Newsroom Cambodia

តើមធ្យោបាយធ្វើសមាធិតាមបែបព្រះពុទ្ធសាសនាបានចូលចំណែកអ្វីខ្លះសម្រាប់ជីវិតប្រចាំថ្ងៃ?

ពុទ្ធសាសនិកកំពុងធ្វើសមាធិនៅវត្តដំរីស ខេត្តបាត់ដំបង ក្នុងថ្ងៃមេឃបូជា។

សមាធិ​គឺជា​សកម្មភាព​​ដែល​គួរ​តែ​មាន​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ។ ការធ្វើ​សមាធិ​នេះ​ត្រូវ​បាន​អនុវត្ត​ជាច្រើន​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ជាពិសេស​​ពុទ្ធ​សាសនិក។ មនុស្ស​មួយចំ​នួន​យល់​ថា សមាធិ​សម្រាប់​អ្នក​សាសនា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​កា​រយល់​ដូច្នេះ​វា​ជារឿ​ង​មួយ​ដែល​មិន​ត្រឹមត្រូវ។

ការធ្វើ​សមាធិ​​ គឺ​​ពិតជា​ចាំបាច់​ណាស់​ដែល​មនុស្ស​ជា​ទូទៅ​ត្រូវ​តែ​មាន​ដើម្បីហ្វឹក​ហាត់​ចិត្ត​ឱ្យ​បាន​ល្អ។

តើសមាធិគឺជាអ្វី?

ពាក្យ​ថា «សមាធិ» មាន​អត្ថន័យ​ថា ជា​ការ​ផ្សាំខ្លួ​ន។ នៅ​ក្នុង​វចនានុក្រម​សម្ដេ​ច​ព្រះសង្ឃ​រាជ ជួន ណាត បាន​ឱ្យ​និយមន័យ​ថា «សមាធិ​គឺ​ដំណើរ​តាំង​ស៊ុប​មាំ​ដោយ​ចិត្ត, ការចុះចិត្តស៊ុប ឬ​ស្លុងចិត្ត​ក្នុង​គន្លង​អារម្មណ៍​ដែល​រំពឹង» ចំណែក​ពាក្យ​នៅក្នុងភាសាទីបេ​គឺ «គុម» (Gom [sgom] ) ដែល​​មាន​ន័យ​បង្កប់​ថា «ការបង្កើត​ទម្លាប់​ជា​ប្រយោជន៍​មួយ»។ ចំពោះ​ភាសា​សំស្រ្កឹត​វិញ គឺ «ភាវនា» (bhavana) ដែល​បង្កប់​អត្ថន័យ​ថា «ការ​ធ្វើ ឬ​ញុំាង​កិច្ច​អ្វី​មួយ​ឱ្យ​កើត​ឡើង»។

ដូច្នេះ​សមាធិ​មាន​ប្រភេទ​ជាក់លាក់​នៃ​សភាព​ចិត្ត ឬ​ឥរិយា​បថ​ដែល​​យើង​ប្រាថ្នា​ចង់​ឱ្យវា​កើតឡើង។ បើ​និយាយក្នុង​ន័យ​មួយ​ទៀត លោក​បណ្ឌិត អាលិចសាឌឺ ប៉ឺស្ស៊ីន ជា​អ្នក​ជំនាញ​ខាង​សមាធិ បាន​ឱ្យ​និយមន័យ​ថា សមាធិ​គឺ «ជា​កា​រ​ធ្វើ​ឱ្យ​សភាព​នៃ​ចិត្ត​ដំណើរការ​ទៅ​តាម​ការគិត និង​ទៅ​តាម​ការរស់នៅ​របស់​យើង»។

ការណែនាំ ឬ​បទ​បង្ហាញ​អំពី​អ្វី​ទៅ​ជា​ទម្លាប់​ជា​ប្រយោជន៍ និង​អ្វី​ទៅ​ជា​មូលហេតុ​នៃ​ការបដិបត្តិ និង​អ្វី​ទៅ​ជា​គោលដៅ​ដើម្បី​បដិបត្តិ​ ធ្វើ​វា​ឱ្យកើ​ត​ឡើង​នោះ គឺអា​ស្រ័យ​ទៅ​តាម​ទំនៀម​នីមួយៗ​ដែល​សមាធិ​ត្រូវ​បាន​គេ​យក​មក​បដិបត្តិ។

បើទោះបីជា​បែប​នេះ​ក្តី វិធីសាស្រ្ត​សមាធិ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ទាំងអស់​គឺ​ចែក​ចេញ​ជា​បី​ដំណាក់​កាល​គឺ៖ ការស្តាប់ ឬការ​ឮសំឡេង ការគិ​ត​ត្រិះរិះ និង​កា​រធ្វើ​សមាធិ​លើ​ដង្ហើម​ចេញ​ចូល។  លោក​បណ្ឌិត អាលិច​សាឌឺ ប៉ឺស្ស៊ីន ថា សមាធិ​ផ្តល់​ឱ្យយើ​ង​នូវ​សតិ​ត្រិះរិះ​ពិ​ចារណា ដែល​កើត​ឡើង​ពី​សមាធិ ជាមួយ​នឹង​សតិ និង​ការ​មាន​សតិ​ពេញ​បរិបូរណ៍ នេះ​យើ​ង​អាច​ចម្រើន​បាន​នូ​វសភាព​ជា​ប្រយោជន៍​នៃ​ចិត្ត ដែល​យើង​ប្រាថ្នា​ចង់​អភិវឌ្ឍន៍ផ្នែ​ក​បញ្ញា​ស្មារតី។

តើ​មាន​ប្រភេទ​សមាធិ​អ្វី​ខ្លះ​ដែល​យើង​អាច​យក​មក​ប្រតិបត្តិ​ចំពោះ​ជីវិ​តប្រចាំ​ថ្ងៃ?

ប្រភេទ​ទីមួយ​នៃ​សមាធិ​គឺ​ការផ្តោត​លើ​អារម្មណ៍​មួយ។ យើង​អាច​ធ្វើកា​រ​ផ្តោត​លើ​អារម្មណ៍​មួយ​ណា​ក៏​បាន ហើយ​អ្វី​ដែល​យើង​កំពុ​ង​តែ​ព្យាយាម​ចម្រើន ឬ​បង្កើត​នៅ​ទីនេះ​ គឺ​ការតាំង​អារម្មណ៍​លើ​កសិណ (ពណ៌​សម្បុរ​​ជា​អារម្មណ៍) ជាក់​លាក់​មួយ។ មិ​នថា​យើ​ងផ្តោ​តអារម្មណ៍​លើ​ចលនា​ដង្ហើម​​ចេញ​ចូល ឬ​ផ្តោត​លើ​ការមើល​ឃើញ​នៃ​រូប​ព្រះពុទ្ធ ឬ​ក៏​ផ្តោត​លើ​ធម្មជាតិ​ណាមួយ​នៃ​ចិត្ត​ក្តី ការផ្តោត​លើ​កសិណ​ទាំងអស់​នេះ​គឺ​ជា​ការ​ផ្តោត​អារម្មណ៍​ជាក់​លាក់​មួយ។

យើង​ត្រូវ​ព្យាយាម​វិភាគ​រិះ​គិត​ទៅ​តាម​វិធី​ជាក់​លាក់​មួយ ឧបមា​ថា ការវិភាគ​រិះ​គិត​ចំពោះ អនិច្ចតា​ធម៌ (របស់​មិន​ទៀង) ជាដើម។ ដោយ​ធ្វើការ​ផ្តោត សតិ​លើ​កសិណ​ជាក់លាក់​មួយ​នេះ​ជាមួយ​នឹង​ការវិភាគ​រិះ​គិត​ផង នឹ​ង​ធ្វើ​ឱ្យ​យើ​ង​យល់​ច្បាស់​ថា អនិច្ចតា​ធ​ម៌​គឺជា​រឿង​ពិត។ ការ​យល់​ឃើញ​ច្បាស់​បែប​នេះ គឺជា​ជំនួយ​ដ៏​មាន​អត្ថប្រយោជន៍​ចំពោះយើ​ង​ដើម្បី​យក​ឈ្នះលើ​ការជាប់​ជំពាក់​លើ​វត្ថុ​អ្វីមួយ​ខ្លាំង​ជ្រុល​ពេក​ថា វា​ឋិតឋេរ​ជា​អមតៈ។ 

ប្រភេទ​ទីពីរ​នៃ​សមាធិ​គឺ​បង្កើត​នូវ​សភាព​នៃ​ចិត្ត​ជាក់លាក់​មួយ​ ឧបមា​ថា៖ ចម្រើន​ក្តី​ស្រឡាញ់ (ករុណា) ឬ​ក្តី​មេត្តា (មេត្តា​ធម៌) ហើយ​រក្សា​ការផ្តោត​លើ​អារម្មណ៍​នោះ ការផ្តោត​សង្កត់​ធ្ងន់​គឺ​មិនមែន​ឋិត​នៅ​លើ​កសិណ ឬ​លើ​បុគ្គល​ដែល​យើង​ផ្តោត​ក្តី​ស្រឡាញ់ និង​ក្តី​មេត្តា​របស់​យើង​ទៅ​រក​នោះ​ទេ តែ​ការផ្តោត​សង្កត់​ធ្ងន់​នៅ​ទីនេះ​គឺ​ត្រូវ​អភិវឌ្ឍន៍​នូវ​អារម្មណ៍​មួយ ការតាំង​ចិត្ត​ឱ្យ​នឹង​មួយ​កន្លែង។  ការរក្សា​ចិត្ត​មួយ​ឱ្យ​នៅ​មួយ​កន្លែង ដោយ​ផ្ដោត​ទៅ​លើ​ក្ដី​ស្រឡាញ់​ដែល​មិន​បង្ក​ប់​ទៅ​ដោយ​ចិត្ត​ទុច្ចរិត តែ​ជា​ចិត្ត​ដែល​មាន​សភាព​បរិសុទ្ធ​ល្អ។

ប្រភេទ​ទីបី​នៃ​សមាធិ គឺ​ត្រូវ​ធ្វើ​ការផ្តោត​ចិ​ត្តលើ​អារម្មណ៍​ជាក់លាក់​មួយ ដោយ​មាន​បំណង​ប្រាថ្នា​ដើម្បី​សម្រេច​គោលដៅ​មួយ​ទាក់​ទង​នឹង​អារម្មណ៍​នោះ។ ឧបមា​ថា៖ ការធ្វើ​ការផ្តោត​ចិត្ត​លើគោ​លដៅ​ជីវិត​ការងារ ឬ​ការត្រាស់​ដឹង​ដែល​មិន​ទាន់​បាន​សម្រេច​របស់​យើង​ផ្ទាល់ ដោយ​មាន​ក្តី​ប្រាថ្នា​ថា «ខ្ញុំ​នឹង​សម្រេច​វា​ឱ្យ​បាន» វិធី​នេះ​ត្រូវ​បា​ន​គេ​ហៅថា​ «ពុទ្ធិចិត្ត​សមាធិ» (Buddhichitta)។ ការសម្រេច​គោលដៅ​របស់​យើង​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ តែ​វា​អាច​កើត​ឡើង ពោល​គឺ​យើង​ជឿជាក់​ថា​វា​អាច​កើត​ឡើង ដោយ​ពឹង​ផ្អែក​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង។ ដូច្នេះ​យើង​ធ្វើការផ្តោតចិត្ត​លើ​គោលដៅ​អនាគត ដោយ​មាន​ក្តីប្រា​ថ្នា​មុ​តមាំ​ថា អាច​សម្រេច​គោលដៅ​នោះ​បាន។ 

ប្រភេទ​ទាំង​បី​នៃ​សមាធិ​នេះ​គឺ​ការអភិវឌ្ឍ​នូវ​ទម្លាប់​ជា​ប្រយោជន៍ ​ដែល​យើង​ប្រាថ្នា​ចង់​ឲ្យកើត​មាន​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។ ប្រការ​ដ៏​សំខាន់​ដែល​ត្រូវ​ចងចាំ​នោះ​គឺ​ថា សមាធិ​មិនមែន​ជា​ប្រភេទ​សកម្មភាព​បន្ទាប់​បន្សំ គ្មាន​សារៈ​សំខាន់​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង​នោះទេ​។ សមាធិ​មិន​មែន​ជា​ប្រភេទ​នៃ​ការគេច​វេស មិនមែន​ជា​ហ្គេម មិនមែន​ជា​ល្បែ​ង​កំសាន្ត​ទេ។ សមាធិ​គឺជា​វិធីសាស្រ្ត​ដើម្បី​ជួយ​យើង​ក្នុង​ការអភិវឌ្ឍ​គុណធម៌​នានា​ដែល​យើង​ប្រាថ្នា​ចង់​ឲ្យ​វា​កើត​មាន​ឡើង​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង ហើយ​ដើម្បី​ឱ្យយើ​ងប្រើ​ប្រាស់​រៀង​រាល់​ថ្ងៃ​បាន។ 

ព្រះមហា​ថេរៈ (ព្រះសង្ឃ) ជនជាតិ​ទី​បេ​ព្រះនាម ត្សុងខាប៉ាមា មាន​ថេរ​ដីកា​អំពី វិធីសាស្រ្ត​ដើម្បី​អភិវឌ្ឍ​នូវ​សភាព​ជាប្រ​យោជន៍​នៃ​ចិត្ត​ដែល​ជា​គ្រឹះយ៉ា​ងមាំ​សម្រាប់​សមាធិ​នោះ​ថា «ជា​បឋម​យើង​ត្រូវ​ដឹង​ថា​អ្វី​ទៅ​ដែល​យើង​កំពុង​ធ្វើ​ការផ្តោត​ចិ​ត្ត​លើ។ ឧទាហរណ៍ មេត្តា (មេត្តាធម៌)។​ ក្នុង​ការផ្តោត​ចិត្ត​លើ​ក្តី​មេត្តា មាន​ន័យ​ថា​យើង​កំពុ​ង​តែ​ធ្វើកា​រផ្តោ​ត​ចិត្ត​លើ​ក្តីទុក្ខ​របស់​មនុស្ស​ដទៃ»។  ដោយ​លោក​បាន​បន្ថែ​ម​ទៀត​ថា «បន្ទាប់​មក​ទៀត​ត្រូវ​ដឹង​ថា​កត្តា ឬ​គុណធម៌​អ្វី​ដើម្បីជួ​យយើងឱ្យ​អភិវឌ្ឍន៍​សភាព​នៃ​ចិត្ត​នេះ​បាន ការធ្វើ​បែប​នេះ​វា​ធ្វើ​ឱ្យ​យើង​មាន​ភាព​រីករាយ​នៅ​ក្នុង​ជីវិត ឬ​ការរួចផុត​ពី​សេចក្ដី​ទុក្ខ​បាន​មួយ​ដំណាក់​កាល​ផង​ដែរ»។

លោក​ក៏​បាន​បន្ថែម​ផ​ងដែរ​អំពី​បញ្ហាប្រឈម​នៅ​ពេល​ធ្វើ​សមាធិ ដោយ​មាន​ថេរដីកា​ថា ការអភិវឌ្ឍ​សមាធិ​ចិត្ត ឬ​មេត្តា​ចិត្ត​នេះ​ បញ្ហា​នោះ​គឺ ការមិន​សូវ​យក​ក្តី​ទុក្ខ​របស់​មនុស្ស​ជា​ទូទៅ។ ដើម្បី​ទប់ទល់​នឹ​ង​ការលេងសើច​នេះ លោក​បន្ត​ថា «មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ក្តីសុខ និង​សប្បាយ​ គ្មាន​បុគ្គល​ណាម្នាក់​ប្រាថ្នា​ក្តី​ទុក្ខ​ទេ គ្មាន​បុគ្គល​ណាម្នាក់​មាន​ក្តី​ប្រាថ្នា​ខុ​សគ្នា​ដើម្បី​រួច​រំដោះ​ពី​ក្តីទុ​ក្ខ​ទេ។ យើង​ទាំងអស់​គ្នា​គឺ​មាន​ក្តី​ប្រាថ្នា​ដូច​គ្នា ហើយ​មនុស្ស​គ្រប់​រូប​មាន​ចិត្ត​ មាន​អារម្មណ៍ ដូច​រូប​ខ្ញុំ​ដែរ អ្នក​ដែល​ទទួល​រ​ង​ទុក្ខ ឈឺចា​ប់​ដូច​ខ្ញុំ​ដែរ ដូច្នេះ​ពួកគេ​ប្រាថ្នា​ចង់​រួច​ផុត​ពី​ក្តីទុ​ក្ខដូ​ចតែ​រូប​ខ្ញុំដែ​រ» ។

សូម​បញ្ជាក់​ផង​ដែរ  ការអប់រំ​ផ្លូវ​ចិត្ត​បាន​ល្អ វា​ជា​ដំណើរការ​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​ចិត្ត​រប​ស់​យើង​​ឱ្យ​រួច​ផុត​ពី​សភាព ស្មុគ​ស្មាញ​  ហើយ​ឈាន​ដល់​សុខុ​មាល​ភាព​ផ្លូវកាយ​ និង​ចិត្ត​៕

Exit mobile version