កាលពីខ្ញុំរៀននៅថ្នាក់ទី៦ នៃអនុវិទ្យាល័យអង្គជុំ ស្ថិតនៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ពេលនោះចំម៉ោងកសិកម្ម លោកគ្រូ អ្នកគ្រូក៏បាននាំកូនសិស្សដាំដើមឈើនៅក្នុងសាលា ព្រោះសាលាទើបតែសាងសង់រួចរាល់ថ្មីៗ មិនមានដើមឈើអ្វីទាំងអស់។
នៅពេលនោះ លោកគ្រូ អ្នកគ្រូគាត់បានប្រាប់ខ្ញុំថា ការដាំដើមឈើមានអត្ថប្រយោជន៍ខ្លាំងណាស់ ទី១ វាអាចផ្ដល់ជាជម្រកសម្រាប់អង្គុយលេង ទី២ ជួយកាត់បន្ថយឧស្ម័នកាបូនិច ទី៣ ជួយទាក់ទាញទឹកភ្លៀង ទី៤ ជួយកាត់បន្ថយកំដៅបរិស្ថាននៅក្នុងសាលារៀនរបស់ពួកយើង។
គាត់បានប្រាប់ទៀតថា វាក៏អាចផ្ដល់ជាអនុស្សាវរីយ៍មួយដែលធ្វើឲ្យយើងចងចាំ និងទុកឲ្យសិស្សប្អូនជំនាន់ក្រោយផងដែរ តែពេលនោះខ្ញុំមិនសូវជាយកចិត្តទុកដាក់ និងមិនសូវយល់ពីអត្ថន័យនៃការដាំដើមឈើនោះទេ រហូតមកដល់បច្ចុប្បន្នគឺអស់រយៈពេល១០ ឆ្នាំជាងមកហើយ។
ចំណែកដើមឈើដែលខ្ញុំដាំក៏វាធំៗអស់ហើយដែរ ទើបមកដល់ពេលនេះខ្ញុំក៏បានយល់ពីអត្ថន័យនៃការដាំដើមឈើជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ដែលជាអនុស្សាវរីយ៍មួយដែលដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំ។
គ្រប់ពេលដែលខ្ញុំទៅលេងស្រុកម្ដងៗ ខ្ញុំបានឃើញដើមឈើដែលខ្ញុំបានដាំនោះ គឺខ្ញុំមានអារម្មណ៍ថាដូចជាវានៅថ្មីៗជាប់អារម្មណ៍របស់ខ្ញុំ គឺប្រៀបដូចជាខ្ញុំកំពុងស្ថិតនៅក្នុងពេលវេលាដែលកំពុងដាំដើមឈើជាមួយមិត្តរបស់ខ្ញុំអញ្ចឹង វាពិតជាធ្វើឲ្យយើងចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗ។
ពេលដែលខ្ញុំនៅជាមួយមិត្តរបស់ខ្ញុំនិយាយទៅគឺខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងដែលបន្សល់នូវដើមឈើទុកសម្រាប់ប្អូនៗជំនាន់ក្រោយដើម្បីឲ្យសិស្សជំនាន់ក្រោយយកជាគំរូ និងធ្វើដូចជារូបនាងខ្ញុំផងដែរ។
ជាចុងក្រោយខ្ញុំចង់ឲ្យអ្នកដែលបានឃើញអត្ថបទរបស់ខ្ញុំ ជាពិសេសប្អូនៗដែលរៀននៅអនុវិទ្យាល័យ ឬវិទ្យាល័យ ឱ្យចេះបង្កើតអ្វីដែលជាស្នាដៃរបស់ខ្លួនឯង រួមជាមួយនឹងមិត្តដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ពេលក្រោយ៕