ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ខ្ញុំជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះសីហនុ ស្ថិតនៅក្នុងខេត្តកំពង់ចាម។ ក្នុងឆ្នាំ២០១៩ដដែល គឺជាឆ្នាំដែលខ្ញុំត្រូវប្រលងសញ្ញាបត្រទុតិយភូមិសម្រាប់ មុខជំនាញដែលខ្ញុំជ្រើសរើសប្រលង នោះគឺផ្នែកវិទ្យាសាស្រ្តពិត។
ឆ្នាំ២០១៩ខ្ញុំបានប្រលងជាប់ជាស្ថាពរ ប៉ុន្តែក្រោយប្រលងជាប់ធ្វើឲ្យខ្ញុំមានអារម្មណ៍ កាន់តែស្មុគ្រស្មាញជាខ្លាំង ព្រោះគ្រួសាររបស់ខ្ញុំបានបង្ខំឲ្យរៀនពេទ្យនៅក្នុងខេត្តកំពង់ចាម។ នៅពេលនោះធ្វើឲ្យខ្ញុំពិបាកសម្រេចចិត្តជាខ្លាំងណាស់ ខ្ញុំក៏បានព្យាយាមពន្យល់គាត់ថាខ្ញុំមិនមានអារម្មណ៍ស្រលាញ់មុខវិជ្ជាពេទ្យនោះទេ។ គាត់បានសួរខ្ញុំថាតើខ្ញុំចង់រៀនអ្វីវិញបើមិនរៀនពេទ្យ? ខ្ញុំបានប្រាប់គាត់ថា ខ្ញុំស្រលាញ់មុខវិជ្ជាច្បាប់ គាត់ក៏បានសម្រេចចិត្តឲ្យខ្ញុំមករៀនច្បាប់នៅ សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ។
ពេលដែលគាត់អនុញ្ញាតឲ្យខ្ញុំមករៀននៅភ្នំពេញ ខ្ញុំសប្បាយចិត្តណាស់ ថ្ងៃចូលរៀន បានខិតជិតមកដល់ ខ្ញុំត្រូវធ្វើដំណើរពីខេត្តកំពង់ចាមឡើងមកភ្នំពេញជាមួយបងស្រីរបស់ខ្ញុំ។ ជិះឡានតាមផ្លូវមកខ្ញុំហាក់មានអារម្មណ៍ឯកា និងក្រៀមក្រំជាខ្លាំងព្រោះតាំងពីតូចដល់ធំមកគឺខ្ញុំមិនដែលបែកពីផ្ទះសូម្បីម្តង ជាពិសេសជាងនេះទៅទៀតគឺខ្ញុំនឹកម៉ាក់របស់ខ្ញុំខ្លាំងបំផុត។ ពេលមកដល់ភ្នំពេញភ្លាមៗ ខ្ញុំបានសម្លឹងទិដ្ឋភាពជុំវិញខ្លួនដែលពោរពេញដោយភាពអ៊ូអរ។
នៅថ្ងៃចូលរៀនដំបូងខ្ញុំបានភ្ញាក់ពីគេងលឿនជាងរាល់ដង ដើម្បីធ្វើដំណើរទៅសាលារៀន ដោយសារជាថ្ងៃចូលរៀនដំបូង។ គ្រាន់តែជិះម៉ូតូទៅសាលាសោះខ្ញុំត្រូវប្រើរយៈពេលជិតមួយម៉ោង ដោយសារតែខ្ញុំមិនធ្លាប់ជិះម៉ូតូនៅភ្នំពេញពីមុនមក ហើយពេលឆ្លងផ្លូវម្តងៗខ្ញុំភ័យស្ទើរជ្រុះព្រលឹងបាត់ពីខ្លួនអស់ទៅហើយ។ នោះគឺជារឿងដែលខ្ញុំចាំមិនភ្លេច។
ពេលចូលអង្គុយក្នុងថ្នាក់រៀន ខ្ញុំបានអង្គុយនៅតុមួយម្នាក់ឯងដែលដាច់ពីគេ ខ្ញុំមាន អារម្មណ៍ថាឯកោណាស់នៅពេលនោះ។ ពេលត្រលប់មកដល់ផ្ទះវិញខ្ញុំស្ងៀមស្ងាត់មិននិយាយស្តីរកអ្នកណាមួយម៉ាត់។ កន្លងទៅបាន១សប្តាហ៍ខ្ញុំបានស្គាល់មិត្តភក្តិជាច្រើន ខ្ញុំចាប់ផ្តើមសប្បាយចិត្ត និងខិតខំរៀនសូត្ររាល់ថ្ងៃ៕