សន្លឹក​ថ្នាំ​លេខ​មួយ​(ល្អ) ​មួយ​គីឡូ​តម្លៃ​ប្រាំពាន់ ទៅប្រាំពីរ​ពាន់​រៀល រីឯ​សន្លឹក​ថ្នាំ​លេខ​បី(មធ្យម) ក្នុង​មួយ​គីឡូ ត្រឹមតែបី​ ទៅ​បួន​ពាន់រៀលប៉ុណ្ណោះ។

បញ្ហា​ប្រឈម​របស់​កសិករ​ថ្នាំ​ជក់

នៅចុងបញ្ចប់ ខ្ញុំនឹងរៀបរាប់ពី​បញ្ហាប្រឈម​មួយចំនួន​របស់​កសិករ​​ថ្នាំជក់ ដោយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ ខ្វះខាត​​កម្លាំង​ពលកម្ម​ ពិបាក​​ក្នុង​​ការស្វែង​រក​​កូន​​ឈ្នួល​​មក​​ជួយ។ រីឯ​បញ្ហា​ប្រឈម​ទីពីរ គឺ​ទាក់ទងនឹង​តម្លៃ ឆ្នាំ​ខ្លះ​បាន​តម្លៃ​ថ្លៃ​ ប្រជាក​សិករ​ទទួល​​បាន​​ប្រាក់​ចំណេញ​គួរ​សម​​ សម្រាប់​​ធ្វើ​​​ជា​​ដើម​​ទុន​ទៅ​ឆ្នាំ​ក្រោយ ប៉ុន្តែឆ្នាំខ្លះ​វិញ​ក៏​បាន​តម្លៃ​ទាប (ថោក) ដែលធ្វើ​ឲ្យ​​ប្រជាកសិករ​ខ្វះខាត​​លុយ​​ធ្វើ​​ដើម​ទុ​ន​​ឡើង​វិញ ដែល​អាច​ឈានទៅ​ដល់​ការខ្ចី​ប្រាក់​ពី​មីក្រូ​​ហិរញ្ញវត្ថុ ឬ​​ធនាគារ ដើម្បី​​ធ្វើ​​ជា​​ទុន និង​​សម្រាប់​​ចិញ្ចឹម​​ជីវភាព​ផង​ដែរ។

គេ​អាច​​នឹង​ចោទ​​ជា​សំណួរ​​ថា បើ​​ធ្វើ​​មិន​ចំណេញ ហេតុអ្វី​​ក៏​កសិករ​​យើង​​នៅ​តែ​បន្ត​​លើ​​មុខ​របរ​​មួយ​​នេះ​ទៀត? កន្លង​មក​ក៏​មាន​​អ្នក​​បោះបង់​​មុខ​របរ​​ធ្វើ​ចម្ការ​ថ្នាំ​ជក់ជាហូរហែដែរ ដោយ​សារ​​ពួកគេ​ខ្លះបាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការនៅប្រទេសថៃ ខ្លះទៅធ្វើ​ការ ឬរកស៊ី​នៅខេត្ត​ផ្សេងៗ ប៉ុន្តែ ក៏នៅមាន​អ្នកខ្លះ​​បន្ត​​តស៊ូ​លើ​មុខរបរ​នេះ​ផងដែរ ដោយ​មិន​ចង់​រស់​នៅ​បែក​បាក់​គ្រួសារ​ប្រពន្ធ​កូន ហើយ​ម្យ៉ាងមុខរបរដាំថ្នាំជក់នេះជារបរ​បន្តពីដូនតាមក ។

សព្វថ្ងៃ ចំពោះកសិករ​ដែល​​តស៊ូ​ធ្វើចម្ការថ្នាំជក់ ពួកគាត់ខិតខំ​ហត់ខ្លាំងណាស់ ដោយ​មានដាំ​ជាដំណាំ​តាមរដូវ​កាល​ផ្សេងទៀត ដូចជា ពោត និង​ការចិញ្ចឹម​គោ​ ជាដើម ដើម្បី​បាន​ចំណូល​បន្ថែម៕