នៅមុនពេលប្រឡងថ្នាក់ទី១២ ខ្ញុំភ័យម្ដង កំពុងប្រឡងខ្ញុំក៏ភ័យម្ដងទៀត ប្រឡងចប់ហើយក៏នៅតែភ័យ មិនដឹងលទ្ធផលជាប់ ឬធ្លាក់។ ពេលប្រកាសលទ្ធផលឮឈ្មោះខ្លួនឯងថាជាប់ សប្បាយចិត្តណាស់ ជប់លៀងផង ដើរលេងផង។ តែសប្បាយចិត្តបានប៉ុន្មានថ្ងៃ ត្រូវគិតរឿងរៀនបន្តនៅសាកលវិទ្យាល័យម្ដង។ បើនិយាយពីសាកលវិទ្យាល័យក៏ច្រើន មុខជំនាញរឹតតែច្រើន មិនដឹងថារៀនមុខជំនាញអ្វី ឬរៀននៅសាកលវិទ្យាល័យមួយណា។
កាលពីបួនឆ្នាំមុន ខ្ញុំជាសិស្សម្នាក់ដែលទើបនឹងប្រឡងជាប់ទី១២ ហើយក៏ជាសិស្សម្នាក់ដែលអត់ដឹងថាខ្លួនឯងគួររៀនអ្វីនៅពេលប្រឡងចប់។ ពេលនោះមិត្តភកិ្តគេបានចូលរៀនអស់ហើយ នៅតែខ្ញុំទេដែលមិនដឹងកោះត្រើយនៅទីណា។
កាលនៅតូច ខ្ញុំក៏ធ្លាប់មានការងារក្នុងក្ដីស្រមៃ និងជំនាញចង់រៀនដែរ។ ដោយសារតែការប្រែប្រួលនៃសង្គម និងមជ្ឈដ្ឋានជុំវិញដែលធ្វើឲ្យចំណង់ចំណូលចិត្តរបស់ខ្ញុំត្រូវផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំបានចំណាយពេល ៣ខែក្នុងការជ្រើសរើសមុខជំនាញសម្រាប់រៀននៅសាកលវិទ្យាល័យ។ វាពិតជាខ្ជះខ្ជាយពេលវេលាយូរខ្លាំងណាស់សម្រាប់ខ្ញុំ ដូច្នេះទើបខ្ញុំសម្រេចចិត្តចែករំលែកអំពីការជ្រើសរើសមុខជំនាញរៀននៅសាកលវិទ្យាល័យ ដើម្បីឲ្យសិស្សប្អូនទី១២ចំណាយពេលខ្លីក្នុងការសម្រេចចិត្តរៀនជំនាញអ្វីមួយ។
តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ការជ្រើសរើសមុខជំនាញសម្រាប់សិក្សាមិនងាយស្រួលនោះទេ។ ប្រសិនបើយើងជ្រើសរើសមុខជំនាញខុស គឺខាតពេលវេលា និងប្រាក់កាស។ មុខជំនាញសម្រាប់សិក្សានៅសាកលវិទ្យាល័យមានសារៈសំខាន់ណាស់ ពីព្រោះនៅពេលដែលយើងរៀនចប់ តម្រូវឲ្យយើងយកមុខជំនាញដែលបានសិក្សារួចទៅអនុវត្តក្នុងសង្គម ហើយវាក៏ជាអាជីពការងារសម្រាប់ពេលអនាគតដែរ។
យើងត្រូវដឹងអំពីចំណង់ចំណូលចិត្ត និងត្រូវសួរខ្លួនឯងថា តើយើងចូលចិត្តធ្វើអ្វីនៅពេលទំនេរ។ តែពេលខ្លះយើងក៏មិនបានចាប់អារម្មណ៍អំពីចំណង់ចំណូលចិត្តរបស់យើងដែរ យើងតែងតែគិតថាអីក៏អត់ចូលចិត្ត។ កាលនោះខ្ញុំក៏ធ្លាប់គិតអីចឹងដែរ ក្រៅពីគេង ខ្ញុំអត់ចូលចិត្តធ្វើអ្វីទាំងអស់។ ក្រោយមកខ្ញុំបានប្រើវិធីសាស្រ្តមួយក្នុងការជ្រើសរើសមុខជំនាញ គឺខ្ញុំសរសេរអំពីអ្វីដែលខ្ញុំស្រលាញ់ និងសកម្មភាពដែលខ្ញុំតែងតែធ្វើនៅពេលទំនេរ។ ទោះបីសកម្មភាពខ្លះមើលទៅដូចជាឥតប្រយោជន៍ ក៏នូវតែសរសេរចូលក្នុងក្រដាសដែរ។ បើយើងសរសេរកាន់តែច្រើនកាន់តែល្អ ពីព្រោះវាងាយស្រួលស្វែងយល់អ្វីដែលយើងចូលចិត្តខ្លាំង។
មួយវិញទៀត យើងត្រូវសរសេរអំពីមុខវិជ្ជាដែលយើងស្រលាញ់ និងភាពខ្លាំងរបស់យើងមានដូចជា ទំនាក់ទំនងល្អ ពូកែស្រាវជ្រាវ ពូកែប្រមូលព័ត៌មាន។ល។ បន្ទាប់មកយើងត្រូវសម្រេចចិត្តជ្រើសរើសថា តើមួយណាដែលយើងចូលចិត្ត និងពូកែខ្លាំងជាងគេ នោះយើងនឹងឃើញមុខជំនាញដែលយើងចង់រៀនហើយ។ ប្រសិនបើយើងមិនច្បាស់ អាចធ្វើការស្រាវជ្រាវ សួរនាំមិត្តភកិ្ត និងគ្រួសារបន្ថែម មុនសម្រេចចិត្តជ្រើសរើស។
ឧទាហរណ៍៖ ពេលទំនេរ លោក ក គាត់ចូលចិត្តគូររូប និងមានសិល្បៈក្នុងការច្នៃប្រឌិត។ គាត់តែងតែមានគំនិតថ្មីៗ ហើយគាត់ថែមទាំងមានចំណេះដឹងខាងផ្នែករូបវិទ្យា និងគណិតវិទ្យា។ ដូច្នេះគាត់អាចរៀនមុខជំនាញស្ថាបត្យកម្មបាន។
ទន្ទឹមនឹងនោះ ការជ្រើសរើសសាកលវិទ្យាល័យសម្រាប់រៀនជារឿងកាន់តែសំខាន់។ យើងត្រូវស្រាវជ្រាវតាមបណ្ដាញសង្គមហ្វេសប៊ុក និងស្វែងរកសាកលវិទ្យាល័យណាដែលមានមុខជំនាញដែលយើងចង់រៀន។ ម្យ៉ាងទៀត យើងអាចទៅសួរព័ត៌មានបន្ថែមនៅខាងសាកលវិទ្យាល័យ និងអាចសួរនាំពីអ្នកដែលរៀននៅទីនោះដូចជា បងរបស់មិត្តភក្តិ និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ។ ការស៊ើបសួរបែបនេះ ដើម្បីដឹងអំពីប្រព័ន្ធអប់រំ និងគុណភាព ឬក៏តម្លៃសិក្សាផងដែរ។ យើងត្រូវមាន២-៣សាកលវិទ្យាល័យសម្រាប់ធ្វើការសម្រេចចិត្តជ្រើសរើស ដើម្បីងាយស្រួលក្នុងការថ្លឹងថ្លែង។ ការណ៍ដែលមានជម្រើសច្រើន ប្រសើរជាងមានជម្រើសតែមួយក្នុងដៃ។
ក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញអ្វី យើងត្រូវស្វែងយល់ និងធ្វើការពិចារណាឲ្យបានច្បាស់មុននឹងជ្រើសរើសជំនាញណាមួយ ដើម្បីកុំឲ្យខាតពេលវេលា និងខ្ជះខ្ជាយប្រាក់កាស។ យើងក៏គួរគប្បីសិក្សាពីទីផ្សារឲ្យច្បាស់ និងមានការពិភាក្សាជាមួយនរណាម្នាក់ក៏បាន។ ប៉ុន្តែខ្ញុំមិនមានការលើកទឹកចិត្តឲ្យរៀនតាមគេ រៀនតាមមិត្តភក្តិ ឬក៏គ្រួសារនោះទេ។ យើងគួរដឹងថា ចំណង់ចំណូលចិត្ត និងទេពកោសល្យមនុស្សមានផ្សេងៗគ្នា។ បើយើងមិនសប្បាយចិត្តជាមួយអ្វីដែលយើងរៀន នោះយើងក៏រៀនមិនចេះដែរ ហើយការជ្រើសរើសជំនាញសម្រាប់រៀន គឺជាអាជីពការងារនៅពេលអនាគត។ យើងត្រូវមានការសម្រេចចិត្ត និងដាក់គោលដៅខ្លួនឯង ដើម្បីចៀសវាងនូវការស្ដាយក្រោយ ឬរៀនខុសគោលដៅ៕