ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាននៅក្នុងសង្គមភាគច្រើនយល់ឃើញថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ក្រៅពីជាយានសម្រាប់នាំសារហើយ ពួកគេក៏ជាផ្នែកមួយរួមចំណែកក្នុងការកែទម្រង់ភាពអសកម្ម ឬការខ្វះចន្លោះនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថែមទៀតផង។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមអ្នកសារព័ត៌មានមួយចំនួនក៏ត្រូវរងការប្រមាថគំរាមកំហែងពីជនពុករលួយ និងមានពេលខ្លះអ្នកសារព័ត៌មានត្រូវគេចាត់ទុកថា គឺជាឆ្អឹងទទឹងកទៅវិញ។
បើទោះជាក្រុមអ្នកសារព័ត៌មានដឹងថា ខ្លួនត្រូវធ្វើការដោយប្រថុយប្រថានក្នុងបេសកកម្មដ៏គ្រោះថ្នាក់ក៏ដោយ ដើម្បីសម្រេចគោលដៅនេះ ពួកគេចុះយកព័ត៌មានក្នុងសង្គមត្រូវជម្នះ និងហ៊ានលះបង់ខ្ពស់ក្នុងបុព្វហេតុរុញច្រានស្ថានការណ៍ដែលអួរអាប់ ឬថា រឿងរ៉ាវដែលត្រូវបានមន្ត្រីខិលខូចគេព្យាយាមបិទបាំងពាក់ព័ន្ធផលប្រយោជន៍សាធារណៈ ឬក្នុងហេតុផលអំពើពុករលួយណាមួយ។
ក្រុមអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយយល់ឃើញថា អ្នកសារព័ត៌មានមិនមែនត្រឹមតែដើរតួនាទីក្នុងនាមជាអ្នកប្រមូលស្រាវជ្រាវរុករក ឬថា តាមប្រម៉ាញ់ព័ត៌មាន ដើម្បីបានចុះផ្សាយនៅក្នុងអង្គភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលជួយកែទម្រង់ដ៏ស៊ីជម្រៅបន្ថែមទៀតក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរ ភាពខ្វះចន្លោះទៅលើកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល។
ជាការពិតណាស់ អ្នកសារព័ត៌មានបានចូលរួមយ៉ាងសកម្មរួចទៅហើយក្នុងការប្រយុទ្ធប្រឆាំងភាពអសកម្មនានារបស់សង្គម ដោយមិនផ្ដោតចំពោះតែអំពើពុករលួយមួយនោះទេ។ លើសពីនេះ អ្នកសារព័ត៌មានគឺមានសារសំខាន់ខ្លាំងណាស់ក្នុងការជំរុញឲ្យអ្នកតាក់តែងគោលនយោបាយ មុននឹងធ្វើសេចក្ដីសម្រេចអ្វីមួយត្រូវប្រុងប្រយ័ត្ន ដើម្បីចៀសវាងភាពខុសឆ្គង។
តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានទាំងពេលមុន និងក្នុងពេលបច្ចុប្បន្ន គឺមិនត្រឹមជាអ្នកដែលផ្ដល់ព័ត៌មានប៉ុណ្ណោះទេ ជាងនេះទៀត អ្នកសារព័ត៌មាន មានភារកិច្ចក្នុងការតាមឃ្លាំមើលត្រួតពិនិត្យ និងជាអ្នកសង្កេតការណ៍ដ៏មានប្រសិទ្ធភាព។ កាតព្វកិច្ចដ៏ចម្បងរបស់អ្នកសារព័ត៌មានមួយទៀត គឺក្រៅពីដឹងរឿងដោយខ្លួនឯងផ្ទាល់ ហើយថែមទាំងយករឿងទាំងនោះ លាតត្រដាងជាសាធារណៈថែមទៀតផង បើទោះជារឿងទាំងនោះមានប្រយោជន៍តិច ឬក៏ច្រើនសម្រាប់សង្គមយ៉ាងណាក្ដី។
ជាក់ស្ដែងថ្មីៗកន្លងទៅនេះ មានការរាយការណ៍ថា អាជ្ញាធរខេត្តព្រះវិហារបានបណ្ដែតបណ្ដោយឱ្យមានរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែងនៅតាមដងផ្លូវជាតិលេខ៦២ ខេត្តព្រះវិហារ ដែលអ្នកឃើញហេតុការណ៍ទាំងនោះបានចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើក្នុងដែនជម្រកសត្វព្រៃ។ ហើយក៏មានការលើកឡើងថា មានការប្រើល្បិចកលធ្វើទុកបុកម្នេញដល់អ្នកសារព័ត៌មាន បង្ខំឲ្យអ្នកសារព័ត៌មានដែលមានភារកិច្ចចុះបំពេញបេសកកម្មរងសម្ពាធស្ថិតក្រោមហេតុផលទាំងនេះ ដែលអ្នកសារព័ត៌មានយើងបានកំណត់ថា ជារឿងដែលគួរឲ្យភ័យខ្លាច៕