ខ្ញុំ និងសិក្ខាកាមដទៃទៀតរបស់ Newsroom Cambodia កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញាឆ្នាំ២០២០នេះ បានចូលរួមស្តាប់ និងទទួលយកការចែករំលែកបទពិសោធន៍ ព្រមទាំងចំណេះដឹងខ្លះៗ នៃការថតរូបក្នុងវិស័យសារព័ត៌មានពីសំណាក់លោក ព្រីង សំរាំង អតីតអ្នកថតរូបទីភ្នាក់ងារសារព័ត៏មាន រ៉យទ័រ ប្រចាំនៅកម្ពុជា។
គាត់មានបទពិសោធទ៍ជាច្រើនឆ្នាំក្នុងវិស័យនេះ ហើយលោកបានពន្យល់ពីការថតរូបព័ត៌មានថា មានលក្ខណៈខុសប្លែកពីការថតរូបក្នុងវិស័យផ្សេងៗទៀត ដូចជាការថតរូបបែប Pre-wedding ឬបែបទេសភាព
ការថតរូបក្នុងវិស័យសារព័ត៌មានទាមទារឲ្យយើងមានភាពអំណត់ និងមានភាពរហ័សរហួន ប្រុងប្រៀបជាប់ជានិច្ច ទើបអាចផ្តិតយកសកម្មភាពដែលកើតឡើងបានទាន់ពេល។
ពេលខ្លះការថតរូបក្នុងវិស័យនេះ ទាមទារឲ្យយើងមានភាពច្នៃប្រឌិតទើបរូបដែលយើងទទួលបានមានលក្ខណៈប្លែកពីគេ និងមានភាពទាក់ទាញ។
ការស្គាល់ពីម៉ាស៊ីនថតរបស់យើងឲ្យបានច្បាស់ ដឹងពីសមត្ថភាពរបស់វា ស្គាល់ពីស្ថានភាព និងទីតាំងដែលខ្លួនឯងកំពុងស្ថិតនៅ លើសពីនេះទៅទៀត ដឹងពីកំរិតនៃពន្លឺ និងការជះពន្លឺពីព្រះអាទិត្យ ជាកត្តាសំខាន់ដែលជួយឲ្យរូបភាពមានគុណភាពខ្ពស់។
រូបថតដែលយកមកប្រើក្នុងអត្ថបទសារព័ត៌មាន ពុំអនុញ្ញាតឲ្យយើងយករូបដែលថតហើយមកកែប្រែ ថែមថយពណ៌ ឬពន្លឺនោះទេ គេតម្រូវអោយប្រើប្រាស់រូបភាពដើម ដែលចេញពីម៉ាស៊ីនថតផ្ទាល់តែម្តង (original photo)។
យើងអាចកំណត់ពន្លឺ ឬពណ៌នៅក្នុងម៉ាស៊ីនថតរបស់យើងបានតែម្តងប៉ុណ្ណោះ ពោលគឺនៅមុនពេលដែលយើងថតចេញជារូបភាព។
លោកបានបញ្ជាក់បន្ថែមដែរថា ការផលិតរូបបានល្អ ក៏ទាមទារអោយយើងសហការគ្នាឲ្យបានល្អ រវាងអ្នកថត និងអ្នកសរសេរអត្ថបទផងដែរ។
អ្នកថតត្រូវយល់ច្បាស់ពីខ្លឹមសាររបស់អត្ថបទថាកំពុងនិយាយពីអ្វី អ្នកសរសេរអត្ថបទដូចគ្នា ត្រូវពន្យល់ប្រាប់ទៅអ្នកថតពីអត្ថន័យរបស់ព័ត៌មាន ទើបព័ត៌មានមួយផ្សាយចេញមកទទួលបានការចាប់អាម្មណ៍ទាំងខ្លឹមសារ ទាំងរូបភាព៕