កាលពីខ្ញុំរៀននៅថ្នាក់ទី៦​ នៃអនុវិទ្យាល័យអង្គជុំ ស្ថិតនៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ពេលនោះចំម៉ោងកសិកម្ម លោកគ្រូ អ្នកគ្រូ​ក៏​បាន​នាំ​កូន​សិស្ស​ដាំ​ដើម​ឈើ​នៅ​ក្នុង​សាលា ព្រោះ​សាលា​ទើប​តែ​សាងសង់​រួច​រាល់​ថ្មីៗ​ មិនមាន​ដើម​ឈើ​អ្វី​ទាំង​អស់។

នៅពេល​នោះ លោកគ្រូ អ្នកគ្រូ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ការដាំ​ដើម​ឈើ​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់ ទី១ វា​អាច​ផ្ដល់​​ជា​​ជម្រក​​សម្រាប់​​អង្គុយ​លេង ទី២ ជួយកាត់​បន្ថយ​ឧស្ម័ន​កាបូនិច ទី៣ ជួយ​ទាក់​ទាញ​ទឹក​ភ្លៀង ទី៤ ជួយ​កាត់​បន្ថយ​កំដៅ​បរិស្ថាន​នៅ​ក្នុង​សាលារៀន​របស់​ពួកយើង។

គាត់​បាន​ប្រាប់​ទៀត​ថា វា​ក៏​អាច​ផ្ដល់​ជា​អនុស្សាវរីយ៍​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចងចាំ និង​ទុក​ឲ្យ​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ផង​ដែរ តែ​ពេល​នោះ​ខ្ញុំ​មិ​ន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់ និង​មិន​សូវ​យល់​ពី​អត្ថន័យ​នៃ​ការដាំ​ដើម​ឈើ​នោះ​ទេ​ រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​អស់​រយៈពេល​១០​ ឆ្នាំ​ជាង​មក​ហើយ។

ចំណែក​ដើមឈើ​ដែល​ខ្ញុំ​ដាំ​ក៏​វា​ធំៗ​អស់​ហើយ​ដែរ​ ទើប​មក​ដល់​ពេល​នេះ​ខ្ញុំ​ក៏​បាន​យល់​ពី​អត្ថន័យ​នៃ​ការដាំ​ដើមឈើ​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​មិត្ត​រួម​ថ្នាក់​ដែល​ជា​អនុស្សាវរីយ៍​មួយ​ដែល​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​។

គ្រប់​ពេល​ដែល​ខ្ញុំ​ទៅ​លេង​ស្រុក​ម្ដងៗ ខ្ញុំ​បាន​ឃើញ​ដើមឈើ​ដែល​ខ្ញុំ​បាន​ដាំ​នោះ គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​វា​នៅ​ថ្មីៗ​ជាប់​អារម្មណ៍​របស់​ខ្ញុំ គឺ​ប្រៀប​ដូច​ជា​ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​ពេល​វេលា​ដែល​កំពុង​ដាំ​ដើមឈើ​ជាមួយ​មិត្ត​របស់​ខ្ញុំ​អញ្ចឹង វា​ពិត​ជា​ធ្វើ​ឲ្យ​យើង​ចងចាំ​នូវ​អនុស្សាវរីយ៍​ដ៏​ល្អៗ។

ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​មិត្ត​របស់​ខ្ញុំ​និយាយ​ទៅ​គឺ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ដែល​បន្សល់​នូវ​ដើមឈើ​ទុក​សម្រាប់​ប្អូនៗ​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​សិស្ស​ជំនាន់​ក្រោយ​យក​ជា​គំរូ និង​ធ្វើ​ដូចជា​រូប​នាង​ខ្ញុំ​ផង​ដែរ។

ជាចុងក្រោយ​ខ្ញុំចង់​ឲ្យ​អ្នក​ដែល​បាន​ឃើញ​អត្ថបទ​របស់​ខ្ញុំ​ ជាពិសេស​ប្អូនៗ​ដែល​រៀន​នៅ​អនុវិទ្យាល័យ ឬ​វិទ្យាល័យ ឱ្យ​ចេះ​បង្កើត​អ្វី​ដែល​ជា​ស្នាដៃ​របស់​ខ្លួន​ឯង រួម​ជាមួយ​នឹង​មិត្ត​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​​សម្រាប់​ពេលក្រោយ៕​